បុរសម្នាក់លួចឡើងជិះរថភ្លើងដោយមិនទិញសំបុត្រ បានផ្ទុះកំហឹងយកកាំបិតចាក់ចំប៉ូលិស (មានវីដេអូ)

  • សុក្រ ០៥ កក្តដា, ២០១៩ ១០:១៧

តៃវ៉ាន់៖ បុរសម្នាក់បានឡើងជិះរថភ្លើង ដោយមិនបានទិញសំបុត្រ បានចាក់ប៉ូលិសមួយកាំបិតស្លាប់នៅលើរថភ្លើង ស្ថានីយ៍ Chiayi ក្នុងទីក្រុងតៃវ៉ាន់ កាលពីល្ងាចថ្ងៃពុធកន្លងទៅនេះ។

ជនល្មើសនិងជនរងគ្រោះ

តាមប្រភពបានឲ្យដឹងថា ជនល្មើសមានឈ្មោះថា Cheng អាយុ៥៤ឆ្នាំ ចំណែកឯជនរងគ្រោះដែលជាប៉ូលិសមានឈ្មោះថា Lee អាយុ២៦ឆ្នាំ។ ជាដំបូង ជនល្មើសបានឡើងជិះរថភ្លើង ដោយអង្គុយកៅអីជួរទី៣ អ្នកត្រួតពិនិត្យសំបុត្របានដើរមកត្រួតពិនិត្យសំបុត្រពីអ្នកដំណើរនៅលើរថភ្លើង ហើយក៏បានដឹងថាជនល្មើសមិនបានទិញសំបុត្រទេ។ ជនល្មើសក៏បានសន្យាថានឹងទិញសំបុត្រនៅពេលទៅដល់ចំណតរថភ្លើងឈប់។ បន្ទាប់ពីមកដល់ចំណតរថភ្លើងឈប់ ជនល្មើសបានដូរទៅអង្គុយកៅអីជួរទី៤វិញដោយមិនព្រមទិញសំបុត្រ បណ្ដាលឲ្យមានជម្លោះជាមួយអ្នកត្រួតពិនិត្យសំបុត្រយ៉ាងខ្លាំង។ ប៉ូលិសដែលជាជនរងគ្រោះបានមកដល់កន្លែងកើតហេតុ ដើម្បីចូលទៅធ្វើការហាមឃាត់។ នៅពេលនោះជនល្មើសបានផ្ទុះកំហឹងយ៉ាងខ្លាំង បានដកកាំបិតចិតផ្លែឈើ ចាក់ប៉ូលិសមួយកាំបិត។ 

ជនរងគ្រោះដេកក្នុងថ្លុកឈាមនិងជនល្មើសបានបង្រ្កាប

ក្រោយមកទៀត ជនល្មើសត្រូវបានបង្រ្កាបដោយប៉ូលិសមួយក្រុម ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Chia-Yi Christian ដើម្បីទទួលការព្យាបាល។

ជនរងគ្រោះបានមកដល់មន្ទីរពេទ្យម៉ោង ៩:១០នាទីយប់ម៉ោងក្នុងតំបន់។ គ្រូពេទ្យបាននិយាយថា របួសរបស់ជនរងគ្រោះមានជម្រៅ៥សង់ទីម៉ែតលើផ្នែកពោះ។ ជនរងគ្រោះបានទទួលការវះកាត់បន្ទាន់ ចំណាយពេលជាច្រើនម៉ោង ដល់ម៉ោង ៤:00នាទីព្រឹកទើបរួចរាល់។ ជាអកុសល នៅព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោង ៨:២៧ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។

តាមប្រភពបានឲ្យដឹងទៀតថា ប្រពន្ធរបស់ជនល្មើសដែលចូលខ្លួនផ្ដល់ចម្លើយបាននិយាយថា «ប្ដីរបស់ខ្ញូំមានជំងឺផ្លូវចិត្ត គ្មានលុយទិញថ្នាំដើម្បីព្យាបាលនោះទេ។ សូម្បីអគ្គិសនីក្នុងផ្ទះក៏ត្រូវបានកាត់ផ្ដាច់ចោលអស់ដែរ។ ពួកខ្ញុំទាំងពីរធ្លាប់រស់នៅស្រួល ប៉ុន្ដែត្រូវធ្លាក់ខ្លួនលំបាកវេទនាដោយសារ ការរកស៊ីរបស់ពួកខ្ញុំត្រូវបានអតិជនបោកប្រាស់មិនបង់ប្រាក់ឲ្យ។ ខ្ញុំពិតជាសុំទោសពិតមែនចំពោះហេតុការណ៍នេះ។»

ប៉ូលិសម្នាក់ទៀតបានបញ្ជាក់ថា ជនល្មើសនិងប្រពន្ធ មានកូនស្រីពីរនាក់ ត្រូវបានចុះឈ្មោះចូលក្នុងបញ្ជីគ្រួសារក្រីក្រយូរណាស់មកហើយ។ ជនល្មើសកំពុងស្ថិតក្នុងការឃាត់ខ្លួន ដើម្បីដោះស្រាយបន្តតាមនីតិវិធីច្បាប់៕ 

សូមទស្សនាវីដេអូខាងក្រោម៖

WARNING: Some viewers may find the contents of this video disturbing.