ប្ដីប្រពន្ធ គ្មានឡើយពាក្យថា អាថ៌កំបាំង កុំលាក់បាំង កុំកុហកភូតភរគ្នា

ត្រូវហើយមនុស្សម្នាក់ៗ សុទ្ធតែមានរឿងផ្ទាល់ខ្លួន ក៏អាចនិយាយបានថា មានអាថ៌កំបាំង ដែលមិនអាចប្រាប់អ្នកណាបានទាំងអស់នោះឡើយ។​ ប៉ុន្តែសម្រាប់ពាក្យថា ប្ដីប្រពន្ធ គឺមិនសមនឹងមានរឿងអាថ៌កំបាំង លាក់បាំងគ្នានោះទេ ព្រោះវាអាចជាហេតុ នាំឱ្យកើតការសង្ស័យ និងលែងទុកចិត្តគ្នា។

មិនថាប្ដី ឬប្រពន្ធ សំខាន់គឺត្រូវស្មោះត្រង់នឹងគ្នា កុំលាក់បាំង ភូតកុហកគ្នាឱ្យសោះ វាគ្មានអ្វីសំខាន់ជាង ប្ដីប្រពន្ធយើងចេះជឿជាក់ និងទុកចិត្តគ្នានោះឡើយ។

ទោះទៅណា មកណា ជាមួយអ្នកណា មិនថាធ្វើអ្វីក៏ដោយ ត្រូវប្រាប់គ្នាឱ្យដឹង និងពន្យល់គ្នាឱ្យយល់។ ដឹងថា មានរឿងខ្លះ ប្រពន្ធលាក់ប្ដី ប្ដីបិទបាំងនឹងប្រពន្ធ ព្រោះមិនចង់ឱ្យម្ខាងណាស្ដីបន្ទោស ឬព្រោះតែខ្លាចខុស ទើបមិនហ៊ានប្រាប់ការពិត។ តែបើយើងដឹងថាខុស ហើយយើងមិនព្រមប្រាប់គ្នា នោះវារឹតតែខុស ហើយតទៅថ្ងៃមុខ ក៏មិនអាចរស់នៅបានសុខនឹងគ្នាដែរ ព្រោះតែខ្វះភាពជឿជាក់ គ្មានទំនុកចិត្ត និងមិនអាចទុកចិត្តគ្នាបាន។ 

ការប្រាប់គ្នាតាមត្រង់ វាជារឿងដែលល្អបំផុត ព្រោះវាជួយឱ្យយើងបានស្គាល់គ្នាកាន់តែច្បាស់ អាចដោះដូរមតិយោបល់គ្នា អាចគិត អាចពិភាក្សា អាចសម្រុះសម្រួល សម្របតាមគ្នាបាន។ ម្យ៉ាងទៀត នៅពេលដែលប្ដីប្រពន្ធយើងចេះទុកចិត្តគ្នា និងយល់ពីគ្នាច្បាស់ហើយ ទោះអ្នកដទៃគេនិយាយអ្វី ឬចាក់រុកអ្វី ក៏ប្ដីយើងប្រពន្ធយើង នៅតែអាចយល់ពីគ្នាបានជានិច្ច ហើយក៏គ្មានថ្ងៃមកឈ្លោះទាស់ទែងគ្នា ព្រោះតែសម្ដីអ្នកណាដែរ។ តែបើយើងលាក់គ្នា បើយើងកុហកគ្នា នោះមានន័យថា យើងមិនទុកចិត្តលើប្ដីប្រពន្ធខ្លួនឯង ឬអាចនិយាយបានថា យើងកំពុងតែក្បត់ប្ដីប្រពន្ធខ្លួនឯងហើយ ហើយនៅពេលអ្នកដទៃ គេនិយាយអីតែបន្តិច យើងក៏ចាប់ផ្ដើមសង្ស័យ និងបង្កជម្លោះជាមួយគ្នាជាមិនខាន៕

ខ្មែរឡូតសូមរក្សាសិទ្ធិ