ប្ដីចិត្តព្រៃផ្សៃម្នាក់ សម្លាប់ប្រពន្ធរួចយកសាកសពទៅលាក់ទុកក្នុងទូរទឹកកក បន្ទាប់មកយកកាតធនាគាររបស់ប្រពន្ធដើរលេងជាមួយស្រីថ្មី

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៥:៣៩

សៀងហៃ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តុលាការជាន់ខ្ពស់ ក្នុងទីក្រុងសៀងហៃ បានផ្តន្ទាទោសប្រហារជីវិតបុរសម្នាក់ដោយសារគាត់បានសម្លាប់ប្រពន្ធ។ បុរសនោះបានយកសាកសពប្រពន្ធទៅលាក់ក្នុងទូរទឹកកកចំនួន១០៦ថ្ងៃ។

យោងតាមប្រភពបានឲ្យដឹងថា ជនល្មើសនិងជនរងគ្រោះជាប្ដីប្រពន្ធនឹងគ្នា។ ពួកគេទាំងពីរនាក់ចាប់ផ្ដើមមានទំនាស់ជាមួយនឹងគ្នា បន្ទាប់ពីបានរៀបការហើយ១០ខែ។ បុរសជាប្ដីបានចាប់ច្របាច់.កប្រពន្ធដល់ស្លាប់ រួចយកសាកសពទៅលាក់ទុកក្នុងទូរទឹកកក។ បន្ទាប់ពីសម្លាប់ប្រពន្ធរួច បុរសជាប្ដីដែលមានឈ្មោះថា Zhu Xiaodong បានចាយលុយក្នុងកាតធនាគាររបស់ប្រពន្ធអស់ជិត ១៥០.០០០យ័ន (២១៧០០ដុល្លារ) ទៅលើការដើរកម្សាន្តនៅ ខេត្ត Hainan, ទីក្រុង Nanjing, ទីក្រុង Xuzhou និងប្រទេសកូរ៉េខាងត្បូងជាមួយស្រីថ្មី ដើម្បីបំភ្លេចនូវអ្វីដែលគាត់បានធ្វើទៅលើប្រពន្ធ។ លើសពីនេះទៅទៀត គាត់បានប្រើប្រាស់គណនីបណ្ដាញសង្គមរបស់ប្រពន្ធ ដើម្បីឆ្លើយតបសារជាមួយគ្រួសារនិង មិត្តភក្តិរបស់ប្រពន្ធទៀតផង។

ទីបំផុតនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ គ្រប់យ៉ាងត្រូវបានបែកធ្លាយ នៅពេលដែលគ្រួសារខាងប្រពន្ធបានអញ្ចើញគាត់រួមទាំងប្រពន្ធឲ្យចូលរួមពិធីជប់លៀងខួបកំណើតរបស់ឪពុក។ នៅថ្ងៃដដែលនោះ បុរសជាប្ដីបានសំរេចចិត្តប្រគល់ខ្លួនឲ្យប៉ូលិសព្រមសារភាពរឿងគ្រប់យ៉ាង ដោយសារគិតថាមិនអាចលាក់បាំងបានទៀតទេ។

ប៉ូលិសបានឲ្យដឹងថា ទូរទឹកកកដែលជនល្មើសបានទិញតាមអនឡាញគឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។ ជនល្មើសបានប្រាប់ថា ទិញដើម្បីដាក់សាច់សត្វពស់ សាច់សត្វកង្កែប និងសាច់សត្វផ្សេងៗទៀត។ យ៉ាងណាមិញ គ្រួសារសពបានជឿជាក់ថា ករណីនេះគឺជាករណីឃាតកម្មដែលគ្រោងទុកជាមុន ទើបបណ្ដាលឲ្យជនល្មើសទិញទូរទឹកកកបែបនេះ។

សូមបញ្ជាក់ដែរថា ការកាត់ទោសប្រហារជីវិតបុរសជាប្ដី ត្រូវបានចេញដោយតុលាការ ជាន់ខ្ពស់ ក្នុងទីក្រុងសៀងហៃ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ៕

បុរសជាប្ដីកំពុងនៅក្នុងតុលាការ