នេះជាប្រភេទក្រុមថ្នាំ អាចបង្កជំងឺភ្លេចភ្លាំង បើយើងឧស្សាហ៍ប្រើ!

ជំងឺភ្លេចភ្លាំង ជាបញ្ហារួមរបស់​មនុស្សទូទៅ ដែលបណ្ដាល​មកពី​មូលហេតុ​ជាច្រើន។ ថ្នាំ​ព្យាបាល​ជំងឺផ្សេងៗ ក៏ជា​មូលហេតុ​មួយបង្ក​ឲ្យ​យើង​មាន​ជំងឺ​ភេ្លចភ្លាំង​ផងដែរ។ អ្នកស្រាវជ្រាវបញ្ជាក់​ថា ក្រុម​ថ្នាំ Anticholinergics បង្កើន​ហានិភ័យនៃ​ជំងឺ​ភ្លេចភ្លាំង។

១. អ្វីជាក្រុម​ថ្នាំ Anticholinergics?

ក្រុម​ថ្នាំ Anticholinergics ត្រូវប្រើ ដើម្បី​ព្យាបាល​ជំងឺបាក់ទឹកចិត្ត ជំងឺ​ឆ្កួតជ្រូក ជំងឺ​ស្ទះផ្លូវដង្ហើម​រ៉ាំរ៉ៃ ជំងឺ​ផ្លូវចិត្ត ជំងឺ Parkinson បញ្ហា​ប្លោកនោម​សកម្ម (នោមញឹក) និង​បញ្ហា​អាលែកហ្ស៊ី។ ក្រុម​ថ្នាំ Anticholinergics រារាំង​សកម្មភាព​របស់​ភ្នាក់ងារ​គីមីដែល​បញ្ជាដោយ​ខួរក្បាល ដើម្បី​គ្រប់គ្រង​សញ្ញា​នៅជុំវិញ​រាងកាយ។

២. ហានិភ័យនៃ​ក្រុម​ថ្នាំ Anticholinergics

លោក Carol Coupland សាស្ត្រាចារ្យនៃ​សាកលវិទ្យាល័យ Nottingham បាន​ធ្វើការ​សិក្សាមួយលើ​មនុស្ស​ជាង ៥៨.០០០​នាក់ មាន​ជំងឺ​ភេ្លចភ្លាំង និង ២២៥.០០០​នាក់ គ្មាន​ជំងឺ​ភ្លេចភ្លាំង។ អ្នកស្រាវជ្រាវពិនិត្យ​លើការ​ប្រើប្រាស់​ថ្នាំ ២០​ឆ្នាំ មុន​មាន​រោគសញ្ញា​ជំងឺ​ភ្លេចភ្លាំង។ ការសិក្សាបង្ហាញ​ថា មាន​ការពាក់ព័ន្ធ​គ្នាយ៉ាងខ្លាំង​រវាង​ក្រុមថ្នាំ Anticholinergics និង​ការ​កើនឡើង​ហានិភ័យនៃ​ជំងឺភ្លេចភ្លាំងលើ​មនុស្សអាយុ ៥៥​ ឆ្នាំ និង​លើស​នេះ។ ក្នុងនោះ ​មាន​តែក្រុម​ថ្នាំ Anticholinergics ប្រើដើម្បី​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត ជំងឺ Parkinson ជំងឺ​ផ្លូវចិត្ត ជំងឺ​ប្លោកនោម និង​ជំងឺ​ឆ្កួតជ្រូក​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​នឹង​ការកើត​ជំងឺ​ជំងឺ​ភ្លេចភ្លាំង។ 

ប៉ុន្ដែ​ក្រុមថ្នាំ Anticholinergics ប្រើដើម្បី​ព្យាបាល​ជំងឺ​ហឺត ជំងឺ​ចង្វាក់បេះដូង បញ្ហា​សាច់ដុំ និង​បញ្ហា​ក្រពះ-ពោះវៀន មិនពាក់ព័ន្ធ​នឹង​ការបង្ក​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង​ទេ។ អ្នកជំនាញណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ក្រុម​ថ្នាំ Anticholinergics ព្រោះវាអាច​បង្ក​ឲ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដូចជា ទល់លាមក ស្ងួតមាត់ ភាន់ច្រឡំ និង​បញ្ហា​ពាក់ព័ន្ធ​នឹង​ការគិត និង​ចងចាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet