ក្តុកក្តួល! ប្តីលះបង់ខ្លួន មិនព្យាបាលជំងឺមហារីក ដើម្បីទុកប្រាក់ព្យាបាលប្រពន្ធនិងកូន ដែលកើតជំងឺមហារីកដែរ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៤:៣៩

ចិន៖ បុរសម្នាក់សុខចិត្តលះបង់ខ្លួន មិនទទួលការព្យាបាលជំងឺមហារីករបស់ខ្លួន ដើម្បីទុកប្រាក់ព្យាបាលជំងឺមហារីកប្រពន្ធនិងកូនស្រី កំពុងតែធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនបាន។

យោងតាមប្រភពបានឱ្យដឹងថា លោក Ke Meinan អាយុ៤២ឆ្នាំ រស់នៅក្នុងខេត្តជៀងស៊ូ ត្រូវបានគ្រូពេទ្យរកឃើញថា លោកមានជំងឺមហារីកក្រពះនៅក្នុងឆ្នាំ២០១៥ ខណៈពេលប្រពន្ធលោកឈ្មោះ Wang Huaying អាយុ៤៦ឆ្នាំ ត្រូវបានរកឃើញថានាងមានជំងឺមហារីកសុដន់នៅពេលក្រោយមកទៀត។

អ្វីដែលធ្វើឱ្យគ្រួសារនេះកាន់តែលំបាកទៀតនោះគឺថា សូម្បីតែកូនស្រីអាយុ ១៦ឆ្នាំរបស់ពួកគេ ក៏ត្រូវបានគ្រូពេទ្យរកឃើញថា នាងមានជំងឺលូពីស (Lupus) កាលពីខែឧសភាកន្លងទៅនេះផងដែរ។

លោក Ke បាននិយាយថា លោកបានលក់ផ្ទះ និងខ្ចីប្រាក់ពីបងប្អូន មិត្តភក្តិអស់ហើយ ហើយលោកបានចំណាយប្រាក់អស់ជាង ១៨០,០០០យ័ន (២៦,១៨២ដុល្លារ) មកហើយ។

ព្រោះតែសន្សំប្រាក់ដើម្បីព្យាបាល លោក Ke បានប្រាប់ប្រពន្ធលោកឱ្យចាប់ឆ្នោតថាតើអ្នកណាដែលទទួលបានការព្យាបាល។

យ៉ាងណាមិញ អ្នកស្រី Wang ក៏បានយល់ព្រមនឹងសំណើរបស់ប្តី ប៉ុន្តែគាត់ពុំបានដឹងថា ប្តីគាត់បានលះបង់ខ្លួន បើទោះបីជាអ្នកស្រីចាប់ក្រដាសណាមួយក៏ដោយ ក៏អ្នកស្រីទទួលបានក្រដាសទទេ ដែលអាចទទួលបានការព្យាបាលដែរ។

លោក Ke បានប្រាប់ប្រពន្ធលោកថា៖

«អូនចាប់បានក្រដាសទទេ ដូច្នេះអូនត្រូវតែរស់បន្តដើម្បីចិញ្ចឹមកូនស្រីឱ្យធំដឹងក្តី។»

គួរឱ្យដឹងផងដែរថា លោក Ke រួមទាំងប្រពន្ធលោកអាចរកចំណូលបានត្រឹមតែជាង ២,០០០យ័ន (២៩០ដុល្លារ) តែប៉ុណ្ណោះ ពីការងារសំណង់ និងការងាររោងចក្រ។

ដោយឡែក កូនស្រីពួកគេត្រូវការប្រាក់ប្រមាណ ១០,០០០យ័ន (១,៤៥០ដុល្លារ) រាល់ថ្ងៃដើម្បីព្យាបាល។

មិនយូរប៉ុន្មាន រឿងរ៉ាវរបស់ពួកគេបានល្បីពេញអ៊ីនធើណេត ហើយមនុស្សម្នាក៏នាំគ្នាចូលរួមបរិច្ចាគជួយផងដែរ។ ក្នុងនោះត្រឹមតែរយៈពេល ៦ម៉ោងប៉ុណ្ណោះ ពួកគេទទួលបានប្រាក់ជំនួយដល់ទៅ ៩០០,០០០យ័ន (១៣០,៧៩០ដុល្លារ)។

យ៉ាងណាមិញ អ្នកស្រី Wang រួមទាំងប្តីក៏បានអរគុណមនុស្សម្នាដោយនិយាយថា៖

«ប្រាក់ដែលអ្នករាល់គ្នាបរិច្ចាគនោះគឺគ្រប់គ្រាប់សម្រាប់ការព្យាបាលកូនស្រីខ្ញុំហើយ។ ដូច្នេះលោកអ្នកអាចបញ្ឈប់ការបរិច្ចាគបាន។ យើងពិតជាអរគុណអ្នករាល់គ្នាជាខ្លាំងដែលបានជួយពួកយើង»

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

កូនស្រីដែលកើតជំងឺលូពីស
លោក Ke Meinan និងប្រពន្ធ
លោក Ke Meinan និងប្រពន្ធ
លោក Ke Meinan និងប្រពន្ធ