ក្ដុកក្ដួលណាស់!! ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា ខ្វះលុយវះកាត់ លក់ដីហើយនៅតែមិនគ្រប់

  • ពុធ ១០ កក្តដា, ២០១៩ ១៥:៣៩

ភ្នំពេញ៖ កីឡាករម្ចាស់មេដាយមាសស៊ីហ្គេមវិញ្ញាសាប្រដាល់សេរីឆ្នាំ ២០១៧ កីឡាករ ឃុន ឌីម៉ា បាននិងកំពុងខ្វះខាតថវិកាសម្រាប់ព្យាបាលរបួស ដោយសាររបួសរបស់គេមានដល់ទៅ ៣ ប្រភេទឯណោះគឺ សរសៃពួរក្បាលជង្គង់ ដុះសាច់ដុំកំភួនជើង និងប្រេះឆ្អឹងស្មងជើង ហើយបញ្ហានេះត្រូវបានឪពុករបស់គេ លោក ហេង ប៊ុនឃីម និយាយថាគេមិនអាចទៅចូលរួមការប្រកួតស៊ីហ្គេមនាចុងឆ្នាំនេះ នៅប្រទេសហ្វីលីពីនបាននោះទេ។ 

កីឡាករ ឃុន ឌីម៉ា

លោក ហេង ប៊ុនឃីម បានថ្លែងប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា៖ «ក្រោយពេលពិនិត្យរួចហើយខាងគ្រួសារខ្ញុំ បានសម្រេចនាំ ឌីម៉ា វិលត្រឡប់ពីប្រទេសថៃមកមកផ្ទះវិញសិន ដើម្បីស្វែងរកប្រាក់ព្យាបាលបន្ថែម ព្រោះតម្លៃព្យាបាលនៅពេទ្យមួយកន្លែងក្នុងប្រទេសថៃគេយកថ្លៃព្យាបាល ១៥ ០០០ ដុល្លារ ហើយនៅថ្ងៃស្អែក (ថ្ងៃអង្គារនេះ) មានគេនាំទៅមន្ទីរពេទ្យប្រទេសថៃមួយកន្លែងទៀត ដែលគេប្រាប់ថា មានតម្លៃព្យាបាលប្រហែល ៥ ០០០ ទៅ ៧ ០០០ ដុល្លារ»

លោកឪពុករូបនេះបានបន្ថែមថា៖ «ការសម្រេចចិត្តនាំ ឌីម៉ា ទៅព្យាបាលនៅប្រទេសថៃនេះ ដោយសារជំងឺទាំងនេះធ្វើទុក្ខ វាទ្រាំលែងបាន ហើយការវិលមកវិញនេះគឺខ្ញុំមកលក់ដីមួយកន្លែងបានប្រាក់ត្រឹម ៣ ០០០ ដុល្លារ ដើម្បីមើលកូន និងផ្សែផ្សំខ្លះដើម្បីបង្គ្រប់ការព្យាបាល ហើយខ្ញុំគិតថានៅក្នុងឆ្នាំនេះ ឌីម៉ា ដែលត្រៀមទៅប្រកួតស៊ីហ្គេមនៅហ្វីលីពីនខែកញ្ញា ឆ្នាំ ២០១៩ អាចនឹងខកខាន ព្រោះក្រោយការវះកាត់មិនអាចជាសះស្បើយទាន់ទេ»។ 

លោក ហេង ប៊ុនឃីម (ខាងស្ដាំ) និងកីឡាករ ឌីម៉ា ឈ្នះការប្រកួតកន្លងមក

គួរបញ្ជាក់ផងដែរថា បើសិនជាឌីម៉ា សម្រេចចិត្តព្យាបាលជាមួយពេទ្យរដ្ឋណាមួយនៅក្នុងប្រទេសកម្ពុជា គឺមិនអស់ប្រាក់នោះទេ ប៉ុន្តែគេសម្រេចចិត្តទៅព្យាបាលនៅប្រទេសថៃ៕

ប្រភព៖ Phnom Penh Post