សំណាងមែន! អ្នកនេសាទម្នាក់ប្រទះឃើញ ដុំកម្អួតត្រីបាឡែនដ៏កម្រ លក់បានតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្តែបែរជាគាត់សោកស្តាយរឿងមួយ...!

ថៃ៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ចំពោះបុរសជាអ្នកនេសាទជនជាតិថៃម្នាក់ ក្រោយប្រទះឃើញដុំកម្អួតត្រីបាឡែនដ៏កម្រ និងលក់បានក្នុងតម្លៃរាប់ម៉ឺនដុល្លារ ប៉ុន្តែបែរជារូបគាត់សោកស្តាយនូវរឿងមួយទៅវិញ។

កម្អួតត្រីបាឡែន

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា បុរសដ៏មានសំណាងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Suwat Chitchanthuek មានអាយុ៥៨ឆ្នាំ គឺជាអ្នកនេសាទម្នាក់ ដែលរស់នៅក្នុងខេត្ត Rayong ប្រទេសថៃ។

លោក Suwat បានប្រទះឃើញដុំលឿងៗស្រដៀងនឹងក្រមួននេះ អណ្ដែតនៅលើផ្ទៃទឹកសមុទ្រក្នុងខេត្ត Rayong តាំងតែពីកំឡុងឆ្នាំ២០១៤ មកម៉្លេះ។ ដោយសារតែ មើលទៅរបស់មួយនេះវាហាក់បីដូចចម្លែក និងគួរឲ្យចាប់អារម្មណ៍ផងនោះ លោកក៏បានយកវាមកទុកនៅផ្ទះរហូតមកទល់ឥឡូវនេះ រយៈពេលជាង៥ឆ្នាំហើយ។

ប្រភពដដែលបន្តថា អស់រយៈពេលជាច្រើនមកនេះ លោក Suwat គឺពិតជាមិនបានដឹងទាល់តែសោះថា ដុំលឿងៗដូចក្រមួននេះ តាមការពិតទៅវាគឺជាកម្អួតត្រីបាឡែន ដែលអាចលក់បានតម្លៃថ្លៃនោះទេ។

ប៉ុន្តែមិនថាយ៉ាងណា ទើបតែមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ពោលគឺ កាលពីក្នុងកំឡុងខែកុម្ភៈ កន្លងទៅ ដែលក្នុងប្រទេសថៃបានល្បីរឿងបុរសម្នាក់បានប្រទះឃើញរបស់ស្រដៀងគ្នានេះ ដែលជាកម្អួតត្រីបាឡែនត្រូវបានគេប៉ាន់ប្រមាណបានថា លក់បានក្នុងតម្លៃខ្ទង់ ៥០ម៉ឺនដុល្លារនោះ ទើបធ្វើឲ្យលោក Suwat ភ្ញាក់ខ្លួនព្រើត និងចុងក្រោយទើបលោកដឹងច្បាស់ថា របស់ដែលលោកបានយកមកទុកក្នុងផ្ទះរាប់ឆ្នាំមកនេះ តាមពិតគឺជាកម្អួតត្រីបាឡែន។

កម្អួតត្រីបាឡែន

ជាក់ស្ដែង លោក Suwat និងគ្រួសារបានសម្ដែងក្តីរំភើបយ៉ាងក្រៃលែង ក្រោយបានដឹងការពិតថា វាគឺជាកម្អួតត្រីបាឡែនដែលត្រូវបានគេយកទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ និងឱសថពេទ្យ ដែលអាចលក់បានថ្លៃកប់ពពក។ កម្អួតត្រីបាឡែនរបស់លោកនេះ ក៏ត្រូវបានគេប៉ាន់ប្រមាណបានថា អាចលក់បានក្នុងតម្លៃចាប់ពី ១លានបាត (ឬប្រហែលជាង ៣ម៉ឺន២ពាន់ដុល្លារអាមេរិក) ផងដែរ។

ថ្វីបើយ៉ាងនេះក្តី លោក Suwat ក៏បានសម្ដែងការសោកស្តាយយ៉ាងខ្លាំង ជុំវិញនឹងកម្អួតត្រីបាឡែនរបស់លោក ព្រោះតែកំហុសដែលលោកមិនបានដឹងការពិតពីវា និងត្រូវបានលោកបំផ្លាញចោលអស់ខ្លះ។

លោក Suwat បាននិយាយថា លោកប្រាកដជានឹងទុកដាក់ ឬមើលថែវាឲ្យបានល្អបំផុត ប្រសិនណាពីដំបូងឡើយលោកដឹងថា របស់ចម្លែកនេះគឺជាកម្អួតត្រីបាឡែន និងអាចលក់បានលុយច្រើននោះ។ ព្រោះថាកាលដំបូងនោះ កម្អួតត្រីបាឡែននេះ គឺមានទំហំធំនិងធ្ងន់ខ្លាំងណាស់ ប៉ុន្តែក្រោយៗមកនៅរាល់ពេលដែលលោកអផ្សុកពេក លោកតែងតែយកកាំបិតមកកាត់ និងឆ្លាក់វាលេង ទើបមកដល់ឥឡូវនេះនៅសល់តូចតែប៉ុណ្ណឹង។ លោកថា លោកពិតជាសោកស្តាយនិងអ្វីដែលលោកបានធ្វើនោះណាស់។

កម្អួតត្រីបាឡែន

គួរឲ្យដឹងផងដែរថា កម្អួតត្រីបាឡែន ឬ «Whale Vomit» ត្រូវបានគេស្គាល់ម្យ៉ាងទៀតថា «Ambergris» គឺជាសារធាតុកាកសំណល់ចេញពីកោសិកាសរីរាង្គ ដែលមាននៅក្នុងក្រពះរបស់ត្រីបាឡែនរយៈពេលយូរ។ អ្វីដែលពិសេស និងជាគុណប្រយោជន៍របស់វានោះ គឺត្រូវបានគេយកទៅប្រើប្រាស់ ឬធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប ក្នុងចំណីអាហារ គ្រឿងសម្អាង និងថ្នាំពេទ្យជាដើម។

កម្អួតត្រីបាឡែន ត្រូវបានគេដឹងថា វាពិតជាអាចលក់បានក្នុងតម្លៃខ្ពស់ខ្លាំងណាស់ ហើយវាក៏ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងផ្សំបែបនេះ តាំងតែពីក្នុងកំឡុងសតវត្សរ៍ទី១៣ មកផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?