បុរសម្នាក់បានស្លាប់ក្នុងរោងកុន ខណៈពេលកំពុងទស្សនារឿងខ្មោច Annabelle Come Home (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៣:៤៩

ថៃ៖ បុរសជនជាតិអង់គ្លេសឈ្មោះថា Benard Channing វ័យ៧៧ឆ្នាំ បានចំណាយថ្ងៃឈប់សម្រាករបស់គាត់មកកម្សាន្តនៅប្រទេសថៃ។ គាត់ត្រូវបានស្លាប់នៅក្នុងរោងកុន ខណៈពេលកំពុងទស្សនារឿងខ្មោច Annabelle Come Home។ 

បុរសដែលបានស្លាប់ក្នុងរោងកុន

តាមប្រភពបានឲ្យដឹងថា លោក Benard បានទិញសំបុត្រកុនតែមួយគត់សម្រាប់ខ្លួនគាត់។ នៅពេលដែលរឿងបានបញ្ចាំងចប់ ភ្លើងក្នុងរោងកុនបានបើក មានស្ត្រីម្នាក់ដែលអង្គុយជាប់បុរសរងគ្រោះ បានភ័យស្លន់ស្លោរ ស្រែកហៅបុគ្គលិកដែលធ្វើការនៅរោងកុនជួយទូរស័ព្ទទៅឡានសង្គ្រោះបន្ទាន់ នៅវេលាម៉ោង៨:០០នាទីយប់ ម៉ោងក្នុងតំបន់។ ហេតុការណ៍បានកើតឡើងនៅក្នុងរោងកុននៃផ្សារទំនើប The Avenue Shoping Mall នៅខេត្ត ប៉ាតាយ៉ា ប្រទេសថៃ។ 

ស្រ្តីម្នាក់បាននិយាយថា គ្រប់គ្នានៅក្នុងរោងកុនមានភាពតក់ស្លុតយ៉ាងខ្លាំង ដែលបានឃើញសាកសពរបស់បុរសនោះ នៅពេលដែលភ្លើងក្នុងរោងកុនបានបើក។ ចំណែកឯបុគ្គលិកដែលធ្វើការនៅទីនោះបានព្យាយាមបិទបាំងសាកសពកុំឲ្យមានការថតរូបពីអ្នកដែលបានចូលទស្សនានៅក្នុងរោងកុននោះ។ 

សាកសពរបស់គាត់ត្រូវបានគ្របដោយក្រណាត់និងយកចេញតាមច្រកទ្វារខាងក្រៅ ចូលទៅក្នុងឡានសង្គ្រោះបន្ទាន់ បញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ Banglamung ដើម្បីធ្វើការពិសោធន៍មូលហេតុនៃការស្លាប់របស់គាត់។

លើកសាកសពចូលឡាន

សូមបញ្ជាក់ថា ប៉ូលិសមិនអាចសន្និដ្ឋានបាននៅឡើយទេថា បុរសជនជាតិអង់គ្លេសម្នាក់នោះស្លាប់ដោយសារមូលហេតុអ្វី ដូច្នេះគឺកំពុងស្ថិតក្នុងការធ្វើកោសល្យវិច្ឆ័យរបស់គ្រូពេទ្យ៕

សូមទស្សនាវីដេអូខាងក្រោម៖