ចុមខ្លាំងបាត់!! គ្រូ Man UTD ចេញមុខថាមិនមានការតថ្លៃសុំទិញ Pogba ពីក្លិបណាមួយនៅឡើយទេ

  • ពុធ ១០ កក្តដា, ២០១៩ ១៤:៣៦

អូស្រ្តាលី៖ ដំណឹងនៃការចាកចេញរបស់កីឡាករជម្រើសជាតិបារាំង Paul Pogba ពីក្លិបបិសាចក្រហម Manchester United ហាក់មានលេចលឺច្រើនក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ ប៉ុន្តែលោក Ole Gunnar Solskjaer បាននិយាយថាមិនទាន់មានសំណើសុំទិញកីឡាកររូបនេះពីក្លិបណាមួយនៅឡើយទេ។ 

កីឡាករ Paul Pogba

មិនត្រឹមតែកីឡាករ Paul Pogba តែម្នាក់នោះទេលោក Ole Gunnar Solskjaer បានឲ្យដឹងថាក្លិបដែលមានអ្នកគាំទ្រច្រើនមួយនេះ មិនទាន់ទទួលបានសំណើទិញកីឡាកររបស់ខ្លួនសូម្បីតែម្នាក់។ ខណៈដែលព័ត៌មានបានចុះផ្សាយជាច្រើនថា Pogba អាចនឹងទៅ Real Madrid ហើយ Lukaku អាចនឹងទៅលេងនៅទឹកដីអ៊ីតាលីជាមួយ Inter Milan។

លោក Ole Gunnar Solskjaer

ថ្លែងប្រាប់ក្នុងសន្និសីទសារព័ត៌មានពីប្រទេសអូស្រ្តាលីលោក Ole Gunnar Solskjaer បានមានប្រសាសន៍ថា “មានការនិយាយច្រើនជុំវិញកីឡាកររបស់យើង ទាំងការចាកចេញ និងការទិញចូល, សម្រាប់ខ្ញុំនេះគឺជារឿងធម្មតានោះទេ។ មានការលេចលឺជាច្រើនជុំវិញការចាកចេញរបស់ Pogba, Lukaku, Rashford និង Lingard ប៉ុន្តែគិតមកទល់ពេលនេះខាងយើងមិនទាន់ទទួលបានសំណើណាមួយនៅឡើយទេ។ Pogba និងកីឡាករជាច្រើនទៀតនៅសល់កុងត្រាច្រើនឆ្នាំជាមួយក្លិប។” លោកបានបន្តដោយសង្កត់ធ្ងន់ទៀតថា “ ពួកយើងគឺ Man United ពួកយើងមិនត្រូវការលក់កីឡាករនោះទេ”

លោក Ole Gunnar Solskjaer

គួរបញ្ជាក់ផងដែរថា ពេលនេះក្លិបបិសាចក្រហម Manchester United កំពុងតែហ្វឹកហាត់ Pre-Season ត្រៀមរដូវកាលថ្មីក្នុងប្រទេសអូស្រ្តាលី និងត្រូវប្រកួតមិត្តភាពជាមួយក្រុមក្នុងលីគកំពូលអូស្រ្តាលី Perth Glory នៅថ្ងៃសៅរិ៍នេះ៕

ប្រភព៖ Fox Sports Asia