ការ​ពិតពី​​​ក្រោយ​ចម្លើយ​សារភាព​​បុរស​ម្នាក់​​ថា ធ្វើ​ដូច្នេះ​​ព្រោះ​គ្មាន​​លុយឱ្យ​​កូន​រៀន (​​វី​ដេ​អូ​)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៤:៤២

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា លោក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ជា​ចោរ​កាច់​សោ​.​ក​ម៉ូតូ​ក្រោយ​ពេល​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ថា មក​ពី​អត់​លុយ​ឲ្យ​កូន​រៀន ទើប​ដាច់​ចិត្ត​លួច​ម៉ូតូ​នោះ គឺជា​ការ​កុហក សូ​ម្បី​តែ​ឈ្មោះ​ពិត​របស់​ខ្លួន​ក៏​ជន​នេះ​កុហក​ដែរ​។

តាម​ពិត​ជនសង្ស័យ​ខាងលើ គឺជា​មុខសញ្ញា​ចាស់​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​យ៉ាង​សកម្ម និង​ធ្លាប់​ត្រូវ​កម្លាំ​ង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដាក់​ពន្ធនាគារ និង​ទើបតែ​ចេញ​បាន​៣​ខែ​ប៉ុណ្ណោះ​។ បើ​មើល​មួយ​ភ្លែត​ច្បាស់​ជា​ច្រឡំ​ថា ជន​នេះ​ជា​ចិន​មិន​ខាន ហើយ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ជន​ម្នាក់​នេះ មានឈ្មោះ​ពិត​ផ្សេង​មួយទៀត​។

លោក​អធិការ​ថ្លែង​បន្ត​ទៀត​ថា ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ កក្កដា ខណៈ​លួច​ម៉ូតូ​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥១ ផ្លូវ​២០A ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ។ ក្រោយ​ចាប់ខ្លួន​បាន​ភ្លាម​ៗ ជន​សង្ស័យ​​សារភាព​ថា ខ្លួន​ឈ្មោះ​សុខ ឆេ​ង អាយុ​៤៥​ឆ្នាំ មុខ​រត់​ម៉ូតូ​កង់​បី មានស្រុក​កំណើត​ក្នុងភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ និង​និយាយ​ថា ខ្លួន​អត់​មាន​លុយ​ដើម្បី​ឲ្យ​កូន​រៀនសូត្រ ទើប​សម្រេចចិត្ត​លួច​កាច់​សោ​.​ក​ម៉ូតូ​ដើម្បី​យក​ទៅ​លក់​យក​លុយ​ឲ្យ​កូន​រៀន​ប៉ុន្តែ​កម្លាំង​របស់​លោក​មិន​ជឿជាក់​ឡើយ និង​បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ដឹង​ការ​ពិត​។

ប្រភព​ដដែល​បន្ត​ថា បើ​ផ្អែក​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ជន​នេះ​ឈ្មោះ​ចាន់ វី អាយុ​៤៥​ឆ្នាំ មាន​ឪពុក​ឈ្មោះ ឃី ចាន់ និង​ម្ដាយ​ឈ្មោះ​តាំង មួយ មាន​ទីលំនៅ​ក្នុងភូមិ​ឆ្លូង ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ និង​មាន​ប្រពន្ធ​ឈ្មោះ ថា ធា​រ៉ា ប៉ុន្តែ​បាន​លែងលះ​គ្នា​ទៅ​ហើយ​។ មិនតែប៉ុណ្ណោះ​ជន​ខាងលើ ធ្លាប់​ត្រូវ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៦ ឧសភា ២០១៨ ខណៈ​លួច​ម៉ូតូ​១​គ្រឿង​នៅ​តាម​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុង​ក្រុម​ទី​៣ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។

ចំណែកឯ​ឈ្មោះ​សុខ ឆេ​ង គឺជា​ឈ្មោះ​ក្លែងក្លាយ​ប៉ុណ្ណោះ ហើយ​ការ​សារភាព​ថា លួច​ព្រោះ​គ្មាន​លុយ​ឲ្យ​កូន​រៀន​នោះ ក៏​ជា​ការ​កុហក​ដែរ មិន​ពិត​ឡើយ រីឯ​អ្វី​ដែល​ពិត​គឺ​ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​លួច​យ៉ាង​សកម្ម​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)