បិទទ្វារហាងតែគុជមួយកន្លែង ក្រោយរកឃើញថាពួកគេបានប្រើប្រាស់ផ្លែឈើរលួយ គ្មានគុណភាពឱ្យភ្ញៀវហូប (មានវីដេអូ)

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៣:០៨

ចិន៖ ហាងតែគុជមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ត្រូវបានបិទទ្វារសម្រាប់ការស៊ើបអង្កេត បន្ទាប់ពីអ្នកយកព័ត៌មានក្នុងស្រុកម្នាក់ បានបន្លំខ្លួនធ្វើជាបុគ្គលិកនៅក្នុងហាង និងបានលួចថតពីសកម្មភាពមិនគួរគប្បីមួយចំនួនដែលពួកគេបានអនុវត្តនៅក្នុងហាង។

យោងតាមវីដេអូលួចថតដោយសម្ងាត់បានឱ្យដឹងថា បុគ្គលិកនៅក្នុងហាងនេះ បានប្រើប្រាស់ផ្លែឈើរលួយដែលគ្មានគុណភាពក្រឡុកឱ្យភ្ញៀវហូបជាហូរហែ។ ដោយក្នុងនោះយើងសង្កេតឃើញថា ពួកគេបានចិតផ្លែឈើ ដោយពុំបានលាងដៃឱ្យបានត្រឹមត្រូវ បន្ទាប់ពីបានប៉ះពាល់សំរាម ឬក៏បានប្រើប្រាស់ទូរស័ព្ទដៃរួច។

បន្ថែមពីនេះទៀត អ្នកយកព័ត៌មានដែលបន្លំខ្លួនធ្វើជាបុគ្គលិកនោះ ត្រូវបានណែនាំឱ្យប្រើប្រាស់ផ្លែស្វាយដែលទុំជោរខ្លាំង ប្រែពណ៌ ពុំមានគុណភាព ក្រឡុកឱ្យភ្ញៀវហូបទៀត។

ក្នុងនោះនៅក្នុងវីដេអូឃ្លីបបានបង្ហាញពីការសន្ទនាថា៖

«យកផ្លែឈើរលួយក្រឡុកលាយជាមួយអាល្អទៅ។» (អីចឹងគ្មានអ្នកណាដឹងនោះទេ)

ម្យ៉ាងវិញទៀត ក្នុងនោះដែរ យើងសង្កេតឃើញថា បុគ្គលិកហាងម្នាក់មានអារម្មណ៍អាក្រក់ដោយប្រើប្រាស់ផ្លែឈើរលួយឱ្យក្មេងហូប ហើយនាងបម្រុងនឹងយកអាល្អក្រឡុកឱ្យក្មេងហូបទៅហើយ ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងហាងបញ្ជានាងឱ្យយកអារលួយឱ្យគេទៅវិញ។

ក្នុងនោះដែរ នាងបាននិយាយថា៖

«ខ្ញុំមានអារម្មណ៍អាក្រក់ណាស់។ វាមិនគប្បីនឹងមនសិការខ្ញុំទេ។»

យ៉ាងណាមិញ រឿងនេះបានល្បីពេញស្រុកចិន។ បច្ចុប្បន្នសមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតចំពោះករណីមួយនេះផងដែរ។

ដោយឡែក ខាងម្ចាស់ហាងវិញក៏បានទទួលស្គាល់កំហុស និងសូមទោសចំពោះរឿងមួយនេះផងដែរ។ ហើយពួកគេរីករាយនឹងសហការជាមួយនឹងការស៊ើបអង្កេតមួយនេះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖