សួនអេកូធម្មជាតិនៅប្រទេសចិន បង្ខំចិត្តបិទទ្វារ ព្រោះភ្ញៀវជាច្រើនសម្រុកចូលទៅបេះផ្កាឈូកគ្មានសល់ពីបឹង

  • សុក្រ ១២ កក្តដា, ២០១៩ ១៣:៤៧

ចិន៖ សួនអេកូធម្មជាតិនៅប្រទេសចិន ត្រូវបង្ខំចិត្តបិទទ្វាររហូតដល់ចុងឆ្នាំ ដោយសារភ្ញៀវដែលចូលទៅទស្សនាបានសម្រុកបេះផ្កាឈូកអស់ពីបឹង។ សួនអេកូធម្មជាតិដែលមានឈ្មោះថា Longqiao មានទីតាំងស្ថិតនៅខេត្ត Sichuan មានទំហំ ២៥០,០០០ម៉ែត្រការ៉េ។

ស្ត្រីម្នាក់កំពុងបេះផ្កាឈូក

ប្រភពបានឲ្យដឹងថា ក្នុងខែមីនាកន្លងទៅនេះសួនត្រូវបានផ្អាកបណ្ដោះអាសន្នសិន ដើម្បីសាងសង់ប្រព័ន្ធទឹក។ ក្នុងអំឡុងពេលសាងសង់ មានមនុស្សជាច្រើនបានសម្រុកចូលមកបេះផ្កាឈូកស្ទើរអស់ពីបឹង ដូច្នេះហើយទើបបណ្ដាលឲ្យអ្នកគ្រប់គ្រងសួនបង្ខំចិត្តបិទទ្វាររហូតដល់ចុងឆ្នាំ។ បុគ្គលិកម្នាក់ឈ្មោះ Zhou បាននិយាយថា «ពួកយើងមិនអាចគ្រប់គ្រងភ្ញៀវទាំងនោះបានទេ។ ពួកយើងគ្រាន់តែធ្វើឲ្យប្រាកដថា ពួកយើងបានធ្វើការអស់ពីសម្ថភាពហើយ។ ពួកយើងថែមទាំងបានដាក់ផ្លាកនៅជិតបឹង និងមានអ្នកយាមផងដែរ។»

នារីម្នាក់កំពុងផ្លោះរបង

មានមនុស្សពី២០០ ទៅ៣០០នាក់ បានផ្លោះរបងចូលទៅក្នុងសួនពីមួយថ្ងៃទៅមួយថ្ងៃដើម្បីបេះផ្កាឈូក ធ្វើឲ្យអ្នកគ្រប់គ្រងដាក់បន្ថែមអ្នកយាមជាច្រើនទៀត។ អ្នកគ្រប់គ្រងសួនបាននិយាយថា របងសួនគឺជួសជុល៥ដងមកហើយ នៅក្នុងឆ្នាំនេះ។ 

ប្រភពបន្តទៀតថា ការសាងសង់ជិតរួចរាល់ហើយ ប៉ុន្ដែមិនទាន់មានគម្រោងបើកឡើងវិញនៅពេលណាទេ ព្រោះគ្មានផ្កាឈូកនៅសល់ដូចមុនទៀតឡើយ៕

របងដែលត្រូវបានភ្ញៀវផ្លោះ
ភ្ញៀវដែលបេះផ្កាឈូក
ភ្ញៀវដែលបេះផ្កាឈូក