ជន​ដៃដល់​យក​កាំបិត​អា​រក​ប្លន់​អ្នក​រត់​ម៉ូតូឌុប យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច (មានវីដេអូ)

  • សុក្រ ០៥ កក្តដា, ២០១៩ ០៨:១០

ខេត្តកំពង់ឆ្នាំង ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​រaង​របួស​ត្រង់​ក និង​ក្បាល​ជា​ច្រើន​កន្លែង ដោយសារ​ត្រូវ​ជន ដៃដល់​យក​កាំបិត​អា​រក​ចាក់​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​កាលពី​ម៉ោង​ប្រមាណ ៩​ព្រឹក ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង​។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​ជា​បន្ទាន់​។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា បុរស​អ្នក​រត់​ម៉ូតូឌុប ជា​ជន​រង​គ្រោះ​មាន ឈ្មោះ លាស់ យ៉ា​ន អាយុ​៦៣​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មាន​ទីលំនៅ​ភូមិ​ទី​៤ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ បាន​ចេញពីផ្ទះ​ទៅ​រត់​ម៉ូតូឌុប ដោយ​ឈរ​ចាំ​នៅ​ចំណុច ដ​ចម្លង​ទទឹង នៅ​ភូមិ​ចុង​កោះ ដូច​រាល់ដង ពេល​នោះ​ក៏​មាន​ជនសង្ស័យ​ម្នាក់ អាយុប្រមាណ​ជា​ជាង​២០​ឆ្នាំ បាន​ហៅ​ម៉ូតូឌុប​ជន​រង​គ្រោះ​ខាងលើ​ជិះ​ពី​កំពង់​ផែ ឆ្ពោះទៅ​ផ្សា​រមាស​។

លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​ឲ្យ​ជន​រង​គ្រោះ​ឈប់​ម៉ូតូ​ហើយ​ក៏​បាន​ធ្វើ​សកម្មភាព ចាប់​អាករ​ជន​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​។ ប៉ុន្តែ​ពេល​នោះ ជន​រង​គ្រោះ​ប្រតាយប្រតប់​រួច​ជន​ដៃដល់ ក៏​យក​កាំបិត​ចាក់​ជន​រង​គ្រោះ​ត្រូវ​ក្បាល​ជា​ច្រើន​កន្លែង បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​ធាក់​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួល​សន្លប់​ហើយ​ក៏​យក​ម៉ូតូ គេច​ស្រមោល​បាត់​ទៅ​។ ប្រភព​ដដែល​បាន​បន្ត​ថា ម៉ូតូ​ដែល​ជន​ដៃដល់​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ស្លាក​លេខ បាត់ដំបង 1k-6043​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​និង​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស​បាន​ឲ្យ​ដឹង​ថា នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​រក​ឃើញ​កាំបិត ចិតបន្លែ​ដង​ខ្មៅ​មួយ ដែល​ប្រឡាក់​ដោយ​ឈាម​សន្និដ្ឋាន​ថា ជា​របស់​ជន​ដៃដល់ ពេល​នេះ​សមត្ថកិច្ច កំពុង​តែ​ស្រាវជ្រាវ​វែកមុខ​ជន​បង្ករ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​៕