ក្រោយ​ម្ចាស់​ចេញ​ក្រៅបាត់​ លុះ​ត្រឡប់​មក​​វិញ​អស់​ជិត​២​ម៉ឺន​ដុល្លារ​

  • សៅរ៍ ០៦ កក្តដា, ២០១៩ ០៨:៣០

ខេត្តបាត់ដំបង ៖ មាន​ករណី​ជនសង្ស័យ​ដែល​គេ​សន្និដ្ឋាន​ថា​អាច​មាន​បក្ខពួក​យ៉ាងតិច​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​យក​លុយ​និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ដែល​សរុប​ជិត​២​ម៉ឺន​ដុល្លារ​ ​ហើយ​ត្រូវ​បាន​​គេ​ប៉ាន់ស្មាន​ថា​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​៨​និង​៣០​នាទី​រហូត​ដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា នៅ​ក្នុងភូមិ​កំពង់​ម្ដោ​ក ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខណៈ​ដែល​ម្ចាស់ផ្ទះ​រវល់​ចេញ​ទៅ​បង់ថ្លៃ​ភ្លើង ហើយ​បិទទ្វារ​ទុក​ចោល​។

អធិការ​ស្រុក​សង្កែ លោក​ស៊ុន សុវណ្ណ បាន​សរសេរ​នៅ​ក្នុង​របាយ​ការ​ណ៍​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ម៉ាច សុ​ជា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ជន​រង​គ្រោះ​ផ្នែក​ខាងក្រោយ រួច​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​បន្ទប់ ក្រោយ​ពេល​ស្ត្រី​រង​គ្រោះ និង​ស្វាមី​រួម​ទាំង​កូន​ៗ​ផង បាន​ជិះ​រថយន្ត​ចេញ​ទៅ​បង់ថ្លៃ​ភ្លើង​ផុត​បន្តិច​។ លុះ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទើប​ដឹង​រឿង​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​។

បើ​តាម​ចម្លើយ​បឋម​របស់​ជន​រង​គ្រោះ ដែល​សមត្ថកិច្ច​បាន​សួរនាំ អ្នកស្រី​ម៉ាច សុ​ជា ជា​ម្ចាស់​ផ្ទះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ ម្ដាយ​របស់​គាត់​បាន​ចេញ​ទៅ​ផ្សារ រីឯ​គាត់​និង​ស្វាមី រួម​ទាំង​កូន​តូច​ៗ​ផង បាន​បិទទ្វារ​ចាក់សោរ រួច​នាំ​គ្នា​ជិះ​រថយន្ត​ចេញ​ទៅ​ដល់​ថ្លៃ​ភ្លើង​នៅ​ឯ​ក្រុង​បាត់ដំបង​។

ស្ត្រី​ជា​ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​និយាយ​ទៀត​ថា នៅ​ពេល​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ បើកទ្វារ​ចូល​ក្នុងផ្ទះ ស្រាប់តែ​ភ្ញាក់​ព្រឺ​ត​ដោយសារ​ឃើញ​ទ្វារ​ក្រោយ​ចំហរ លុះ​ចូល​ក្នុង​បន្ទប់​ឃើញ​ស្នាម​គាស់​ទូ​រើ កកាយ ហើយ​ថែម​ទាំង​បាត់​លុយ និង​គ្រឿងអលង្ការ អស់​គ្មាន​សល់ ទើប​ផ្អើល​ឆោឡោ​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។

ជុំវិញ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​ខាងលើនេះ​ បើ​តាម​របាយ​ការ​ណ៏​របស់​លោក​ស៊ុន សុវណ្ណ អធិការ​ស្រុក​សង្កែ បាន​ឲ្យ​ដឹង​ថា ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ចោរលួច​រួម​មាន «​ប្រាក់​ដុល្លា​រ​ចំនួន​១២.២០០​ដុល្លារ​, ប្រាក់​ខ្មែរ​ចំនួន​១​លាន​រៀល​, ខ្សែដៃ​មាន​១​ខ្សែ​ទម្ងន់​៥​ជី​, ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​៥​ជី​, ចិញ្ចៀនមាស​១​វង់​តំលៃ​៤០០​ដុល្លារ​, កងដៃ​ប្លា​ទី​ន​របស់​កូន​១​គួ​, ខ្សែ​ក​ប្លា​ទី​ន​របស់​កូន​១​ខ្សែ និង ខ្សែ ជើង​ប្លា​ទី​ន​១​ខ្សែ​តំលៃ​១៥០​ដុល្លារ​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ក្រុម​ជនសង្ស័យ​អាច​មាន​បក្ខពួក​យ៉ាងតិច​២​នាក់ ហើយ​ក្រុម​ជនសង្ស័យ​ទំនងជា​បាន​តាមដាន​ឃ្លាំមើល​សកម្មភាព​គ្រួសារ​ជន​រង​គ្រោះ​ចេញ​-​ចូល​ផ្ទះ​គ្រប់ពេល ទើប​ក្រុម​ជនសង្ស័យ​អាច​ឆ្មក់​ចូល​ធ្វើ​សកម្មភាព​បាន​ដោយ​សុវត្ថិភាព​បែប​នេះ ពេល​ដែល​ម្ចាស់ផ្ទះ​រវល់​ចេញ​ក្រៅ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត បាន​ថ្លែង​ថា បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​លោក​អធិការ​ស្រុក​សង្កែ ជុំវិញ​ករណី​ក​គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​ខាងលើ​នេះ ទំនង​មិន​ទាន់​មាន​តម្រុយ​អំពី​មុខសញ្ញា​ជន​ប្រព្រឹត្ត​នៅ​ឡើង​ទេ​។ ប៉ុន្តែ​លោកស្នងការ​រង​បាន​បញ្ជាក់​ថា ពេល​នេះ​លោកស្នងការ​ខេត្ត បាន​ជម្រុញ​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការ​ស្រុក​សង្កែ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ហើយ​៕