តិចនិក​ពិសេស ជួយរាងកាយ​ធ្វើ​មេតាបូលីសកាន់តែលឿន សុខភាពកាន់តែល្អ!

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៣:១៩

មេតាបូលីស សំដៅលើប្រតិកម្មគីមីក្នុងរាងកាយ ដើម្បីចាប់​យកសារ​ធាតុ​ចិញ្ចឹមចាំ​បាច់ ទ្រទ្រង់ដំណើរ​ការ​រាងកាយ​ទាំង​មូល បើ​ការធ្វើមេតាបូលីសក្នុង​រាង​កាយយឺតយ៉ាវ សារធាតុ​ចិញ្ចឹម​ក៏​មិនគ្រប់​គ្រាន់ រាងកាយ​យើង​ក៏​ទ្រុឌទ្រោម​ទៅ​តាម​នឹង​ដែរ។ គ្នា​យើង​ដឹង​ហើយ ហាត់​ប្រាណ ជួយ​ធ្វើ​មេតា​បូលីស​ក្នុង​រាង​កាយ​បាន​ល្អ ប៉ុន្តែក៏​នៅ​មាន​តិចនិក​ពិសេស​មួយចំនួន​ទៀត​ ជួយ​រាងកាយ​ធ្វើ​មេតាបូលីស​បាន​លឿន “Hello គ្រូពេទ្យ” នឹង​បង្ហាញ​ក្នុង​អត្ថបទ​នេះ។

១- ហាត់ទាញសាច់ដុំ

ស្រីៗ​ភាគ​ច្រើន តែង​ចៀស​វាង​ការ​ហាត់​ទាញ​សាច់​ដុំ​ ដោយ​សារ​តែ​​មើល​ទៅ​ឃើញ​សាច់​ដុំ​រីក​ធំ​ពេក។ នៅ​ពេលយើង​ហ្វឹក​ហាត់​ដោយ​ការ​ទាញ​សាច់​ដុំ ​ពិសេស​ការ​លើក​ទម្ងន់ វា​អាច​ធ្វើ​ឲ្យ​សាច់​ដុំ​មាន​ការ​ខូច​ខាត សកម្ម​ភាព​នេះ នាំ​​ឲ្យ​រាង​កាយ​បន្ថែម​ដុត​កាឡូរី​បាន​ច្រើន​ជាង​មុន បន្ទាប់ ដើម្បី​​មកជួស​ជុល​​សាច់​ដុំ​ខូចខាត​ឲ្យ​​ជា​សះ​ស្បាយ និង​រីក​ខូត​លាស់​ឡើង​វិញ ហើយ​នេះ​ត្រូវ​ចាត់​ទុក​ជា​ការ​ធ្វើ​ឲ្យ​មេតាបូលីស​ក្នុង​រាង​កាយ​កាន់តែ​សកម្ម​ឡើង។

២- បញ្ចេញ​សកម្មភាព​ឲ្យ​បាន​ច្រើន

បច្ចុប្បន្ន គ្នា​យើង​​ភាគ​ច្រើន ​ធ្វើ​ការ​យ៉ាងហោចណាស់ ៨ ម៉ោង/ថ្ងៃ ព្រលឹមចេញ ព្រលប់ទើប​ដល់​ផ្ទះ ហើយ​ទោះ​បី​យើង​បាន​ចំណាយ​ពេល​ហាត់​ប្រាណ ៤៥ នាទី/ថ្ងៃ ​ក៏​ដោយ ​ប៉ុន្តែ​​នៅ​តែ​ត្រូវ​ចំណាយ​ពេល ៨ ម៉ោង​នៅ​​តុ​ធ្វើ​ការ​ដដែល។ ការ​អង្គុយ​ពេញ​មួយ​ថ្ងៃ​ មិនផ្តល់​ផល​ប្រយោជន៍​អ្វី​ដល់​យើង​​ទេ ​គួរ​តែ​ព្យាយាម​ធ្វើ​ហាត់ប្រាណ ឬ​បញ្ចេញ​សកម្មភាព​បន្តិច​បន្តួច អំឡុង​ពេល​ធ្វើ​ការ អាច​​ក្រោក​ឈរ និង​ដើរ​ជុំវិញ​ការិយា​ល័យ​រៀង​រាល់ ១៥ នាទី​ម្តង ឬ​ដើរ​​រយៈពេល​យូរ​ ដូច​ជា​ ការ​ដើរ​ទៅ​កន្លែង​ចត​រថយន្ត ដើរ​​ផ្លូវ​កាត់ ដើរ​ឡើង​ជណ្តើរជើង ​ជំនួស​​ជណ្តើរ​យន្ត ឬ​ក្រោក​ឈរ​ឡើង និង​ទាញ​សាច់​ដុំ​ (ពត់ពែន​ខ្លួន) ក៏​អាច​មាន​ឥទ្ធិពល​ទៅ​លើ​មេតាបូលីស​ក្នុង​រាង​កាយ​បាន​ដែរ។

៣- រក្សាឲ្យរាងកាយមានសំណើម

យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​ដឹង​ហើយ ​រាង​កាយ​យើង​ត្រូវ​ការ​ទឹកជាចាំ​បាច់ ចុះ​​មាន​ដឹង​អត់ ​ខ្វះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​មេតាបូលីស​ក្នុង​ខ្លួនចុះ​ខ្សោយ​បាន។ ត្រូវ​ផឹក​ទឹក​យ៉ាង​ហោច​ណាស់ ៨កែវ​ ជា​រៀង​រាល់​ថ្ងៃ។ ភេសជ្ជៈ​ផ្សេង​ទៀត​ ដូច​ជា​ តែ កាហ្វេ សូដា ​អាច​ផឹក​បាន​ ប៉ុន្តែ​គួរ​តែ​ព្យាយាម​ផឹក​ទឹក ​ព្រោះ​វា​ប្រសើរ​ជាង​ភេសជ្ជៈ​ផ្សេងៗ​ទៀត។ គួរ​តែ​ជ្រើស​យក​ទឹក​សម្រាប់​ការ​ធ្វើ​មេតាបូលីស​បាន​លឿន និង​ធ្វើ​ឲ្យ​ស្បែក​ស្អាត​ជាង​មុន។

៤- ត្រូវមានតុល្យភាពកាឡូរីក្នុងខ្លួន

មានវិធី​តម​អាហារ​ជា​ច្រើន​នៅ​លើ​បណ្តាញ​អ៊ីន​ធឺ​ណេត អាច​មាន​ចំណុច​ដូច​គ្នា​​យើង​តែង​​ឃើញ​ ​គឺ​ត្រូវ​ញ៉ាំ​ជាតិ​ស្ករ​​តិចតួច​តាម​អាច​ធ្វើ​ទៅ​បាន ដើម្បី​សម្រក​​ជាតិ​ខ្លាញ់ ឯ​បរិមាណកាឡូរី​គួរ​តែញ៉ាំ​ប្រចាំ​ថ្ងៃ​​ស្ថិត​នៅ​ក្រោម ២០០០ គីឡូកាឡូរី។ ការ​កម្រិត​កាឡូរី​នាំ​ចូល​ក្នុង​ខ្លួន​ គឺ​ល្អ​សម្រាប់​​រំលាយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​អាច​ធ្វើ​ឲ្យ​​រំខាន​ដល់កម្រិត​មេតាបូលីសយើង​បាន។ នៅ​ពេល​​រាង​កាយ ​ចាប់​អារម្មណ៍​ដឹង​ថា យើង​​កំពុង​ញ៉ាំ​ជាតិ​ស្ករ​តិច នោះ​ល្បឿនដុតបំផ្លាញ​​ខ្លាញ់​ក៏​ចុះ​ខ្សោយទៅ​តាម​នឹង​ដែរ រួច​​រំខាន​កម្រិត​ធ្វើ​មេតាបូលីស​ក្នុង​ខ្លួន ដូច្នេះ​ត្រូវ​ព្យាយាម​រក្សា​តុល្យ​ភាព​រវាង​ជាតិ​ស្ករ ជាតិ​សរសៃ ជាតិ​ខ្លាញ់​មាន​សុខ​ភាព​ល្អ ជាតិ​រ៉ែ និង​វីតាមីន​ ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ក្នុង​រាង​កាយ​ដំណើរ​កាន់​តែ​ប្រសើរ។ ត្រូវ​កាត់​បន្ថយ​លើ​អាហារ​មិន​មាន​សុខ​ភាព និង​​ចៀន សំខាន់​មិន​ត្រូវ​បង្អត់អាហារ​​ខ្លួន​ឯង​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញ​វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet