ស្រ្តីក្រីក្រម្នាក់ឆ្លងទន្លេលើអូប័រឆ្លងកាត់ព្យុះភ្លៀង ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះទាំងម្តាយ និងកូនដោយសុវត្ថិភាព

  • សៅរ៍ ០៦ កក្តដា, ២០១៩ ១៣:១១

(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានចុះសួរសុខទុក្ខស្រី្ត ដែលសម្រាលកូននៅលើអូប័រ និងបានពាំនាំនូវអំណោយ របស់អនុសាខាកាកបាតក្រហមកម្ពុជា ស្រុកមណ្ឌលសីមា មានសម្ភារទារក និងភេសជ្ជៈ ជូនស្ត្រីសម្រាលកូន។ ក្នុងគ្រានោះដែរ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏បានផ្តល់ថវិកាចំនួន ១០០ដុល្លារអាមេរិកផងដែរ។

គួរជម្រាបថា ស្ត្រីក្រីក្រម្នាក់បានឈឺពោះឆ្លងទន្លេ មេឃកំពុងមានព្យុះភ្លៀងនៅរសៀលម៉ោង៤ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើដងព្រែកកោះប៉ោរ ស្ថិតនៅភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ស្រី្តសម្រាលកូននៅអូប័រ មានឈ្មោះ តាក់តែង ឡៃហៀង អាយុ២៥ឆ្នាំ ប្តីឈ្មោះ ពុធ ចាន់ថន អាយុ៣០ឆ្នាំ មានទីលំនៅភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា មានមុខរបរជាអ្នកនេសាទ។

បុរសជាប្តីឈ្មោះ ពុធ ចាន់ថន បាននិយាយថា មុនដំបូងប្រពន្ធត្អូញថាឈឺពោះតិចៗ គាត់ក៏ជួលអូរប័រដឹកប្រពន្ធ ទៅមន្ទីរពេទ្យបង្អែក ស្រាប់តែឡើងលើអូប័រ ប្រពន្ធគាត់ចាប់ឈឺខ្លាំងកើតតែម្តង។ ក្រុមលោកគ្រូពេទ្យទៅជួយសង្រ្គោះ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ក្រុមគ្រូពេទ្យបានរៀបចំបរិក្ខាពេទ្យ ចេញដំណើរភ្លាមដោយមិនអែអង់ឡើយ ហើយចំពោះសុខភាពទារក និងម្តាយ មានសុខភាពល្អជាធម្មតាទេ ដោយមានការយកចិត្តទុក្ខ របស់ក្រុមគ្រូពេទ្យ។

លោក ហាក់ ឡេង បានថ្លែងថា សាខាកាកបាតក្រហមកម្ពុជា មិនបោះបង់ប្រជាពលរដ្ឋទេ។ ជាក់ស្តែង គ្រាន់តែបានទទួលព័ត៌មាន ពីការទុក្ខលំបាករបស់ប្រជាពលរដ្ឋ កាកបាតក្រហមកម្ពុជា តែងចុះជួយដល់ទីកន្លែង និងជួយដោះស្រាយក្នុងនាមជាសិល្បៈចែករំលែក ទោះបីច្រើនក្តី តែអាចសម្រួលបានក្នុងគ្រួសារបានមួយគ្រា ហើយក៏មិនបានគិតពីនិន្នាការ នយោបាយណាមួយឡើយ៕