នារីក្លាហានម្នាក់វាយពស់វែករហូតដល់ងាប់ ក្រោយឈ្លោះគ្នាជាមួយសង្សារ... ពេលនេះល្បីពេញបណ្តាញសង្គម

  • ច័ន្ទ ០៨ កក្តដា, ២០១៩ ១៦:៣០

WARNING: GRAPHIC IMAGE

ម៉ាឡេស៊ី៖ មនុស្សម្នាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយនារីម្នាក់បានបង្ហោះរូបថតដែលនាងបានវាយពស់វែករហូតដល់ងាប់។

យោងតាមម្ចាស់គណនី Twitter ឈ្មោះ @ybmisai97 បានឱ្យដឹងថា ខណៈពេលនាងកំពុងតែមានអារម្មណ៍មួរម៉ៅ បន្ទាប់ពីឈ្លោះគ្នាជាមួយនឹងសង្សាររួច ស្រាប់តែនាងបានឃើញពស់វែកមួយក្បាលបង្ហាញខ្លួនក្នុងផ្ទះរបស់នាងនៅតំបន់ Tanjong Karang រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី។

ដោយក្តៅចិត្តស្រាប់ មិនបានភ័យអ្វីទេ ផ្ទុយទៅវិញនាងបែរជាទៅយកវែកសម្លពីផ្ទះបាយ វាយសំពងពស់វែកនោះរហូតដល់ងាប់តែម្តង។

ក្រោយមក នាងក៏បានបង្ហោះរូបថតដោយសរសេររៀបរាប់ថា៖

«ថ្ងៃក្រោយកុំបង្ហាញខ្លួន នៅពេលយើងមានអារម្មណ៍មួរម៉ៅ។ ឯងនឹងងាប់អីចឹង។»

បន្ថែមពីនេះទៀត នាងក៏បានរៀបរាប់ទៀតថា៖

«ខ្ញុំបានសម្លាប់វាដោយប្រើប្រាស់វែកសម្លដ៏ធំមួយ។ ខ្ញុំកំពុងតែមានអារម្មណ៍មិនល្អផង ព្រោះទើបតែឈ្លោះគ្នាជាមួយមិត្តប្រុសហើយ។ ដូច្នេះវាក៏បង្ហាញខ្លួន ខ្ញុំក៏វាយសម្លាប់វាយកតែម្តង។»

យ៉ាងណាមិញ រូបថតនេះបានល្បីពេញបណ្តាញសង្គម Twitter ហើយមានមនុស្សម្នាជាច្រើនសុទ្ធសឹងតែភ្ញាក់ផ្អើលចំពោះរឿងមួយនេះ៕

សាររបស់ @ybmisai97 សរសេរលើ Twitter