PSG និង Barcelona ដណ្ដើមគ្នាយកកីឡាករជម្រើសជាតិព័រទុយហ្គាល់ម្នាក់ពី Dortmund

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៥:៤៥

បារាំង៖ យោងតាមសារព័ត៌មាន BILD ក្លិបយក្សនៅ Ligue 1 Paris Saint Germain បានកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពារស្លាបរបស់ Borussia Dortmund កីឡាករ Raphel Guerreiro ដែលកីឡាករម្នាក់នេះក៏ជាគោលដៅ Barcelona ក្នុងការនាំយកមកទឹកដី Camp Nou ដូចគ្នា។

កីឡាករ Raphel Guerreiro

សារព័ត៌មានដដែលបានចុះផ្សាយថាអ្នកចាត់ការទូទៅ PSG លោក Thomas Tuchel ដែលជាអតីតអ្នកចាត់ការទូទៅរបស់ Borussia Dortmund ចង់បានកីឡាករ Guerreiro មករួមការងារជាមួយគ្នាម្ដងទៀតនៅទឹកដីបារាំង ដោយក្លិប PSG បានរៀបចំរួចរាល់ក្នុងការដាក់សំណើ ១៥លានអឺរ៉ូសុំទិញជម្រើសជាតិព័រទុយហ្គាល់រូបនេះ។

លោក Thomas Tuchel និងកីឡាករ Raphel Guerreiro កាលនៅ Dortmund

ងាកមកមើលក្លិបអ្នកមានបុណ្យ Barcelona វិញបានចាប់អារម្មណ៍ខ្សែការពារស្លាបឆ្វេង Guerreiro យូរណាស់មកហើយ ដោយមានបំណងនាំយករូបគេមកជំនួសកន្លែងរបស់កីឡាករ Jordi Alba។ គួរឱ្យដឹងថា Barcelona ក៏ធ្លាប់បានដាក់សំណើ ១២លានអឺរ៉ូក្នុងការទិញយក Guerreiro មកកាន់ទឹកដីអេស្ប៉ាញម្ដងរួចទៅហើយដែរ ប៉ុន្តែមិនមានការឆ្លើយតប។ 

កីឡាករ Raphel Guerreiro (អាវខ្មៅ)

កីឡាករវ័យ ២៥ឆ្នាំបង្ហាញខ្លួនបានយ៉ាងល្អកាលពីរដូវកាលមុន ដោយអាចរកគ្រាប់បាល់បាន ៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៦ដង ក្នុងការបង្ហាញខ្លួនលើទីលាន ៣២ដងជាមួយ Borussia Dortmund ដោយបានជួយឲ្យ Dortmund ទទួលបានចំណាត់ថ្នាក់លេខ២នៅក្នុងក្របខណ្ឌ Bundesliga និងឡើងទៅដល់វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។

កីឡាករ Raphel Guerreiro

គួរបញ្ជាក់ផងដែរថា Guerreiro ក៏ជាផ្នែកមួយដែលបានជួយឲ្យជម្រើសជាតិព័រទុយហ្គាល់ឈ្នះពានរង្វាន់ UEFA Nations League ក្រោយយកឈ្នះហូឡង់ក្នុងវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផល ១-០៕

ប្រភព៖ foxsportasia