រវាងយើងទាំងពីរ សល់ត្រឹមតែអនុស្សាវរីយ ទុកគ្រាន់ចុះក្នុងបញ្ជីស្នេហា ដែលបរាជ័យតែប៉ុណ្ណេាះ

ធ្លាប់គិតថា ស្នេហាមួយនេះ គឺជាស្នេហាចុងក្រោយ ធ្លាប់គិតថាជីវិតគូមួយនេះ នឹងបានដល់ត្រើយនៃសុភមង្គល អាចកាន់ដៃគ្នាដល់យើងចាស់រៀងៗខ្លួន មានកូនៗគួរឱ្យស្រឡាញ់ពេញផ្ទះ ជាគ្រួសារដែលមានលក្ខណៈពេញលេញ ។ ខំធ្វើការ ខំរកលុយ ដើម្បីអ្វី? ក៏ដើម្បីតែគ្រួសារមួយនេះ តែដើរមិនទាន់បានប៉ុន្មានផង ក៏ត្រូវមកដល់ចំណុចមួយនេះទៅហើយ ព្រោះកម្មមកបំបែក ឬមកពីយើងអស់និស្ស័យនឹងគ្នា?

មិនដឹងទេថា កាលពីដំបូង ហេតុអ្វីយើងចាប់ផ្ដើម? ក៏មិនដឹងទេថា ហេតុអ្វីក៏យើងមិនព្រមបន្ត? ហេតុអ្វីដំបូងឡើយ យើងអាចទទួលយកគ្នាបាន? ចុះពេលនេះ ហេតុអ្វីយើងបែរជានិយាយថា មិនចុះសម្រុងនឹងគ្នាទៅវិញ? សំណួរគ្មានចម្លើយ មិនដឹងថាគួរឆ្លើយបែបណាឱ្យសម។ ពិបាកនឹងបោះបង់ មិនចង់បាត់បង់ទេ តែក៏គ្មានជម្រើសក្រៅតែពីដើរផ្លូវរៀងៗខ្លួន។

រវាងយើងទាំងពីរ សល់ត្រឹមតែអនុស្សាវរីយ ទុកគ្រាន់ចុះក្នុងបញ្ជីស្នេហាបរាជ័យតែប៉ុណ្ណេាះ សល់ត្រឹមការចងចាំរវាងគ្នា ស្ពាយនូវអារម្មណ៍ល្អៗដែលធ្លាប់មានឱ្យគ្នា។ អារម្មណ៍ពេលបែកមួយនេះ គឺវាឈឺចាប់ ដែលពិបាកនឹងប្រាប់ខ្លាំងណាស់ តែសង្ឃឹមថា វានឹងល្អប្រសើរសម្រាប់យើងទាំងពីរ សង្ឃឹមថាផ្លូវថ្មីដែលពួកយើងជ្រើស គឺជាការចាប់ផ្ដើមដែលល្អបំផុតពីពេលនេះទៅ គ្មានអ្វីក្រៅពីពាក្យថា ជូនពរមនុស្សអតីត ក៏ជូនពរខ្លួនឯង ឱ្យមានសំណាង បានជួបមនុស្សល្អដែលត្រូវចិត្ត និងមានសុភមង្គលទៅថ្ងៃមុខ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ