វាយប្រហារ​ទឹក​អាស៊ីត​លើ​ព្រះសង្ឃ​២​អង្គ

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៥:៣៥

រាជធានី​ភ្នំពេញ៖ ព្រះសង្ឃ​វត្តថា​ន់​២​អង្គ​បាន​រង​របួស​ក្នុង​ការ​វាយ​វប្រ​ហារ​ដោយ​ទឹក​អាស៊ីត​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ ខណៈ​ពេល​ដែល​ព្រះ​អង្គ​ទាំង​២​និមន្ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ ដើម្បី​ទៅ​សិក្សា​នៅ​ពុទ្ធ​ក​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត​។

ហេតុការណ៍​វាយប្រហារ​ទឹក​ស៊ី​ត​លើ​ព្រះសង្ឃ​ទាំង​២​អង្គ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ ២០១៩ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម​មុខ​វត្ត​ប្រយូ​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

ព្រះសង្ឃ​ទាំង​២​អង្គ​ដែល​រង​គ្រោះ​ខាងលើ មួយ​អង្គ​ព្រះ​នាម ខុន ឃ​ន ព្រះ​ជន្ម​២២​ឆ្នាំ បាន​រង​របួស​ចំ​ត្រចៀក​, ក និង​ទ្រូង​ខាងឆ្វេង ចំណែក​មួយ​អង្គ​ទៀត​ព្រះ​នាម សើច សល់ ព្រះ​ជន្ម​២១​ឆ្នាំ បាន​រង​របួស​ព្រះ​កេស។ ព្រះសង្ឃ​រង​គ្រោះ​ទាំង​២​អង្គ​នេះ​គង់នៅ​កុដិ​លេខ​៣ ក្នុង​វត្តថា​ន់។

តាម​ប្រភព​ពី​ព្រះសង្ឃ​រង​គ្រោះ​ព្រះ​នាម ខុន ឃ​ន បាន​មាន​ថេរ​ដីកា​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ព្រះសង្ឃ​ចំនួន​៤​អង្គ​បាន​និមន្ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ ចេញពី​វត្ត​ក្នុង​គោលបំណង​ទៅ​រៀន​នៅ​ពុទ្ធ​ក​វិទ្យាល័យ​ព្រះ​សុរា​ម្រឹត ដែល​ស្ថិត​នៅ​ជិត​តុលាការ​កំពូល​។

ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​បន្ត​ថា ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​មក​ដល់​មុខ​វត្ត​ប្រយូ​វង្ស ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ជះ​ទឹក​អាស៊ីត​មក​លើ​ព្រះ​អង្គ​ដែល​កំពុង​តែ​គង់នៅ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣ បណ្តាល​អោយ​ព្រះ​អង្គ​ចំនួន​២​អង្គ​បាន​រង​របួស​។ ចំណែក​២​អង្គ​ទៀត​មិន​មាន​រង​របួស​នោះ​ទេ ដោយសា​តែ​ជះ​ទឹក​អាស៊ី​តទៅ​ប៉ះ​នឹង​ជញ្ជាំង​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​។

ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​អោយ​ដឹង​បន្ត​ទៀត​ថា ព្រះ​អង្គ​ពុំ​ដឹង​ថា​នរណា​មាន​គំនុំ​នឹង​ព្រះ​អង្គ​រហូត​ដល់​យក​ទឹក​អាស៊ីត​មក​ជះ​ដាក់​បែប​នេះ​ឡើយ ហើយ​កន្លង​មក ព្រះ​អង្គ​ធ្លាប់​មាន​ទំនាស់​ពាក្យ​សំដី និង​តាម​ឆាត​ជាមួយ​កូនសិស្ស​នៅ​ក្នុង​វត្ត​ជាមួយ​គ្នា ដែល​ជា​និស្សិត​ពេទ្យ តែ​ពុំ​ដឹង​ថា ជា​កូនសិស្ស​នោះ​ឬ​យ៉ាងណា​នោះ​ទេ ពេល​ដែល​ជនសង្ស័យ​ជះ​ទឹក​អាស៊ី គឺ​ព្រះ​អង្គ​ពុំ​បានឃើញ​ឡើយ​។

ទោះបីជា​យ៉ាងណា​ ប្រសិនជា​មានការ​ស្រាវជ្រាវ​ពី​នគរបាល​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​នោះ ជន​បង្ក​ច្បាស់​ជា​គេច​មិន​ផុត​ពី​សំណាញ់​ច្បាប់​ឡើយ​៕