ជឿថា យើងប្រាកដជាល្អបំផុតសម្រាប់នរណាម្នាក់ ទោះអ្នកផ្សេងមិនត្រូវការយើងក៏ដោយ

មានមនុស្សជាច្រើន តែងតែមានអារម្មណ៍ថា ម្នាក់នេះ ឬម្នាក់នោះមិនត្រូវការខ្លួន ហើយក៏គិតថា ខ្លួនឯងក៏លែងមានតម្លៃអ្វីទៀតដែរ។ គេមានអារម្មណ៍ថា ឈឺចាប់ ឯកា គ្មានអ្នកណាចង់នៅក្បែរ គ្មានអ្នកណាចង់ចូលមកក្នុងជីវិតឡើយ នេះក៏អាចជាចំណុចមួយ ដែលធ្វើឱ្យកើតជំងឺបាក់ទឹកចិត្តដែរ។

ប៉ុន្តែ បើឱ្យក្រឡេកមកគិតឡើងវិញម្ដងទៀត គឺយើងខ្លួនឯងជាអ្នកគិត គិតហើយឱ្យតម្លៃលើខ្លួនឯង ត្រូវចាំថា ទោះគ្មានអ្នកណាត្រូវការយើង ទោះមានតែមនុស្សដែលចាកចេញពីយើងក៏ដោយ តែយ៉ាងណា យើងក៏នៅតែល្អ ហើយមានតម្លៃជានិច្ច ដរាបណា យើងជាមនុស្សល្អ នោះយើងក៏នៅតែមានតម្លៃ។

ម្សិលមិញយើងត្រូវគេបោះបង់ ថ្ងៃនេះយើងត្រូវគេមើលងាយ ថ្ងៃស្អែកយើងត្រូវគេមិនឱ្យតម្លៃ តែជឿថាថ្ងៃណាមួយ យើងប្រាកដជាបានជួបមនុស្សដែលគោរព និងឱ្យតម្លៃយើង​ ទុកយើងសំខាន់ខ្លាំងបំផុតនៅក្នុងជីវិតគេ ជឿថា យើងប្រាកដជាសំខាន់បំផុតសម្រាប់នរណាម្នាក់។ តែរឿងមួយទៀត ដែលរឹតតែសំខាន់នោះគឺ យើងខ្លួនឯង ត្រូវទុកខ្លួនឯងជាមនុស្សសំខាន់បំផុតសម្រាប់ខ្លួនឯង ត្រូវធ្វើខ្លួនឱ្យមានតម្លៃ ធ្វើខ្លួនឱ្យល្អ កុំខ្វល់ពីអ្នកដែលចាកចេញទៅ កុំខូចចិត្តដែលគេមិនឱ្យតម្លៃយើង កុំឈឺចាប់ដែលគេមិនទុកយើងសំខាន់ តែយើងត្រូវធ្វើឱ្យបាន គឺត្រូវធ្វើជាមនុស្សរឹងមាំ ជាមនុស្សខ្លាំងពូកែ ធ្វើខ្លួនឯងឱ្យមានតម្លៃ នឹងមិនខ្វះទេអ្នកត្រូវការយើងនៅថ្ងៃណាមួយ យើងនឹងសំខាន់បំផុតសម្រាប់នរណាម្នាក់ទៅថ្ងៃអនាគត៕

ខ្មែរឡូតសូមរក្សាសិទ្ធិ