ប្រុងប្រយ័ត្នឱ្យមែនទែន! រវល់តែឈ្ងោកមើលទូរស័ព្ទដើរឆ្លងផ្លូវ ប៊ិះតែនឹងត្រូវចោរធ្វើស៊ីបានសម្រេច! (មានវីដេអូ)

ម៉ាឡេស៊ី៖ ជាការពិតណាស់ ភាពធ្វេសប្រហែសនៅក្នុងទីសាធារណៈ គឺពិតជាងាយនឹងរងគ្រោះក្នុងរូបភាពណាមួយ ពិសេសក្រោមស្នាដៃចោរឆ្លៀតឱកាសតែម្តង។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ប៊ិះតែនឹងត្រូវចោរធ្វើស៊ីបានសម្រេច ពោលគឺជិះម៉ូតូមកឆក់កាបូប ខណៈពេលដែលនាងរវល់តែឈ្ងោកមើលទូរស័ព្ទ និងដើរឆ្លងផ្លូវនៅតំបន់រាងស្ងាត់មួយកន្លែង។

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព

បើផ្អែកតាមរយៈប្រភពចែកចាយវីដេអូឃ្លីបមួយនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅជិតភោជនីយដ្ឋាន Uma Rani Restaurant លើផ្លូវ Jalan Ipoh Batu 4 ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

យ៉ាងណាមិញ តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្បែរកន្លែងហេតុនោះ គឺបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់ស្រ្តីរងគ្រោះ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ បន្ទាប់ពីរូបនាងបានចុះពីលើឡាន នាងក៏បានដើរឆ្លងថ្នល់ទៅផ្លូវម្ខាងទៀត ប៉ុន្តែគិតតែពីអោនមើលទូរស័ព្ទ ហាក់មិនខ្វល់ពីសុវត្ថិភាពខ្លួនឯងទាល់តែសោះ។

នៅពេលដែលនាងបានឆ្លងផ្លូវមកផុត គេក៏ឃើញបុរសដែលជាគូស្នេហ៍របស់នាង មានកាន់បាច់ផ្កាមួយបាច់នៅក្នុងដៃនោះ ក៏បានដើរឆ្លងទៅតាមនាងតាមក្រោយផងដែរ។ ប៉ុន្តែមិនទាន់ទាំងបានប៉ុន្មានផង ក៏ស្រាប់តែលេចមុខចោរឆ្លៀតឱកាសម្នាក់ ជិះម៉ូតូតម្រង់មកនារីរងគ្រោះ ដែលកំពុងតែឈរញ៉េមញ៉ុមឈ្ងោកមើលទូរស័ព្ទនោះ ដើម្បីធ្វើសកម្មភាពឆក់កាបូបស្ពៀយចំហៀងរបស់នាងតែម្តង។

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព

ប៉ុន្តែជាសំណាងល្អ ដែលចោរនោះមិនអាចឆក់កាបូបយកពីនាងទៅបានសម្រេច ដោយសារតែនាងអាចគ្រប់គ្រងស្ថានភាពនៅពេលនោះបានទាន់ពេល ឯចោរក៏បានជិះគេចខ្លួនបាត់ស្រមោល។ ក្រោយសកម្មភាពនេះ បុរសជាគូស្នេហ៍របស់នាង ក៏បានស្ទុះមករកនាង និងមើលថាតើនាងមានត្រូវអ្វីឬអត់ ប៉ុន្តែនាងមិនបានរងរបួសអ្វីនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ ក៏មានមហាជនមួយចំនួនធំ បានបញ្ចេញមតិឲ្យគ្រប់គ្រាន់បង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតនៅក្នុងទីសាធារណៈ មិនថាស្ថិតក្នុងកាលៈទេសៈណាមួយនោះទេ ព្រោះរឿងស៊យនិងគ្រោះថ្នាក់ គឺពិតជាមើលមិនឃើញឡើយ កុំឲ្យដូចករណីនារីរងគ្រោះខាងលើនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖