កុំស្រលាញ់បានតែសម្ដី កាយវិការបញ្ជាក់ន័យ ទើបរឹតតែមានតម្លៃទ្វេដង

គេថាមនុស្សស្រី តែងចង់ស្ដាប់ពាក្យផ្អែម យកចិត្តគាប់គួរ នាងចូលចិត្តមនុស្សនិយាយពីរោះ សម្ដីផ្អែមត្រជាក់ តែជាក់ស្ដែង កាយវិការយកចិត្តទុកដាក់ទៅវិញទេ ដែលមនុស្សស្រីចង់បានជាង ពាក្យសម្ដី។

ការបញ្ជាក់ពីក្ដីស្រលាញ់ គឺមានច្រើនយ៉ាង ៖

- មនុស្សខ្លះ ប្រើពាក្យសម្ដីដើម្បីបញ្ជាក់ តែកាយវិការបែរជាព្រងើយកន្តើយ។
- មនុស្សខ្លះ ពាក្យសម្ដីហាក់សោះកក្រោះ មិនសូវជាពីរោះផ្អែមល្ហែមទេ តែកាយវិការ និងចិត្តរបស់គេ គឺមានសម្រាប់មនុស្សគេស្រលាញ់គ្រប់ដង្ហើមចេញចូល។
- មនុស្សខ្លះ សម្ដីក៏ផ្អែម កាយវិការក៏ល្អ និយាយរួមគឺដើរស្របគ្នា រវាងពាក្យសម្ដី និងកាយវិការយកចិត្តទុកដាក់។

ប៉ុន្តែក៏មានអ្នកខ្លះទៀត បានតែសម្ដី ជាពិសេសគឺ និយាយពាក្យសន្យា សន្យាខ្យល់ ចំណែកអ្នកខ្លះទៀត ប្រើកាយវិការ ដើម្បីបិទបាំងនូវភាពមិនស្មោះត្រង់ចំពោះដៃគូតែប៉ុណ្ណេាះ។ តែយ៉ាងណា បើបានកាយវិការ និងពាក្យសម្ដីដើរស្របគ្នា វាគឺជាឱសថដ៏សក្តិសិទ្ធ សម្រាប់ស្អំចិត្ត និងរាងកាយមនុស្សស្រី។

មនុស្សស្រីណា ក៏ដូចមនុស្សស្រីណាដែរ គឺនាងសុទ្ធតែចង់បានការស្រលាញ់ លួងលោម ថ្នមថ្នាក់ សម្ដីផ្អែមត្រជាក់ពីដៃគូ ឬមនុស្សដែលនាងស្រឡាញ់ បើទោះបីនាងជាមនុស្សរឹងមាំ ចិត្តរឹងខ្លាំងប៉ុនណាក៏ដោយ៕  

ខ្មែរឡូតសូមរក្សាសិទ្ធិ