ជីវិតជាតារាមិនមែនស្រួលទេ! ឃើញសប្បាយ មានលុយចាយច្រើន តែក្រោយខ្នង គឺពិបាកចិត្តស្ទើរគ្រប់ពេល ព្រោះតែចំណុចប៉ុន្មាននេះ!

ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា ដោយសារតែសមត្ថភាពដ៏ល្អ បូករួមនឹងរូបសម្រស់ដ៏ស្រស់សង្ហារបស់តារាល្បីៗមួយចំនួន បានសាងប្រជាប្រិយភាពនៅលើវិស័យសិល្បៈ ដែលមានបណ្តាអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តពួកគេ តែងតែធ្វើអ្វីដើម្បីតារាដែលខ្លួនស្រលាញ់ ទាំងការចំណាយពេលវេលា និងថវិកាដើម្បីពួកគេ។

ក៏ប៉ុន្តែភាពឡូយឆាយជាតារាល្បីនេះ ក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រមួយចំនួន ពិតជាចង់បានដូចពួកគេយ៉ាងខ្លាំង ព្រោះមិនត្រឹមតែមានការគាំទ្រខ្លាំងពីអ្នកគាំទ្រ ទៅណាមកណាមានគេស្រលាញ់ចូលចិត្តនោះទេ ថែមទាំងអាចរកប្រាក់បានយ៉ាងងាយ តាមរយៈសមត្ថភាព ឬទេពកោសល្យរបស់យើងផ្ទាល់។

តែនៅពីក្រោយភាពសប្បាយរីករាយរបស់តារាល្បីៗទាំងនេះ ក៏មានគុណវិបត្តិ ដែលនឹកស្មានមិនដល់ផងដែល ដោយអាចធ្វើឲ្យ អ្នកដែលធ្លាប់គិតថាចង់ក្លាយជាតារាល្បី អាចនឹងលែងចង់ធ្វើវា ព្រោះតែហេតុផល ក៏ដូចជាផលលំបាកមួយចំនួន ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ដោយសារតែអ្នកមិនសូវចេះទ្រាំ។ 

រូបភាពតំណាង

តាមរយៈវាបសាយបរទេសមួយចំនួន បានធ្វើការលើកឡើងជាមួយនឹងគុណវិបត្តិនៃការក្លាយជាតារាល្បី ដែលគ្រប់គ្នាពេលខ្លះគិតថាជារឿងល្អសម្រាប់ពួកគេ តែការពិតក៏មានផលប៉ះពាល់អារម្មណ៍ជាច្រើន តែពួកគេនៅតែស៊ូទ្រាំឈរលើវិថីនេះដដែលក៏ព្រោះតែការស្រលាញ់។ នៅក្នុងនោះដែរ មានចំនុចជាច្រើនដូចជា៖

១) ញុំអាហារខាងក្រៅពិបាក៖

ជាការពិតណាស់ តារាល្បី នៅពេលដែលចេញទៅក្រៅម្តងៗពិតជាមានអ្នកគាំទ្រជាច្រើនតែងតែសុំថតរូប ដើរតាម និងតាមថតគ្រប់សកម្មភាពទាំងអស់នៅពេលដែលយើងធ្វើអ្វីម្តងៗ ដែលមើលទៅហាក់ដូចជាការរំខាន មិនមានពេលសូម្បីតែជីវិតឯកជនរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលញុំអាហារតាមផ្លូវ ត្រូវគេថតបាន ក៏មានការបញ្ចេញជាព័ត៌មានស្ទើគ្រប់សកម្មភាពតែម្តង ជាពិសេសគឺចំពោះតារាបរទេសល្បីៗ ដែលធ្វើឲ្យពួកគេពិបាកទៅញុំនៅនឹងខាងក្រៅ ពោលគឺអាចបានត្រឹមតែកម្ម៉ង់ឲ្យគេយកមកដល់ផ្ទះប៉ុណ្ណោះ ដើម្បីសុវត្ថិភាពខ្លួន។

២) នៅពេលមានរឿងអាស្រូវ ត្រូវមហាជនតិះដៀល៖

យ៉ាងណាមិញដូចប្រិយមិត្តជាច្រើនបានដឹងហើយថា នៅសង្គមយើងបច្ចុប្បន្ននេះឲ្យតែមានបញ្ហាអ្វីកើតឡើង ដូចជាមានរឿងអាស្រូវយកស្វាមីគេ ស្នេហាលួចលាក់ ការប្រើប្រាស់គ្រឿងញៀនជាដើម ចំពោះតារាល្បីៗនោះគឺ ហ្វេនក៏ដូចជាបណ្តាអ្នកស្គាល់ទាំងអស់ តែងតែស្អប់ជេរប្រមាថយ៉ាងខ្លាំងៗ រហូតធ្វើឲ្យតារាខ្លះទៀតលែងហ៊ានបន្តដើរនៅក្នុងវិថីសិល្បៈនេះទៀតផង។

លើសពីនេះទៅទៀត នៅពេលដែលមានការតិះដៀល នៅលើបណ្តាញសង្គមយ៉ាងស្ពិកមុខហើយ តារាទាំងនោះ ប្រាកដជាមិនរួចពីការបណ្តាញចេញពីម្ចាស់ផលិតកម្មនោះទេ ដើម្បីកុំឲ្យខូចឈ្មោះដល់អ្នកដទៃផលិតកម្ម និងអ្នកដឹកនាំផងដែរ។

ដូច្នោះហើយការដែលធ្វើជាតារាល្បីពិតជាមិនស្រួលនោះទេ បើធ្វើល្អគេសរសើរ តែបើខុសតែបន្តិចដឹងតែមានការជាន់ពន្លិច និយាយពាក្យមិនសមរម្យជាមិនខាន ពេលខ្លះអាចនឹងធ្វើឲ្យយើងបាក់ទឹកចិត្តផងដែរ។ 

រូបភាពតំណាង

៣) មានស្នេហា ឬគ្រួសារបាត់បង់ប្រជាប្រិយភាព៖

ជាការពិត តារាល្បីៗជាច្រើនឲ្យតែកំពុងតែមានសន្ទុះនៅក្នុងការគាំទ្រខ្លាំងតែងតែមិនទាន់ចង់គិតទេ ពីរឿងស្នេហាមានប្រពន្ធកូននោះ ព្រោះពួកគេកំពុងតែកើបលុយជារៀងរាល់ថ្ងៃ ម្យ៉ាងវិញទៀត នៅពេលដែលមានគ្រួសាររួច ប្រជាប្រិយភាពពួកគេកាន់តែធ្លាក់ចុះមួយកម្រិតទៀត។

ដូច្នោះហើយតារាល្បីៗជាច្រើនតែងតែ ពួកគេតែងតែគិតរៀបការនៅក្នុងអាយុច្រើន ព្រោះគិតថាអាចយកប្រជាប្រិយភាពខ្លាំង មិនត្រឹមតែប៉ុណ្ណោះ នៅពេលរៀបការរួចប្រាកដជាបាត់បង់ប្រជាប្រិយភាពមិនខាន។

ក៏ប៉ុន្តែនេះជាភាគតូចប៉ុណ្ណោះ ដែលមានទស្សនៈបែបនេះបានលើកឡើង ហើយវាក៏អាស្រ័យទៅលើបុគ្គលមួយចំនួនផងដែល មិនមែនមកពីរៀបការរួចគ្មានអ្នកគាំទ្រនោះទេ។ គឺឃើញអាចប្តូរអ្វីដែលមើលទៅប្លែកជាងមុន ដើម្បីឲ្យមានការពេញចិត្តពីបណ្តាអ្នកគាំទ្ររបស់យើង ពោលគឺកុំគិតថាមានគ្រួសារ ប្រជាប្រិយភាពធ្លាក់ចុះនោះ ការពិតមកពីបុគ្គលម្នាក់នោះទេ។

៤)ត្រូវចំណាយលុយខ្លាំង លើការស្លៀកពាក់៖

ជាតារាល្បីរាល់ពេលដែលទៅកម្មវិធីនានា តែងតែត្រូវការសម្លៀកបំពាក់ណាប្លែកៗជានិច្ច ដើម្បីទាក់ចិត្តអ្នកគាំទ្រ និងមើលទៅមិនសាំដដែលៗពេក មិនត្រឹមតែប៉ុណ្ណោះការរៀបចំខ្លួនទាំងនេះពិតជាមានសារសំខាន់សម្រាប់តារាល្បីៗ បើស្លៀកពាក់ដដែលៗនោះ អ្នកគាំទ្រពិតជានិយាយមិនសូវល្អជាមិនខាន។

គុណវិបត្តិនេះក៏ជាកត្តាមួយសំខាន់ ព្រោះនៅពេលដែលមានកេរ្តិ៍ឈ្មោះកាន់តែល្បី តែងតែមានកម្មវិធីត្រូវចូលរួមលេចមុខមាត់ច្រើន ដូច្នោះយើងត្រូវការរៀបចំសម្លៀកបំពាក់ឲ្យបានស្អាតៗ និងគួរឲ្យចាប់អារម្មណ៍ ជាពិសេសក្នុងមួយខែៗត្រូវចំណាយលុយអស់មិនចេះតិចនោះតេ។

លើសពីនេះទៅទៀត តារាល្បីៗជាច្រើនតែងមានអ្នកច្នៃម៉ូតផ្ទាល់ខ្លួន ដើម្បីឲ្យមានភាពងាយស្រួយនៅក្នុងការចង់បានរបស់ខ្លួន ទៅតាមកម្មវិធីនីមួយៗ ដែលគេបានតម្រូវ បានទាន់ពេលវេលា។ 

រូបភាពតំណាង

៥) ពេលខ្លះហត់ធ្វើមុខស្ងួត ហ្វេនឃើញថា«ឬក»៖

ការងារសិល្បៈឃើញមើលទៅស្រួល ក៏ប៉ុន្តែចំណុចតែបន្តិច អាចធ្វើឲ្យអ្នកគាំទ្រមិនពេញចិត្ត ស្របពេលដែលនៅពេលដែលយើងធ្វើការងារហត់ និងបានញញឹម ពេលនៅក្រៅធ្វើឲ្យអ្នកគាំទ្រគិតថា ពួកគេឬកពារខ្លាំង រហូតពេលខ្លះមិនពេញចិត្ត និងធ្វើការរិះគន់ទៀតផង។

ដូច្នោះហើយនៅពេលដែលធ្វើជាតារាល្បី ទោះបីជាមានរឿងពិបាកចិត្តនៅក្នុងខ្លួន ក៏ដូចជាហត់ប៉ុណ្ណា មុខក៏ត្រូវញញឹមនិងរួសរាយដាក់អ្នកគាំទ្រគ្រប់ពេល បើមិនដូច្នោះពួកគេនឹងគិតថាយើងជាតារាដែលមានចរិត ដែលឬកពារនៅពេលដែលឃើញអ្នកគាំទ្រ។

៦) បង្ហាញជីវិតផ្ទាល់ខ្លួន ហ្វេនមួយចំនួនថា«អួត»៖

មនុស្សម្នាក់នៅពេលដែលខ្លួនទទួលបានភាពជោគជ័យអ្វីមួយ តែងតែចង់បង្ហាញអារម្មណ៍ពិតរបស់ខ្លួនជានិច្ច នៅក្នុងនោះតារាល្បីៗក៏ដូចគ្នា ពួកគេនៅពេលដែលទទួលបាននូវភាពជោគជ័យ បានបំណងប្រាថ្នានិងខិតខំអស់ពេលជាយូរមកបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក៏ប៉ុន្តែនៅក្នុងនោះបែរជាមានហ្វេនមួយចំនួន បានរិះគន់ថាពួកគេ«អួត» ជាមួយនឹងសំភារៈនិយមទាំងនេះ ក្រោយពេលបានល្បីឈ្មោះទៅវិញ ដោយសារតែហេតុផលទាំងនេះហើយទើបធ្វើឲ្យ តារាមួយចំនួនពិតជាមិនសូវហ៊ានបង្ហាញនូវ ជីវិតរស់នៅ ភាពហ៊ឺហាររបស់ខ្លួនប៉ុន្មាននោះទេ ដោយសារតែត្រូវរងការប៉ះពាល់ផ្លូវអារម្មណ៍នៅពេលខ្លះផងដែរ។ 

រូបភាពតំណាង

៧) ក្រុមគ្រួសារតារាមានសមត្ថភាព អាចចូលសិល្បៈ នាំគ្នាថា«ចូលតាមខ្សែ»៖

ជាការពិតណាស់ចំណុចនេះ ក៏មានភាគរយតិចដែលមានការគិតបែបនេះ ម្យ៉ាងវិញទៀតនេះក៏ជារឿងដែលត្រូវម្យ៉ាងដែល ដោយមានគេគិតថាបែបនេះ ព្រោះថាការដែលចូលសិល្បៈត្រូវមានការឆ្លងកាត់ការប្រលងជាច្រើនលើកច្រើនសារ ទម្រាំបានក្លាយទៅជាតារាល្បី។ ក៏ប៉ុន្តែនៅក្នុងនោះក៏មានតារាមួយចំនួនបានយកគ្រួសារ ឬបងប្អូន អូសទាញដើម្បីចូលសិល្បៈដែល ហើយវាក៏បានផ្ទុះជាមួយនឹងការរិះគន់មួយចំនួន។

យ៉ាងណាមិញ បើសិនជាមើលតាមជាក់ស្តែងអ្នកដែលបាននាំចូលនោះមានសមត្ថភាព ដែលល្អ អាចទទួលយកបាន គឺវាជារឿងដែលល្អ ក៏ប៉ុន្តែបើសិនជាសមត្ថភាពដែលមិនទទួលយកបាននោះ ការរិះគន់របស់អ្នកគាំទ្រនៅតែជាការត្រឹមត្រឹម។

តែទោះជាយ៉ាងណាក្តី សមត្ថភាពល្អឬយ៉ាងណាក្តី ក៏នៅតែមានពាក្យនិយាយ«ចូលតាមខ្សែ»ជានិច្ច ដូច្នោះហើយធ្វើជាតារាល្បីមិនមែនងាយស្រួលនោះទេ គឺចាំតែមានពាក្យនិយាយពីហ្វេនៗជានិច្ច។

៨) ភាគច្រើនមានតែមិត្តដែលមិនស្រលាញ់ពិត (Fake Friends)៖

ជាការពិតណាស់ នៅពេលដែលយើងជាតារាល្បី មានមនុស្សមិនចេះតិចទេដែលបានរាប់អានយើង ក៏ប៉ុន្តែនៅក្នុងនោះអ្នកពិតជាមិនដឹងនោះទេ ថាពួកគេពិតជាល្អនឹងយើងពិតប្រាកដ ឬក៏គ្រាន់តែយកយើងធ្វើជាមិត្ត ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លូន។

ដូច្នោះហើយទើបវេបសាយមួយចំនួនបានធ្វើការស្រាវជ្រាវ និងរៀបរាប់រឿងទាំងនេះថាតារាល្បីភាគច្រើនមិនសូវមាន មិត្តដែលស្រលាញ់យើងពិតប្រាកដនោះទេ នៅពេលដែលយើងធ្លាក់ខ្លួន ឬក៏មានបញ្ហាគឺតែងតែមិនឃើញមុខមាត់ពួកគេនៅជិតនោះទេ ពោលឃើញនៅពេលដែលមានពេលវេលាជួបជុំសប្បាយៗប៉ុណ្ណោះ។ 

រូបភាពតំណាង

៩) ស្លៀកពាក់ស៊ិចស៊ី ប៊ីគីនី រិះគន់ថាតារាមិនល្អ៖

ជាការពិតថាមិនថាតារាអន្តរជាតិ ឬតារាណានោះទេ ឲ្យតែស្លៀកពាក់បែបមិនសមរម្យស៊ិចស៊ីខ្លាំងនោះ តែងតែមានពាក្យពេចន៍មិនល្អមកលើពួកគេជានិច្ច ជាពិសេសនោះគឺនៅពេលដែលទៅលេងសមុទ្រម្តងៗ បង្ហាញរូបរាងជាមួយនឹងឈុតប៊ីគីនីតែម្តង។

លើសពីនេះទៅទៀតនៅក្នុងក៏មានការស៊ែរ ក៏ដូចជាមានការComment មិនពេញចិត្ត ពេលខ្លះរហូតដល់មានតារទាំងនោះពិតជាអន់ចិត្តយ៉ាងខ្លាំង ចំពោះពាក្យសម្តីដែលពួកគេបានធ្វើការនិយាយ ជេរប្រមាទ ខណៈពេលដែលនេះជាការស្លៀកពាក់នៅលើសមុទ្រសោះនោះ។ 

តាមរយៈចំនុចជាច្រើនខាងលើនេះ បានបង្ហាញឲ្យដឹងខ្លះៗពីផលលំបាកនៅពេលដែលបានក្លាយជាតារាល្បី ស្របពេលដែលគ្រប់គ្នាគិតថាពួកគេរកលុយបានច្រើនក្នុងមួយខែ តែធាតុពិតក៏មានរឿងទុក្ខសោកខ្លះ ចំពោះជីវិតជាតារាល្បីនេះ មិនត្រឹមតែប៉ុណ្ណោះពេលខ្លះត្រូវនូវស្ងៀមស្ងាត់ មិនសូវបង្ហាញទើបមិនសូវមានព័ត៌មាន ឬការរិះគន់ពីបណ្តាអ្នកគាំទ្រ។

យ៉ាងណាមិញ ចំនុចទាំងប៉ុន្មាននេះគឺជាចំនុចមួយចំនួនដែលអ្នកទាំងអស់គ្នាមិនធ្លាប់បានគិតដល់ប៉ុណ្ណោះ ថាពួកគេជាតារាសប្បាយនៅមុខអ្នកគាំទ្រគ្រប់គ្នា តែនៅពេលមានបញ្ហា ពួកគេក៏មានការរិះគន់ រហូតពេលខ្លះចង់បោះបង់ជីវិតនេះទៀតផង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភព៖ reelrundown & youthvillage