ផ្លូវការ! Leicester ទិញបាន ជម្រើសជាតិប៊ែលហ្សិក ម្នាក់បំបែក តម្លៃឯតទគ្គកម្មក្លិប

  • អង្គារ ០៩ កក្តដា, ២០១៩ ០៩:៣៥

អង់គ្លេស៖ ម្ចាស់ជើងឯកក្របខណ្ឌ Premier League រដូវកាល ២០១៥-២០១៦ ក្លិប Leicester City បានប្រកាសជាផ្លូវការនូវសមាជិកថ្មីដែលនាំចូលជាមួយតម្លៃខ្លួនបំបែកឯតទគ្គកម្មក្លិប ៤០លានផោន (៥០លានដុល្លារ) គឺកីឡាករ Youri Tielmans ដែលផ្ទេរមកពីក្លិបបារាំង Monaco ជាមួយកុងត្រា ៤ឆ្នាំ។ 

កីឡាករ Youri Tielmans

ការប្រកាសជាកីឡាករផ្លូវការនេះ ធ្វើក្រោយពេលដែលខ្សែបម្រើរូបនេះបានចំណាយរយៈពេលកន្លះរដូវកាលជាមួយ Leicester City ក្នុងលក្ខខណ្ឌខ្ចីជើង។ រយៈពេលកន្លះរដូវកាល Youri Tielmans បង្ហាញខ្លួនលើវាលស្មៅបាន ១៣ដង រកគ្រាប់បាល់បាន ៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេចចំនួន ៤ដង។

កីឡាករ Youri Tielmans

Youri Tielmans គឺជាអតីតយុវជនរបស់ក្លិប Anderlecht មុននឹងត្រូវផ្លាស់ទៅបារាំងចូលរួមជាមួយ Monaco។ គេធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិប៊ែលហ្សិកចំនួន ២៣ដងក្នុងនាមជាខ្សែបម្រើ ហើយរូបគេក៏ជាម្នាក់ក្នុងចំណោមកីឡាករផ្សេងទៀតដែលជួយឲ្យប៊ែលហ្សិកទទួលបានចំណាត់ថ្នាក់លេខ ៣នៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្នុងប្រទេសរុស៊្សី។

កីឡាករ Youri Tielmans

“វាជាអារម្មណ៍មួយយ៉ាងរំភើបដែលចុះកិច្ចសន្យាកុងត្រាជាមួយក្លិបនេះ។ តាំងពីខ្ញុំមកដល់ដំបូងក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលុន កីឡាករទាំងអស់ ក្រុមការងារគ្រូបង្វឹក និងអ្នកគាំទ្រគឺពិតជាពិសេស និងអស្ចារ្យសម្រាប់ខ្ញុំ, ដូច្នេះខ្ញុំពិតជាសប្បាយចិត្តដែលអាចក្លាយខ្លួនជាកីឡាករម្នាក់របស់ Leicester City។” Youri Tielmans និយាយប្រាប់ទៅកាន់គេហទំព័ររបស់ក្លិបជុំវិញការមកចូលរួមជាមួយ Leicester។

កីឡាករ Youri Tielmans

គួរបញ្ជាក់ផងដែរថា Youri Tielmans គឺជាកីឡាករទីបីហើយដែល Leicester នាំចូលក្នុងទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីកីឡាករពីររូបមុនគឺ Ayoze Perez និង James Justin៕

ប្រភព៖ GOAL