ផ្លូវការ!! Barcelona ទិញបានកីឡាករជួរមុខជម្រើសជាតិជប៉ុន

  • សុក្រ ១២ កក្តដា, ២០១៩ ១៤:៣៦

ជប៉ុន៖ ក្លិបបាល់ទាត់ Kashima Antlers បានប្រកាសជាផ្លូវការអំពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យក្មេង Hiroki Abe ទៅកាន់ក្លិបអ្នកមានបុណ្យអេស្ប៉ាញ Barcelona។ 

កីឡាករ Hiroki Abe

Abe គឺជាកីឡាករមួយរូបដែលមានសមត្ថភាពល្អក្នុងបាល់ទាត់ជប៉ុន ក្រោយបង្ហាញខ្លួនក្នុង J1 League លើកដំបូងក្នុងឆ្នាំ២០១៧ និងជាផ្នែកមួយដែលជួយឲ្យ Kashima Antlers ឈ្នះពានរង្វាន់ក្លិបលំដាប់កំពូលនៅអាស៊ី AFC Champions League កាលពីរដូវកាលមុន។ 

កីឡាករ Hiroki Abe

មានវ័យត្រឹម ២០ឆ្នាំ Abe បានបង្ហាញខ្លួនឲ្យជម្រើសជាតិជប៉ុនក្រុមធំកាលពីខែមុន និងបានចូលលេងឲ្យក្រុមជម្រើសជាតសាំម៉ូរ៉ៃជប៉ុនក្នុងព្រឹត្តិការណ៍ Copa America 2019 ដោយបានបង្ហាញទម្រង់លេងយ៉ាងល្អ ទល់នឹងក្រុមខ្លាំងៗនៅអាមេរិកខាងត្បូង។

កីឡាករ Hiroki Abe (អាវខៀវ)

“តាំងពីបញ្ចប់ថ្នាក់វិទ្យាល័យមក ខ្ញុំបានចំណាយពេលពីរឆ្នាំកន្លះជាមួយ Kashima Antlers និងបានវិវឌ្ឍខ្លួនក្លាយជាមនុស្សល្អ និងកីឡាករបាល់ទាត់ល្អម្នាក់។ វាគឺជាការសម្រេចចិត្តដ៏ពិបាកមួយក្នុងការចាកចេញ ប៉ុន្តែខ្ញុំបានសម្រេចចិត្តផ្លាស់ទៅលេងនៅ FC Barcelona ដែលខ្ញុំជឿថាទីនោះជាកន្លែងដែលមានការប្រកួតប្រជែងខ្ពស់។ ខ្ញុំនឹងខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍខ្លួន។” Abe និយាយប្រាប់គេហទំព័រផ្លូវការ Kashima Antlers។ 

កីឡាករ Hiroki Abe

គួរបញ្ជាក់ផងដែរថា Abe បានឈ្នះជាកីឡាករល្អនៅក្របខណ្ឌលីគកំពូលជប៉ុន J1 League កាលពីរដូវកាលមុន ហើយគេក្លាយជាកីឡាករទីពីរហើយដែលផ្លាស់ទៅលេងនៅក្លិបធំអឺរ៉ុបក្នុងរដូវកាលនេះ ពោលគឺបន្ទាប់ពីកីឡាករ Takefusa Kubo ដែលផ្លាស់ទៅ Real Madrid៕

កីឡាករ Hiroki Abe
កីឡាករ Takefusa Kubo ហ្វឹកហាត់ជាមួយមិត្តរួមក្រុម Real Madrid

ប្រភព៖ Fox Sports Asia