ឃើញក្មេង​ស្រីរត់លេង​ ស្រាប់តែ​បែកគំនិត​ធ្វើ​បែបនេះ​ចំពោះនាង ផ្អើល​ភូមិផ្សារ​កន្ទួត​

  • សុក្រ ០៥ កក្តដា, ២០១៩ ១៦:៣៦

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់​​​បែកគំនិត​​ធ្វើ​សកម្មភាពលួច​​ដោះ​ខ្សែ​.​ក​ក្មេង​ស្រី​ម្នាក់​​បានសម្រេច ខណៈ​​ពេល​​នាង​កំពុង​រត់​លេង​នៅ​មុខ​ផ្ទះ តែ​ទីបំផុត​មិន​ទាន់​បាន​លក់ខ្សែ.កនោះ​​ផង ​ក៏​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន ព្រមទាំង​ដកហូត​ខ្សែ​.កមក​វិញ​ប្រគល់​អោយ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយា​ល័យ​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វ​លា​ម៉ោង​៥​និង​៣០​នាទី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ​នៅ​ចំណុច​មុខ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ឈ្មោះ ស៊ី វុ​ទ្ធី ហៅ​លឹប ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​​កុមារី​រង​គ្រោះ​ឈ្មោះ ឡុ​ង សារាយ​ឆាយ​យ៉ា​វ៉ា​ន់ អាយុ​២​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​រត់​លេង​ជាមួយ​ក្មេង​ដទៃ​ទៀត​នៅ​ភូមិ​ឃុំ​ខាងលើ ពេល​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ដោះ​ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​ពី​ក្មេង​ស្រី​រង​គ្រោះ នៅ​ពេល​ដែល​ក្មេង​ស្រី​រង​គ្រោះ​រត់​លេង​ជាមួយ​ក្មេង​ៗ​ដទៃ​ទៀត​នៅ​មុខ​ផ្ទះ​ជួល​នោះ​។ ក្រោយ​ធ្វើ​សកម្មភាព​ដោះ​ខ្សែ​ក​ក្មេង​ស្រី​រង​គ្រោះ​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​រត់គេច​ខ្លួន និង​ប្រុង​យក​ខ្សែ​ក​ប្លា​ទី​ន​នោះ​ទៅ​លក់ដែរ​ តែ​មិន​ទាន់​បាន​លក់​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន និង​នាំ​យក​មក​កាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោះ​ខ្សែ​ក​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន​។

ក្រោយ​ស្តាប់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​រួច​មក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕