ហួស​ថ្លែង​​​! ចាក់សោ​ផ្ទះ និង​ចាក់​សាំង​ដុត​ផ្ទះ​​ស្លាប់​ប្រពន្ធ និង​កូន​យ៉ាង​វេទនា (មាន​វីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៥:៥២

ខេត្ត​សៀម​រាម ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង​ដោយ​បុរស​ជា​ប្តី​ខឹង​ប្រពន្ធ​និង​កូន​រត់​មក​ពួន​ស​ង្ងំ​នៅផ្ទះ​ឪពុក​ម្តាយ​របស់​ខ្លួន ក៏​បាន​ទិញ​សាំង រួច​ចាក់សោ​ផ្ទះ​មិន​ឱ្យ​ប្រពន្ធ​និង​កូន​ចេញ រួច​ដុត បណ្តាល​ឱ្យ​ឆេះ​ហ្មត់​ស្លាប់​ទាំងអស់​គ្នា ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​ផ្ទះ​របស់​ឪពុក​ម្តាយ ក្មេក ស្ថិត​ក្នុងភូមិ​ស្វាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

គ្រួសារ​រង​គ្រោះ​ខាងលើ​នេះ ដោយ​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ គង់ ចំណាន អាយុ​៣៤​ឆ្នាំ មុខរបរ កម្មករ​សំណង់ ហើយ​ប្រពន្ធ​ឈ្មោះ ជី ស្រី​មុំ អាយុ​៣៣​ឆ្នាំ និង​កូន​តូច​ម្នាក់​ឈ្មោះ មេត្តា ភេទ​ប្រុស អាយុ​២​ខែ ក៏​នៅ​លើ​ផ្ទះ​ទាំងអស់ ។ ដោយឡែក​ផ្ទះ​ដែល​ឆាបឆេះ​ខាងលើ​នេះ ជា​របស់​ឪពុក​ម្តាយក្មេក ដែល​មាន​ប្តី​ឈ្មោះ ជី ជុំ អាយុ​៥៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មុ​យ រឿ​ត អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​កើតហេតុ​ជនសង្ស័យ​ជា​ប្តី​បាន​ទិញ​សាំង​២​ដប​មក​ចាក់​ដុត​ផ្ទះ​ឪពុក​ម្តាយក្មេក ដោយ​ចាក់សោ​ទ្វារ​ខាងក្នុង​ផ្ទះ ហើយ​ប្រពន្ធ និង​កូន​តូច​ម្នាក់​ទៀត​អាយុ​២​ខែ​ក៏​នៅ​លើ​ផ្ទះ​ទាំងអស់ បណ្ដាល​ឱ្យ​ឆេះ​ស្លាប់​មួយ​គ្រួសារ​៣​នាក់ (​ប្តី​ប្រពន្ធ​និង​កូន​)​តែ​ម្តង​។ ផ្ទះ​ដែល​ឆេះ​ខាងលើ​នេះ ទំហំ ៦,៥x៩​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ ប្រក់​ក្បើ​ង ជញ្ជាំង​ក្ដារ កំពស់​៤​ម៉ែត្រ និង​ខូចខាត​ទ្រព្យសម្បត្តិ​អស់ទាំង​ស្រុង​តែ​ម្តង ៕

(​កែសម្រួល​ដោយ ៖ បុប្ផា​)