ការសិក្សាបង្ហាញថា ការប្រជុំនៅខាងក្រៅអាចជួយអ្នកមានសុខភាពល្អ និងមានប្រសិទ្ធភាពការងារខ្ពស់ (មានវីដេអូ)

បរទេស៖ ប្រសិនបើអ្នកធ្វើការនៅក្នុងការិយាល័យនោះ វាគឺជារឿងធម្មតាទៅហើយដែលអ្នកត្រូវជួបប្រជុំនោះ។ លើសពីនេះទៅទៀត ការប្រជុំម្តងៗគឺត្រូវចំណាយពេលច្រើន ក្នុងការរកគំនិតនិងមធ្យាបាយផ្សេងៗ ក្នុងការដោះស្រាយបញ្ហានានា។

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ការប្រជុំនៅខាងក្រៅអាចជួយផ្លាស់ប្តូរឱ្យអ្នកមានសុខភាពល្អ និងមានប្រសិទ្ធភាពការងារខ្ពស់។ ជាក់ស្តែង ការសិក្សានេះផ្តោតលើតើនឹងមានអ្វីកើតឡើង នៅពេលអ្នកធ្វើការការិយាល័យប្រជុំនៅខាងក្រៅ ដោយការនិយាយគ្នាបណ្តើរដើរណ្តើរ។

ក្នុងនោះការសិក្សានេះបានបង្ហាញថា សមាជិកប្រជុំម្នាក់ៗសុទ្ធសឹងតែមានតួនាទីខុសៗគ្នា ពោលគឺមានទាំងមេដឹកនាំ និងអ្នកពិនិត្យពេលវេលាជាដើម។ ឆ្លងកាត់ការធ្វើតេស្តសាកល្បងបានបញ្ជាក់ថា បុគ្គលិកដែលជួបប្រជុំដោយការដើរបណ្តើរនិយាយគ្នាបណ្តើរ ត្រូវបានរាយការណ៍ថា ពួកគេមានប្រសិទ្ធភាពការងារខ្ពស់ និងមានកម្លាំងច្រើន។

ម្យ៉ាងវិញទៀត ការធ្វើបែបនេះប្រៀបដូចជាការធ្វើលំហាត់ប្រាណអីចឹង។ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា ការដើរប្រមាណ ១៥នាទីជារៀងរាល់ថ្ងៃអាចជួយឱ្យអ្នករស់នៅបានយូររហូតដល់ ៣ឆ្នាំ ឯណោះ។ ខណៈពេលដែលអង្គុយយូរពេកអាចធ្វើឱ្យអ្នកមានជំងឺបេះដូង មហារីក និងឆាប់ស្លាប់ជាដើម។

នៅក្នុងសហរដ្ឋអាមេរិក ការងារដែលតម្រូវឱ្យអ្នកអង្គុយនៅមួយកន្លែងនោះ បាននឹងកំពុងតែកើនឡើងរហូតដល់ ៨៣% ចាប់តាំងពីឆ្នាំ១៩៥០ មកម្ល៉េះ។

យ៉ាងណាមិញ ការប្រជុំនៅខាងក្រៅអាចមានផលប្រយោជន៍ច្រើនហួសពីការរំពឹងទុក។ អ្នកវិទ្យាសាស្រ្តបានរកឃើញថា មនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ នៅពេលកំពុងតែដើរ។

ដូច្នេះនៅពេលយើងប្រជុំនៅខាងក្រៅដោយការដើរបណ្តើរជជែកគ្នាបណ្តើរនោះ វានឹងជួយឱ្យយើងមានប្រសិទ្ធភាពការងារខ្ពស់ និងជួយសុខភាពរបស់យើងផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖