បុរសម្នាក់សុខចិត្តពាក់អាវចំនួន១៥អាវ ដោយសារកាបូបដាក់អីវ៉ាន់លើសទម្ងន់ នៅព្រលានយន្ដហោះ (មានវីដេអូ)

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ០៩:៤៣

បារាំង៖ បុរសជនជាតិស្កុតឡែនម្នាក់ បានយកកាបូបដែលផ្ទុកអីវ៉ាន់លើសទម្ងន់សម្រាប់ជើងហោះហើររបស់គាត់ បែរជាត្រូវបង្ខំចិត្តយកអាវចំនួន១៥អាវមកពាក់លើខ្លួននៅពេលដែលមកដល់កន្លែង check-in។ 

ុគាត់កំពុងយកអាវមកពាក់

យោងតាមប្រភពបានឲ្យដឹងថា បុរសជនជាតិស្កុតឡែន រួមទាំងប្រពន្ធនិងកូនប្រុសរបស់គាត់បានរៀបចំចេញដំណើរទៅកាន់ទីក្រុង Edinburgh វិញ បន្ទាប់ពីបានបញ្ចប់ថ្ងៃសម្រាកលំហែកាយនៅប្រទេសបារាំងរួច។ នៅពេលមកដល់អាកាសយានដ្ឋាន ចូលមកដល់កន្លែង check-in ទើបដឹងថាកាបូបដាក់អីវ៉ាន់របស់គាត់លើសទម្ងន់ដែលគេបានកំណត់។ ដោយមិនចង់ឲ្យបុគ្គលិកនៅកន្លែង check-in ផាកពិន័យជាប្រាក់ លោកក៏បង្ខំចិត្តយកអាវមកពាក់លើខ្លួនចំនួន១៥អាវ។ 

កូនប្រុសរបស់គាត់បានប្រាប់ប្រភពឲ្យដឹងថា «ពួកយើងចំណាយលុយច្រើនណាស់ទៅលើថ្ងៃសម្រាកលំហែកាយរបស់យើង, ដូច្នេះហើយបានជាប៉ារបស់ខ្ញុំមិនចង់ចំណាយលុយទៅលើការផាកពិន័យទៀតទេ។ ប៉ារបស់ខ្ញុំពិតជាកំប្លែងណាស់ គាត់បានធ្វើឲ្យបុគ្គលិកនៅនោះសើចទៀតផង។ នៅក្នុងកាបូបដាក់អីវ៉ាន់នោះក៏មានខោអាវខ្ញុំខ្លះដែរ។»

តាមប្រភពបានឲ្យដឹងទៀតថា វីដេអូមួយនេះបានថតដោយកូនប្រុសរបស់គាត់ បានធ្វើឲ្យមានការផ្ទុះសំណើចយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Twitter។ មានការចែករំលែកយ៉ាងច្រើនលើបណ្ដាញអ៊ីនធើណេត ធ្វើឲ្យបុរសនោះមានភាពខ្មាសអៀននូវសកម្មភាពដែលគាត់បានធ្វើ ប៉ុន្ដែគាត់បែរអស់សំណើចនឹងខ្លួនឯងទៅវិញ៕

សូមទស្សនាវីដេអូខាងក្រោម៖