ក្រុមហ៊ុន នភាល័យ ធ្វើពិធីក្រុងពាលីសម្រាប់ការប្រគំតន្រ្តី «សង្ឃឹមថ្ងៃមួយ» ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ

  • ពុធ ១០ កក្តដា, ២០១៩ ១៧:២០

ភ្នំពេញ៖ ក្រុមហ៊ុន នភាល័យ ធ្វើពិធីសំពះគ្រូរបាំ គ្រូល្ខោន និងពិធីក្រុងពាលី សម្រាប់ការចាប់ផ្តើមនៃការរៀបចំកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» ក្នុងន័យលើកកម្ពស់និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ នៅថ្ងៃទី 09 ខែកក្កដា ឆ្នាំ2019 ក្នុងបុរីជីប ម៉ុងលែន ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ព្រឿង​ ឈៀង​ ទីព្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសិល្បករខ្មែរទាំងជំនាន់មុននិងជំនាន់ក្រោយ។

កម្មវិធីក្រុងពាលីសម្រាប់កម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» នេះ នឹងប្រារព្ធធ្វើឡើង ពីរលើក ដោយលើកទីមួយគឺការប្រារព្ធពិធីក្រុងពាលីនៅថ្ងៃនេះក្នុងបុរីជីប ម៉ុងលែន គេហដ្ឋានរបស់ប្រធានក្រុមហ៊ុន នភាល័យផ្ទាល់ និងលើកទីពីរនៅថ្ងៃទី18 ខែកក្កដា ឆ្នាំ2019 នៅសាលមហោស្រពចតុមុខ។

ពិធីក្រុងពាលី

លោក សែជូ សេរីវឌ្ឍនា ដែលជាប្រធានក្រុមហ៊ុន នភាល័យបានឲ្យដឹងថា៖ ទាំងការប្រារព្ធកម្មវិធីក្រុងពាលីធំៗទាំងពីរលើក និងកម្មវិធីសម្តែងសិល្បៈ និងចម្រៀង «សង្ឃឹមថ្ងៃមួយ» គឺជាការចូលរួមចំណែកក្នុងសង្គមក្នុងការអភិរក្សនិងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឲ្យមានជីវិតរស់រវើក តាមរយៈការផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេងឲ្យបានចូលរួមកាន់តែសកម្មថែមទៀត។

លោកបានឲ្យដឹងថា៖ 

កម្មវិធីសម្តែងសិល្បៈនិងចម្រៀងជាសាធារណៈ «សង្ឃឹមថ្ងៃមួយ» នាពេលខាងមុខនេះ នឹងមានការចូលរួមយ៉ាងផុសផុលពីសំណាក់សិល្បករ សិល្បការិនីទាំងជំនាន់មុននិងជំនាន់ក្រោយដោយធ្វើការសម្តែងសិល្បៈជាច្រើនមុខដូចជាចម្រៀងមរតកជំនាន់ដើម របាំប្រពៃណីជាតិ ល្ខោនខោល និងអាយ៉ៃជាដើម។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ ព្រីនធីង អេន អេតវើថាយស៊ីង និងក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌីដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរបីរូប រួមមាន លោកសែជូ សេរីវឌ្ឍនា លោកជីវ៉ា និងលោកហេង ច័ន្ទណារ៉េត ដើម្បីធ្វើការសិក្សានិងបង្ហាញពីរថយន្តគ្រប់ប្រភេទតាមរយៈវីដេអូ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក៕  

ពិធីក្រុងពាលី
ពិធីក្រុងពាលី
ពិធីក្រុងពាលី
ពិធីក្រុងពាលី