លាយថ្នាំគីមីក្នុងធុងសំរាប់យកទៅដាក់ដើមតាង៉ែនអោយចេញផ្កា ផ្លែ បណ្ដាលអោយផ្ទុះលាន់ឮដូចផ្ទុះគ្រាប់មីនរបួសធ្ងន់ ស្រាល៤នាក់

  • ពុធ ១០ កក្តដា, ២០១៩ ១៥:១១

(ប៉ៃលិន)៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ពីពួកគេបានយកថ្នាំគីមីមកលាយបញ្ចូលគ្នានៅក្នុងធុងជ័រដើម្បីធ្វើជាជីសំរាប់យកទៅដាក់ដើមតាង៉ែនអោយឆាប់ចេញផ្កា និងផ្លែ ហើយខណៈកំពុងកូក៏បណ្ដាលអោយផ្ទុះធុងតែម្ដង។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ស្ថិតនៅភូមិអូរពឺត សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ តាមព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុ ជនរងគ្រោះបានយកថ្នាំគីមីមកលាយគ្នានៅក្នុងធុងជ័រហើយកូដើម្បីបង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) សម្រាប់យកទៅដាក់ដើមតាង៉ែនអោយចេញផ្កា ផ្លែ ក៏បណ្តាលឲ្យផ្ទុះធ្វើអោយមនុស្សចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។

មុនកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះបានយកថ្នាំគីមីមកកូក្រឡុក ដើម្បីឲ្យចូលសាច់តែមួយ ពេលនោះស្រាប់តែបង្កឲ្យផ្ទុះលាន់ឮដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះដួលសន្លប់តែម្តង ព្រមទាំងបង្កឲ្យមនុស្សពីរទៅបីនាក់ផ្សេងទៀតរងរបួសជាមួយគ្នាដែរ ។

បើតាមលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានករណីផ្ទុះផ្អើលទូទាំងក្រុងប៉ៃលិននេះ គឺដោយសារតែជនរងគ្រោះជាម្ចាស់ផ្ទះបានយកថ្នាំគីមីលាយបញ្ជូលគ្នា បង្កើតជាអ័រម៉ូនឬជីសាន(ភាសាថៃ) ច្រកដាក់ក្នុងប៊ីដុង រួចក្រឡុកទើបបណ្តាលអោយផ្ទុះរងរបួសតែម្តង។លោកអធិការបានបន្តថា ជនរងគ្រោះទី១ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ ឆ្នាំ មុខរបរ លក់ដូរ ជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់),ទី២ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន (របួសធ្ងន់),ទី៣ឈ្មោះ ធីម រតនា ភេទ ប្រុស អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) និងទី៤ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (រងរបួសស្រាល) ។

បច្ចុប្បន្នជនរងគ្រោះ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ត នៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកជនរងគ្រោះ ដែលរបួសស្រាល គឺសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក

ខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា ចំពោះករណីនេះក៏មានការលើកឡើងពីមន្ត្រីជំនាញផងដែរថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ជូលគ្នា ជាប្រភេទថ្នាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិនចេះជំនាញច្បាស់លាស់នោះ សូមកុំប្រថុយលាយបញ្ជូនគ្នាឲ្យសោះ ព្រោះអាចគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើផងដែរ ៕