ហេតុតែស្រលាញ់ខ្លាំង! បុរសជនជាតិចិនម្នាក់ ទំនងមិនបានងូតទឹកមួយខែ ដើម្បីលួចតាមដានសង្សារចាស់

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៣:១៥

ចិន៖ បុរសម្នាក់បានចំណាយពេលរស់នៅក្នុងឡាន ដោយមិនបានងូតទឹកចំនួនមួយខែ ដើម្បីចាំតាមដានសង្សារចាស់របស់គាត់។ នេះបើយោងតាមសារព័ត៌មានភាសាចិន SinChew បានចុះផ្សាយកាលពីពេលថ្មីៗនេះ។

យោងតាមប្រភពដដែលបានឲ្យដឹងថា បុរសនោះមាននាមត្រកូល Liu បានរៀបការជាមួយស្រីម្នាក់ដែលបានស្គាល់គ្នាតាមរយៈហ្គេមអនឡាញមួយ។ អំឡុងពេលកំពុងប្រើប្រាស់ជីវិតអាពាហ៍ពិពាហ៍ លោក Liu បានលួចមានមិត្តស្រីម្នាក់ឈ្មោះថា Tang។ ជាដំបូងអ្នកនាង Tang មិនបានដឹងទេថាមិត្តប្រុសដែលនាងកំពុងទាក់ទងបានរៀបការរួចហើយ។ បន្ទាប់ពីនាងបានដឹងការពិត ពួកគេទាំងពីរក៏បានចែកផ្លូវគ្នា។ លោក Liu ក៏បានលែងលះជាមួយប្រពន្ធរបស់គាត់ ដើម្បីទៅរកអ្នកនាង Tang វិញ។

អ្នកនាង Tang បាននិយាយថា «អតីតមិត្តប្រុសរបស់ខ្ញុំ បានលួចតាមដានខ្ញុំជិត២ឆ្នាំមកហើយ។ មានថ្ងៃមួយ គាត់បានព្យាយាមចាប់បង្ខំខ្ញុំចូលទៅក្នុងឡានទៀតផង។ ខ្ញុំបានព្យាយាមគេចពីស្រុកកំណើត Hunan ទៅរស់នៅ Jiansu ប៉ុន្ដែគាត់នៅតែតាមរកកន្លែងដែលខ្ញុំរស់នៅឃើញ។ គាត់ថែមទាំង បោះតង់នៅជិតឡានរបស់គាត់ ដើម្បីរង់ចាំឱកាសចាប់ខ្ញុំ។ មានថ្ងៃមួយពាក់កណ្ដាលយប់ គាត់បានលបចូលក្នុងផ្ទះរបស់ខ្ញុំ ដោយចាប់ច្របាច់.កខ្ញុំទៀតផង សំណាងល្អដែលខ្ញុំអាចរើរួចហើយស្រែក ទើបគាត់រត់គេចខ្លួនបាត់ទៅ។ ខ្ញុំស្ទើរតែសន្លប់ទៅហើយ ដោយសារក្លិនខ្លួនរបស់គាត់ ដូចមនុស្សមិនបានងូតទឹកពេញមួយខែ។»

ចុងក្រោយលោក Liu បានសារភាពប្រាប់ប៉ូលិសថា «ខ្ញុំស្រលាញ់នាងខ្លាំងពេក ទើបបណ្ដាលឲ្យមានឥរិយាបថបែបនេះកើតឡើង»។ ទោះយ៉ាងណាប៉ូលិសកំពុងស៊ើបអង្កេតចំពោះករណីនេះបន្ត៕

រូបអ្នកនាងTang