នារីម្នាក់ទាត់ធាក់អ្នកបើកឡានក្រុង ព្រោះមិនចតឈប់នៅកន្លែងដែលនាងចង់ចុះ (មានវីដេអូ)

  • អង្គារ ០៩ កក្តដា, ២០១៩ ១៤:៥៩

ចិន៖ មាននារីម្នាក់ខឹងសម្បារយ៉ាងខ្លាំង ដោយសារអ្នកបើកឡានក្រុងមិនព្រមចតឈប់នៅកន្លែងដែលនាងចង់ចុះ។

ប្រភពបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣ ខែកក្កដា ដោយសារនារីឈ្មោះថា Chen បានបង្ខំឲ្យអ្នកបើកឡានក្រុងឈប់ចតនៅកន្លែងដែលនាងចង់ចុះ ប៉ុន្ដែកន្លែងនោះមិនមានផ្លាកសញ្ញាឲ្យឡានក្រុងចតឡើយ។ អ្នកបើកឡានក្រុងក៏ព្រមចតឈប់ឲ្យនាងចុះ រួចក៏ប្រាប់ថា លើកក្រោយពេលដល់ចំណតឡានក្រុងចាំចុះ។ លឺបែបនេះនាងក៏ខឹងបានគប់ដបទឹក ទៅលើអ្នកបើកឡានក្រុង ថែមទាំងទាត់ ធាក់និងព្យាយាមទាញចង្កូតឡានទៀតផង។

យោងតាមវីដេអូ នារីម្នាក់នោះបានឈរលើកៅអី ទាត់ធាក់អ្នកបើកឡានក្រុង និងព្យាយាមទាញទូរស័ព្ទពីអ្នកបើកឡានក្រុង នៅពេលដែលគាត់ទូរស័ព្ទទាក់ទងទៅប៉ូលិស។

ប៉ូលិសបានឲ្យដឹងថា នារីម្នាក់នោះត្រូវបានឃុំខ្លួនពីបទបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ និងអ្នកបើកឡានក្រុងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យ។

គួររម្លឹកដែរថា កាលពីខែតុលាឆ្នាំ២០១៨កន្លងទៅនេះ មានករណីនារីម្នាក់បានទាញចង្កូតឡាន ដោយសារខឹងអ្នកបើកឡានក្រុងជិះហួសចំណតដែលនាងចង់ចុះ។ បណ្ដាលឲ្យធ្លាក់ចុះទៅក្នុងទន្លេ និងស្លាប់មនុស្សចំនួន១៥នាក់៕

សូមទស្សនាវីដេអូខាងក្រោម៖