ផ្តើមស្នេហ៍តាមហ្វេសប៊ុក! បុរសម៉ាឡេស៊ីធ្លាក់ក្នុងអន្លង់ស្នេហ៍នារីជប៉ុនតាមហ្វេសប៊ុក ស្នេហា៥ឆ្នាំ តស៊ូជម្នះរហូតបានរៀបការ!

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៦:៤២

ម៉ាឡេស៊ី៖ បច្ចុប្បន្នបណ្តាញសង្គមដូចជា ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬ ឡាញ ជាដើម បាននឹងកំពុងតែវាយលុកយ៉ាងខ្លាំង ក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ខណៈដែលការសាងទំនាក់ទំនងរវាងគ្នានឹងគ្នា ជាមិត្តភក្តិ គ្រួសារ និងដៃគូស្នេហាក៏កាន់តែមានច្រើន។

ជាក់ស្ដែង កាលពីថ្មីៗនេះ ក៏មានរឿងដ៏រីករាយមួយរវាងបុរសម៉ាឡេស៊ី និងនារីជប៉ុនម្នាក់ ដែលពួកគេទាំងពីរទើបតែសម្រេចចាប់ដៃគ្នា រៀបការសាងអនាគតគ្រួសារដ៏មានសុភមង្គលមួយ ក្រោយបានជួបស្គាល់គ្នាតាមរយៈបណ្តាញសង្គមហ្វេសប៊ុក រហូតធ្លាក់ក្នុងអន្លង់ស្នេហ៍ និងមានទំនាក់ទំនងជាមួយគ្នាជាហូរហែអស់ពេលជាង៥ឆ្នាំ។

លោក Faizad និងភរិយា នាង Ana

ទាក់ទងទៅនឹងដំណើរដើមទង នៃជីវិតគូស្នេហ៍មួយគូនេះ បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា លោក Muhammad Norfaizad Farhan Nor Hasyimi អាយុ២៨ឆ្នាំ ជាវិស្វករកុំព្យូទ័រម្នាក់ (Computer Engineer) មកពី Taman Jali ទីក្រុង Kangsar ប្រទេសម៉ាឡេស៊ី បានធ្លាក់ក្នុងអន្លង់ស្នេហ៍ទៅលើនារីដែលជាជនជាតិជប៉ុន រស់នៅក្នុងប្រទេសជប៉ុន នាង Ana Farhana Tanaka អាយុ២៥ឆ្នាំ នៅលើបណ្តាញសង្គមហ្វេសប៊ុក តាំងតែពីក្នុងកំឡុងឆ្នាំ២០១៤ មកម៉្លេះ។

រូបភាពក្នុងរៀបការ

ជាការពិតណាស់ ដោយសារតែទំនាក់ទំនងស្នេហា និងការស្រលាញ់មួយនេះ មានការយល់ចិត្តគ្នាទៅវិញទៅមក រហូតដកចិត្តមិនរួចនោះ ទើបនៅទីបំផុតលោក Faizad ក៏បានសម្រេចចិត្តជិះយន្តហោះជាលើកដំបូង ទៅរកនាង Ana ដល់ប្រទេសជប៉ុន ក្នុងទីក្រុង Osaka ដើម្បីបានជួបនាងផ្ទាល់ថែមទៀតផង។

លោក Faizad បាននិយាយថា «ពួកយើងបានជជែកជាមួយគ្នានៅលើហ្វេសប៊ុករាល់ថ្ងៃ ហើយពួកយើងក៏មានការព្រួយបារម្ភអំពីទំនាក់ទំនងរបស់ពួកយើងទាំងពីរផងដែរ ដោយសារតែពួកយើងរស់នៅឆ្ងាយ និងមានវប្បធម៌មួយខុសពីគ្នា។ ប៉ុន្តែមិនថាយ៉ាងណា ខ្ញុំបានសម្រេចចិត្តថានឹងទៅរកនាង និងបានសុំការអនុញ្ញាត និងការឲ្យពរពីឪពុករបស់ខ្ញុំផងដែរ។ ឪពុករបស់ខ្ញុំគាត់បានជួយរកទិញសំបុត្រយន្តហោះឲ្យខ្ញុំ ដើម្បីទៅកាន់ Osaka ជួបនឹងអូន Ana ។ នេះគឺជាការហោះហើរដំបូងបំផុតរបស់ខ្ញុំ»

លោក Faizad និងភរិយា នាង Ana

ដោយឡែក សម្រាប់នាង Ana វិញបាននិយាយដែរថា នាងក៏មានអារម្មណ៍ថាហាក់ភ្ញាក់ផ្អើល និងភ័យខ្លាចក្នុងចិត្តផងដែរ នៅពេលដែលបានជួបនឹងសំណព្វចិត្ត លោក Faizad ជាលើកដំបូងនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្វីៗក៏បានផ្លាស់ប្តូរចិត្តនាងឲ្យបញ្ឈប់រឿងខ្វល់ខ្វាយទាំងអស់នេះ ដោយសារតែការស្រលាញ់ និងភាពស្មោះត្រង់ដែលលោក Faizad មានចំពោះនាង រហូតមកទល់ឥឡូវនេះតែម្តង និងបើទោះបីជាកន្លងមក ធ្លាប់មានពាក្យរិះគន់ពីសំណាក់អ្នកនៅជុំវិញខ្លួនក៏ដោយ។

លោក Faizad និងភរិយា នាង Ana

ប្រភពដដែលបន្តថា ទំនាក់ទំនងស្នេហាដ៏ស៊ីជម្រៅមួយនេះ ក៏បានជំរុញចិត្តឲ្យ Ana បានផ្លាស់ប្តូរចូលសាសនាអ៊ីស្លាមតាមលោក Faizad និងបានរៀនសូត្រជាច្រើនពីសាសនាមួយនេះ ដោយមានការណែនាំពីលោក Faizad ខ្លះៗ មុនពេលដែលអ្នកទាំងពីរសម្រេចចិត្តរៀបការនឹងគ្នាជាផ្លូវការនេះផងដែរ។

ជាក់ស្ដែង ក្រោយស្នេហាតស៊ូប្រមាណជា ៥ឆ្នាំមកនេះ លោក Faizad និងនាង Ana ទីបំផុតក៏បានចងចំណងអាពាហ៍ពិពាហ៍ជាមួយគ្នា កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ នៅស្រុកកំណើតលោក Faizad ក្នុងរដ្ឋ Perlis បន្ទាប់ពីចំណងស្នេហារបស់អ្នកទាំងពីររឹងមាំខ្លាំង និងមានការទទួលស្គាល់ពីគ្រួសារទាំងសងខាង។

រូបភាពក្នុងថ្ងៃរៀបការ

យ៉ាងណាមិញ ក្រោយរៀបការរួច លោក Faizad និងភរិយាជាទីស្រលាញ់ ត្រូវបានគេដឹងថា ពួកគេទាំងពីរបានសម្រេចចិត្តថា នឹងរស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានេះ ឪពុករបស់លោក Faizad ក៏បានមានប្រសាសន៍ដែរថា គាត់ពិតជាមានអារម្មណ៍ថា រំភើបរីករាយយ៉ាងខ្លាំងចំពោះកូនៗទាំងពីរ ដែលនេះអាចនិយាយបានថា ជាជោគវាសនាមួយរបស់ពួកគេ ហើយគាត់ក៏រីករាយស្វាគមន៍នឹងទទួលយកកូនប្រសាស្រី Ana យ៉ាងអស់ពីចិត្ត និងប្រៀបបីដូចជាអំណោយដែលព្រះបានប្រទានមកដល់គ្រួសាររបស់គាត់ផងដែរ៕   

លោក Faizad និងភរិយា នាង Ana
លោក Faizad និងភរិយា នាង Ana
លោក Faizad និងភរិយា នាង Ana