ទំនេរអត់ការងារធ្វើ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារកាត់តរូបពស់ដ៏ធំមួយបង្ហោះនៅលើបណ្ដាញសង្គម ដោយសរសេរថា នេះជាដើមហេតុធ្វើឲ្យរញ្ជួយដី

  • អង្គារ ០៩ កក្តដា, ២០១៩ ១៧:០១

ចិន៖ បុរសម្នាក់ត្រូវបានឃាត់ខ្លួន ដោយសារកាត់តរូបសត្វពស់ដ៏ធំមួយ រួចសរសេរថា នេះជាមូលហេតុដែលបណ្ដាលឲ្យមានរញ្ជួយដី បង្ហោះនៅលើបណ្ដាញសង្គម។

ប្រភពបានឲ្យដឹងថា បុរសនោះមានឈ្មោះថា Zhang អាយុ៥០ឆ្នាំ រស់នៅក្នុងខេត្ត Chogqping នៃប្រទេសចិន។ បុរសនោះបានបង្ហោះរូបកាត់តសត្វពស់ដ៏ធំមួយ ដោយសរសេរថា៖

«សត្វពស់មួយក្បាលមានប្រវែង ១២០ម៉ែត្រ និងទំហំ១.៥ម៉ែត្រ បានលោតចេញពីក្នុងទឹកនៅវេលាម៉ោង២:០០នាទីរសៀលនេះ ធ្វើឲ្យមនុស្សរាប់ពាន់នាក់ភ្ញាក់ផ្អើល។ គណៈកម្មាធិការខេត្តមានការបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ។ ក្រុមអ្នកជំនាញត្រូវបានគេបញ្ជូនទៅតំបន់នោះ ហើយគេបាននិយាយថាសត្វពស់នេះជាដើមហេតុធ្វើឲ្យមានការរញ្ជួយដី។»

គួររម្លឹកដែរថា កន្លងទៅនេះមានការរញ្ជួយដី ៦.០ រ៉ិចទ័រដែលបានវាយប្រហារនៅខេត្ត Yibin នៃប្រទេសចិន ដែលបានសម្លាប់មនុស្សអស់ចំនួន១៣នាក់។

តាមប្រភពបានឲ្យដឹងទៀតថា ប៉ូលិសបានធ្វើការឃាត់ខ្លួនបុរសនោះពីបទបង្កឲ្យមានភាពភ័យខ្លាចដល់សង្គម។ បុរសនោះក៏បានសុំទោស ចំពោះការកាត់តរូបភាពក្លែងក្លាយ ព្រោះគោលបំណងចង់លេងសើចតែបុណ្ណោះ៕

រូបភាពកាត់តនិងសារដែលគាត់បានសរសេរ
បុរសដែលជាអ្នកកាត់តរូប