មករកគុកដោយខ្លួនឯង…ឪចាប់កូនប្រុសបោកសម្លាប់

  • អាទិត្យ ០៧ កក្តដា, ២០១៩ ០៨:២៦

ខេត្តសៀមរាប ៖ ជនសង្ស័យជាឪពុក​ឈ្មោះ ផា្ល​យ វិ​ភ័ត ​បាន​សារភាព​ថា កាលពី​យប់​ថ្ងៃ​ទី​២៧ ​មិថុនា ​នោះ រូបគេ​ពិតជា​បាន​ចាប់​កូនប្រុស​បង្កើត​បោក​នឹង​សសរផ្ទះ​មែន ព្រោះ​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយនឹង​ប្រពន្ធ ហើយ​ប្រពន្ធ​បាន​បណ្តេញ​រូបគេ​ចេញពីផ្ទះ ដោយ​ទប់​កំហឹង​មិន​បាន ​ក៏​ធ្វើ​រឿង​មិន​គប្បី​ទៅ​លើ​កូន​តែ​ម្តង ។ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​មក រូបគេ​ក៏​បាន​គេច​ទៅ​នៅ​ភ្នំពេញ​១​រយៈ ហើយ​នៅ​មិន​សុខ​ត្រឡប់​ចូល​មក​ទឹកដី​ខេត្តសៀមរាប​វិញ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ។

គួរបញ្ជាក់ថា ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ប្រា​សាទបាគង និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មាន​ជ័យ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ដែលចាប់ជើង​កូន​បោក​ផ្ទប់​នឹង​សសរផ្ទះ​ស្លាប់ ។ បុរស​រូប​នេះ​ ឈ្មោះ ផ្លា​យ វិ​ភ័ត អាយុ​៣១ឆ្នាំ នៅ​ភូមិ​តា​ប្រាក់ ឃុំ​មាន​ជ័យ ស្រុក​ប្រា​សាទបាគងបាន​ចាប់​បោក​កូនប្រុស​តូច​នឹង​សសរ​ស្លាប់ កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា កន្លង​ទៅ នៅ​នឹង​ផ្ទះ​របស់​ខ្លួន​ក្នុងភូមិ-ឃុំខាងលើ និង​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ។

លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង ថ្លែង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ជន​ឈ្មោះ ផ្លា​យ វិ​ភ័ត បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​ឈ្មោះ សោម សុខុម អាយុ​២៨​ឆ្នាំ មុខរបរ​លក់​បន្លែ​នៅ​ផ្សា​រលើ​ធំ​ថ្មី ពី​រឿង​ម៉ូយ​យក​សណ្តែកកួរ​មិនល្អ​មក​ឱ្យ​លក់​ ហើយ​ប្រពន្ធ​ប្រើ​ប្តី​ឱ្យ​យក​ទៅ​ដូរ ។

ប៉ុន្តែ​ដោយ​ប្តី​មិន​ទៅ ប្រពន្ធ​យក​ទូរស័ព្ទ​របស់​ប្តី​មក​និយាយ​ប្រាប់​ម៉ូយ​ក៏​ប្តី​មិន​ឱ្យ​ទៀត ធ្វើ​ឲ្យ​មានការ​ឈ្លោះ​ប្រកែក​គ្នា​៣​ ទៅ​៤​ម៉ាត់ ។ ពេល​នោះ ​ប្រពន្ធ​ដើរទៅយក​ទឹក ឯ​ប្តី​បាន​ទៅ​ចាប់​លើក​កូនប្រុស​ឈ្មោះ ផាង ផល្លា អាយុ​១​ឆ្នាំ​២​ខែ ដែល​កំពុង​ដេក យក​ទៅ​បោក​នឹង​សសរផ្ទះ​បាយ​បណ្តាល​ឱ្យ​សន្លប់ បន្ទាប់​មក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​កូនប្រុស​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ក្រោយ​ពី​ធ្វើអំពើ​ដ៏​កំណាច​នេះ​ហើយ ជន​នេះ​ក៏​បាន​រត់គេច​ខ្លួន​បាត់​ពី​ស្រុក​កំណើត​មួយ​រយៈ​ទៅ​រស់នៅ​កន្លែង​ផ្សេង ។

លុះ​មក​ដល់​វេលា​ម៉ោង​ប្រមាណ​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​សមត្ថកិច្ច​ទទួល​ព័ត៌មាន​ថា ជនសង្ស័យ​ធ្វើ​ដំណើ​រ​តាម​រថយន្តក្រុង​ចូល​មក​ខេត្តសៀមរាប ក៏​បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល​ក្នុង​មូលដ្ឋាន​ដែល​ជនសង្ស័យ​ឧស្សាហ៍​ចេញចូល គឺ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ។ រហូត​ដល់​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ចរ​ឃាត់ខ្លួន​សង្ស័យ​បាន​រួច​នាំ​យក​មក​សាកសួរ​។ (សម្រួលដោយ៖ ស្រីណា)