Barcelona ដាក់សំណើផ្លូវការ ចង់បានកំពូលកីឡាករមួយរូបរបស់ក្រុមជម្រើសជាតិជប៉ុន

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៣:១១

អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona បានដាក់សំណើផ្លូវការទិញយកជម្រើសជាតិជប៉ុនម្នាក់គឺកីឡាករ Hiroki Abe ពីក្លិបជប៉ុន Kashima Antlers នេះបើតាមសារព័ត៌មាន AS។

កីឡាករ Hiroki Abe

ក្លិបដែលមានមូលដ្ឋាននៅកាតាឡាន់បានជួបប្រជុំពិភាក្សាជាមួយក្លិបយក្សជប៉ុន Kashima Antler រួចរាល់ហើយ ដែលក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ernesto Valverde មានភាគរយច្រើនក្នុងការនាំយកខ្សែប្រយុទ្ធដែលពោរពេញទៅដោយទេពកោសល្យមករួមក្រុមនារដូវកាលក្រោយ។

កីឡាករ Hiroki Abe

កីឡាករវ័យ ២០ឆ្នាំ Hiroki Abe បានបង្ហាញទម្រង់លេងបានយ៉ាងល្អមិនគួរឲ្យជឿជាមួយក្រុមជម្រើសជាតិសាំម៉ូរ៉ៃជប៉ុនក្នុងព្រឹត្តិការណ៍ Copa America 2019 ដែលបានទាក់ចិត្តរបស់ក្លិប Barcelona ឲ្យចង់បានរូបគេទៅរួមក្រុម។ បើតាមកាសែតរបសជប៉ុនមួយបានចុះផ្សាយថាក្លិប Kashima Antler កំពុងតែពិនិត្យមើលសំណើរបស់ Barcelona ខណៈការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើកីឡាករខ្លួនឯង។ 

កីឡាករ Hiroki Abe (អាវស)

យ៉ាងណាមិញបើសិនជា Abe យល់ព្រមទៅលេងនៅទឹកដីអេស៉្បាញ គេនឹងទៅចូលរួមជាមួយ FC Barcelona B មិនមែនក្រុមធំ Barcelona នោះទេ។ បើសិនជាទម្រង់លេងនិងសមត្ថភាពរបស់គេល្អនៅ Barcelona B ទើបអាចតម្លើងមកកាន់ក្រុមធំបាន។ 

កីឡាករ Hiroki Abe (អាវខៀវ)

គួរបញ្ជាក់ផងដែរថា Abe បានឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ២០១៨នៅក្នុងក្លិប Kashima Antler និងត្រូវបានក្រុមជម្រើសជាតិជប៉ុនកោះហៅចូលរួមក្នុងព្រឹត្តិការណ៍ Copa America 2019 និងបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យកាលពីប្រកួតជាមួយឈីលី៕

ប្រភព៖ foxsportasia