ធ្លាប់ស្លាប់អស់ច្រើនគ្នាហើយ? ភ័យបះសក់មិនស្ទើរ ជិះម៉ូតូសុខៗ ស្រាប់តែមានខ្លាចេញពីព្រៃរត់ដេញតាម... (មានវីដេអូ)

  • អង្គារ ០២ កក្តដា, ២០១៩ ១០:០៨

ឥណ្ឌា៖ អ្នកបើកម៉ូតូ និងអ្នកអង្គុយក្រោយម្នាក់ ភ័យស្ទើរតែព្រលឹងចុងសក់ ខណៈកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែលេចមុខខ្លាកំណាចមួយក្បាល ស្ទុះរត់ចេញពីព្រៃដេញតាមពួកគេ ប៉ុន្តែជាសំណាងល្អអាចគេចផុតពីគ្រោះថ្នាក់មួយនេះបានទាន់ពេលវេលា។

ខ្លារត់ចេញពីព្រៃដេញតាមអ្នកជិះម៉ូតូ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបដែលត្រូវបានគេបង្ហោះចែកចាយលើអ៊ីនធើណែត កាលពីពេលថ្មីៗកន្លងទៅនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពនៅក្នុងថ្ងៃកើតហេតុនោះ ដែលខ្លាកំណាចមួយក្បាលបានស្ទុះរត់ចេញពីព្រៃយ៉ាងលឿនស្លេវ ស្ថិតក្នុងល្បឿនមួយដែលត្រូវបានប៉ាន់ស្មានបានថា ៤០ម៉ាយក្នុង១ម៉ោង (ឬល្បឿនប្រហែល ៦៤គីឡូម៉ែត្រក្នុង១ម៉ោង) ដេញតាមម៉ូតូមួយគ្រឿង ដែលបានជិះកាត់នៅក្នុងតំបន់ព្រៃ ឬឧទ្យានជាតិ Nagarhole National Park ។

ប៉ុន្តែមិនថាយ៉ាងណា ជាសំណាងល្អហើយ ដែលអ្នកបើកម៉ូតូខាងលើ បានបន្ថែមល្បឿនគេចទាន់ពេល ខណៈឯខ្លាកំណាចមួយក្បាលនោះ ក៏បានរត់ឆេវបោលចូលព្រៃវិញបាត់ផងដែរ។

ខ្លារត់ចេញពីព្រៃដេញតាមអ្នកជិះម៉ូតូ

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា តំបន់ឧទ្យានខាងលើ ដែលស្ថិតនៅរវាងស្រុក Kodagu និង Mysore ក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌានេះ គឺជាជម្រកមួយដែលមានពពួកសត្វខ្លាបេងហ្គាល (Bengal) រស់នៅប្រមាណជា ៧២ក្បាលឯណោះ។

គួរឲ្យដឹងផងដែរថា បើគិតពីដើមឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មនុស្សចំនួន៣នាក់ហើយ ត្រូវបានស្លាប់បាត់បង់ជីវិតក្រោមចង្កូមមច្ចុរាជរបស់សត្វខ្លាមួយក្បាលដែលរស់នៅទីនោះ ដែលក្នុងនោះត្រូវបានគេដឹងថា ជនរងគ្រោះដែលបានស្លាប់មានអាយុ២៨ឆ្នាំ និងបុរសចំណាស់វ័យ៦០ឆ្នាំម្នាក់។

បន្ថែមលើនេះ កាលពីឆ្នាំកន្លងៗទៅ ក៏ធ្លាប់មានមនុស្ស និងអ្នកស្រុកដែលរស់នៅក្បែរតំបន់នោះ បានស្លាប់អស់ជាច្រើននាក់ផងដែរ។ ជាក់ស្តែង នៅក្នុងកំឡុងឆ្នាំ២០១៣ ស្លាប់អស់៤នាក់ និងក្នុងកំឡុងឆ្នាំ២០១៥ ស្លាប់អស់២នាក់ ដោយសារតែត្រូវសត្វខ្លាខាំហែកស៊ី៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖   

ខ្លារត់ចេញពីព្រៃដេញតាមអ្នកជិះម៉ូតូ