ការស្ទង់មតិបង្ហាញថា៖ មនុស្សពេញវ័យជាង ៥៦% មានបញ្ហាគេងពុំលក់ស្រួលនៅពេលយប់ ព្រោះតែខ្វាយខ្វល់រឿងលុយ

  • សុក្រ ០៥ កក្តដា, ២០១៩ ១៥:៣៣

អាមេរិក៖ សព្វថ្ងៃនេះសង្គមកាន់តែអភិវឌ្ឍន៍ ការប្រកួតប្រជែងកាន់តែខ្ពស់ មនុស្សកាន់តែមានការព្រួយបារម្ភខ្លាំង។ ជាក់ស្តែងយោងតាមការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនអាមេរិកប្រមាណ ៥៦% មានបញ្ហាគេងពុំលក់នៅពេលយប់ ព្រោះតែខ្វាយខ្វល់រឿងលុយ។

ក្នុងចំណោមមនុស្សជាង ៥៦%នេះ ក្នុងនោះមនុស្សចាប់ពីវ័យ ១៨ឆ្នាំឡើងទៅមានបញ្ហាគេងពុំលក់ ព្រោះតែត្រូវខ្វល់ខ្វាយរឿងការចំណាយប្រាក់ជាប្រចាំថ្ងៃ ការសន្សំប្រាក់ដើម្បីចូលនិវត្តន៍ និងថ្លៃថែទាំសុខភាពជាដើម។

រូបតំណាង

ទន្ទឹមគ្នានេះដែរ អ្នកចូលរួមស្ទង់មតិប្រមាណ ៣២% បាននិយាយថា ការចំណាយជាប្រចាំថ្ងៃ គឺជារឿងដែលពួកគេខ្វល់ខ្វាយនិងតានតឹងបំផុត។

ក្នុងនោះដែរ ប្រភពដដែលបានបង្ហាញថាមនុស្សវ័យកណ្តាលដែលមានអាយុចាប់ពី ៣៩ ដល់ ៥៤ឆ្នាំគឺជាមនុស្សដែលបារម្ភពីបញ្ហាហិរញ្ញវត្ថុច្រើនជាងគេ ដោយតួលេខមានដល់ទៅ ៦៤% បាននិយាយថា ពួកគេខ្វល់ខ្វាយរហូតដល់គេងពុំលក់ព្រោះតែរឿងប្រាក់។ ក្នុងនោះត្រូវបារម្ភរឿងលទ្ធភាពក្នុងការបង់ប្រាក់កម្ចីទិញផ្ទះ និងថ្លៃជួលផ្ទះជាដើម។

ដោយឡែកចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ២៣ ដល់៣៨ឆ្នាំវិញ ពួកគេគឺជាក្រុមមនុស្សទីពីរ ដែលខ្វល់ខ្វាយពីបញ្ហាហិរញ្ញវត្ថុបន្ទាប់។ ក្នុងនោះតួលេខបានបង្ហាញថា មានរហូតដល់ទៅ ៥៨% ដែលពួកគេត្រូវខ្វល់ខ្វាយពីប្រាក់សម្រាប់ចូលនិវត្តន៍ ខណៈពេលអ្នកខ្លះត្រូវបារម្ភរឿងថ្លៃចំណាយទិញផ្ទះ បំណុលកាតឥណទាន ដែលកត្តាទាំងអស់នេះធ្វើឱ្យពួកគេពុំសូវគេងលក់បានស្កប់ស្កល់នោះទេ។

ចំណែក មនុស្សចាស់ដែលមានវ័យចាប់ពី ៥៥ឆ្នាំដល់ទៅ ៧៣ឆ្នាំវិញ ក៏មានបញ្ហាគេងពុំលក់ស្រួលព្រោះតែបញ្ហារឿងប្រាក់នេះដែរ។ ក្នុងនោះតួលេខបានបង្ហាញថា ពួកគេមានជាង ៥៤%។

រូបតំណាង
រូបតំណាង

វាហាក់ដូចជា បញ្ហាគេងពុំលក់ស្រួលកើតឡើងចំពោះមនុស្សស្ទើរតែគ្រប់ៗគ្នាទៅហើយ មិនថាអ្នកមានចំណូលខ្ពស់ ឬទាបនោះទេ។ ជាក់ស្តែងតួលេខបានបង្ហាញថា ៦៣%ដែលអ្នករកចំណូលបានជាង ៣០,០០០ដុល្លារក្នុងមួយឆ្នាំនៅក្នុងសហរដ្ឋអាមេរិក ក៏មានការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុដែរ ខណៈ ៥៣% នៃអ្នករកចំណូលបានជាង ៨០,០០០ដុល្លារក្នុងមួយឆ្នាំក៏បាននិយាយថា ពួកគេក៏មានបញ្ហាបែបនេះផងដែរ។

ដូច្នេះ វាហាក់ដូចជាមនុស្សពេញវ័យស្ទើរតែគ្រប់ៗគ្នាទៅហើយដែលមានការព្រួយបារម្ភអំពីបញ្ហាប្រាក់នេះ។ ការចំណាយក្នុងការរស់នៅជាប្រចាំថ្ងៃកាន់តែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ វាពិតជាលំបាកសម្រាប់ប្រជាជនអាមេរិក និងប្រជាជនយើងផងដែរ៕

តួលេខបង្ហាញពីក្រុមមនុស្សដែលមានបញ្ហាគេងពុំលក់ស្រួលនៅពេលយប់ ព្រោះតែខ្វាយខ្វល់រឿងលុយ