លោក គួច ចំរើន បញ្ជាឲ្យឃាត់ខ្លួនកម្មករសំណង់ជនជាតិចិន២នាក់ ដែលផ្គើនការណែនាំរបស់អាជ្ញាធរបន្តសាងសង់អគារទាំងបានឲ្យផ្អាកបណ្តោះអាសន្ន

  • សុក្រ ០៥ កក្តដា, ២០១៩ ១០:៤៦

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យសមត្ថកិច្ច ឃាត់ខ្លួនកម្មករសំណង់ ជនជាតិចិនចំនួន២នាក់ នាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីជាការព្រមាន ព្រោះពួកគេមិន ស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដោយនៅតែផ្គើន បន្តធ្វើការសាងសង់អគារ ដែលអាជ្ញាធរបានហាម ឃាត់បណ្តោះអាសន្ន។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកអភិបាលខេត្ត គួច ចំរើន បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការដ្ឋានសំណង់គ្រោងដែកចំនួន៣ទីតាំង ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងបានធ្វើការណែនាំឱ្យ មេការសំណង់បញ្ឈប់សកម្មភាពសាងសង់ ដោយរង់ចាំត្រួតពិនិត្យលក្ខណ:បច្ចេកទេសរួចរាល់សិន ទើបអាចឱ្យ ដំណើរការសាងសង់បន្ត កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែស្អែកឡើង គឺនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ កម្មករការដ្ឋានសំណង់មួយកន្លែង ក្នុងចំណោម៣កន្លែងដែលបានហាមឃាត់ នៅតែបន្តធ្វើសកម្មភាពសាងសង់ ទើបលោកអភិបាលខេត្តបញ្ជាឲ្យឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនកម្មករសំណង់ជនជាតិចិនទាំង២នាក់នេះ គឺយកមករក្សាទុកនៅកន្លែងសមត្ថកិច្ចមួយយប់ទើបដោះលែងវិញ ដោយមានការធានាធ្វើកិច្ចសន្យាតាមនីតិវិធី៕