សម្រាល​កូន​រួចធ្វើឲ្យ​ម៉ាក់​ៗ​ជ្រុះ​សក់ គួរ​ធ្វើ​បែប​នេះ!

ក្រោយ​សម្រាល​កូន ២- ៣ ខែ ​កូន​ចាប់ផ្ដើម​ស្គាល់​តែងតែ​ជ្រុះ​សក់ច្រើន​ឡើង​ៗ ដែល​នោះ​ចាស់​ៗ​តែង​ប្រាប់​ថា នោះ​មក​ពី «កូន​ចំណាំ​មុខ»។ តែ​បើ​តាម​ក្បួន​ពេទ្យ​ដោយសារ​តែ​អ័រម៉ូនប្រែប្រួល ប្រសិនបើ​ស្រីៗ​គ្នា​យើង​ជួប​បញ្ហា​បែប​នេះ អាច​សាក​ប៉ុន្មាន​វិធី​ ដែល​ជា​ការ​ចែករំលែក​របស់​អ្នក​ម៉ាក់​ៗ ៤ រូប​ខាងក្រោម៖

១- កាត់​សក់​ឲ្យ​ខ្លី

បើ​តាម​​ម៉ាក់​ៗ​ឈ្មោះ ម៉ា ចិត្រានី វ័យ ៣២ ឆ្នាំ និង​មាន​កូន ៣ នាក់​ម្នាក់ ​រស់នៅ​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ពេល​កូន​ចាប់ផ្ដើម​ស្គាល់​មុខ មាន​អាការៈ​បែប​នោះ​មែន ហើយ​វិធី​ដោះ​ស្រាយ គឺ​កាត់​សក់​ឲ្យ​ខ្លី និង​មិន​ត្រូវ​ទម្លាក់​រញ៉េរញ៉ៃ​ឡើយ។ ព្រោះ​កាលណា​សក់​វែង យើង​មិន​សូវ​មាន​ពេល​ថែទាំ​ដូច​ពេល​គ្មាន​កូន​ឡើយ ហើយ​សក់​ឡើង​ស្អិត​ចុង ដូចនេះ​ហើយ​យូរ​ៗ​ទៅ​យើង​ច្បូត​ចុះ​មក ប្រាកដជា​ទាក់ និង​ដាច់។ មួយ​វិញ​ទៀត យើង​មិន​សូវ​មាន​ពេល​កក់ បូករួម​នឹង​ស្អិត​ទៀត​នោះ រឹតតែ​ជ្រុះ​លឿន ដូចនេះ​កាត់​សក់​នៅ​ត្រឹម​ចង​បាន ហើយ​កុំ​ទម្លាក់​ឲ្យ​ទើស​មុខ។

២- កក់​ក្រូចសើច

សម្រាប់​អ្នក​ម៉ាក់​វ័យ​ក្មេង សៀង ចន្ធា បាន​ឲ្យ​ដឹង​ថា គាត់​បាន​ជ្រើសរើស​វិធី​បុរាណ​មួយ​នេះ​មក​ប្រើ ហើយ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ទៀត​ផង។ អ្នក​ស្រុក​ភ្នំពេញ​រូប​នេះ​បញ្ជាក់​ទៀត​ថា វិធី​ដំបូង​គ្រាន់តែ​ពុះ​ក្រូចសើច ៦-៧ ផ្លែ ហើយ​ច្របាច់​យក​ទឹក​ៗ​មក​កក់​សក់ និង​ឈ្លី​ឲ្យ​សព្វ​សរសៃ​សក់ រួច​ទុក​ចោល ៣០ នាទី។ អ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ខាង​លើ​បាន​បន្ត​ទៀត​ថា ក្រោយ​កក់​សក់​ដោយ​ក្រូចសើច​រួច ១ ឬ ២ ថ្ងៃ​បន្ទាប់​ចាំ​កក់​សាប៊ូ ហើយ​មួយ​អាទិត្យ​ទាំង​កក់​សាប៊ូ និង​ក្រូច​សើច​ឲ្យ​បាន​យ៉ាង​តិច ៤ ដង។

៣- កុំ​ប្រើ​ប្រេង​ជំនួយ​សក់

នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង សោម៉ា មុន្នីធីតា វ័យ ៣០ ឆ្នាំ បាន​ចែករំលែក ហើយ​វិធី​នោះ​ពិតជា​មាន​ប្រសិទ្ធ ភាព​មែន ព្រោះ​ក្រោយ​ពេល​មាន​កូន យើង​មិន​មាន​ច្រើន​ទៅ​លាប​ប្រេង ឬ​បន្ទន់​សក់​ឡើយ ហើយ​គ្រឿង​ជំនួយ​អស់​ទាំងនោះ គឺជា​មូលហេតុ​ធ្វើឲ្យ​ឡើង​ជាតិ​ខ្លាញ់​នោះ​ឯង។ អ្នក​ស្រុក​ទន្លេ​បាទី ខេត្ត​តាកែវ​រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​កក់​សក់​រួច មិន​គួរ​គេង​ទាំង​សើម​ឡើយ ព្រោះ​នោះ​ក៏​ជា​មូលហេតុ​ចម្បង​ដែរ។

៤- កុំ​ធ្វើ​ម៉ូដ

អ្នកនាង សយ ស៊ីណា បាន​ឲ្យ​ដឹង​ថា ការ​ជ្រុះ​សក់​ពេល​សម្រាល​កូន និង​ពេល​គ្មាន​កូន​មិន​សូវ​ជា​ខុស​គ្នា​ទេ ដូចនេះ​រឿង​ចាំបាច់​បំផុត​គួរតែ​កុំ​ធ្វើ​ម៉ូដ​ច្រើន ព្រោះ​វា​រឹតតែ​បង្កើន​ចំនួន​ទ្វេ​ដង។ អ្នក​គ្រូ​បង្រៀន​នៅ​សាលា​បឋម​ទួលគោក​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា មិន​ថា​តែ​ម៉ូដ​សាំញ៉ាំ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​គាប​ធម្មតា ឬ​ចង​តឹង​ៗ​ពេក​ក៏​កុំ​ធ្វើ​ឲ្យ​សោះ ព្រោះ​វា​អាច​រំញោច​ដល់​ឫស​សក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet