ព្រះអើយ! ក្មេងស្រីម្នាក់ចេះតែមិនស្រួលក្នុងពោះ ពេលនាំទៅជួបគ្រូពេទ្យ រកឃើញសុទ្ធតែលាមកទល់ក្នុងពោះវៀន

ម៉ាឡេស៊ី៖ ពេលខ្លះ ការឈឺពោះឬចុកពោះ វាគឺជារឿងសាមញ្ញដែលកើតឡើងចំពោះមនុស្សគ្រប់គ្នា ក្រោមហេតុផលណាមួយជាដើម។ ប៉ុន្តែមានស្រ្តីម្នាក់ គិតថាកូនស្រីរបស់គាត់គ្រាន់តែឈឺពោះ ឬឈឺក្រពះធម្មតាប៉ុណ្ណោះ ហើយគាត់ក៏បាននាំនាងទៅជួបគ្រូពេទ្យ ហើយគាត់ស្ទើរដាច់ផ្ងារ ក្រោយដឹងថាកូនស្រីរបស់គាត់មិនមែនឈឺពោះធម្មតានោះទេ។

រូបតំណាង

ជាក់ស្តែង យោងតាមម្ចាស់គណនីហ្វេសប៊ុកម្នាក់ រស់នៅក្នុងប្រទេសម៉ាឡេស៊ី បានបង្ហោះកាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅនេះថា កូនស្រីអាយុ១១ឆ្នាំរបស់គាត់ តែងតែឈឺពោះជាញឹកញាប់ ហើយរឿងនេះបានកើតឡើងពីរថ្ងៃជាប់ៗគ្នាយកតែម្តង។

ដំបូងឡើយ គាត់គិតថានាងគ្រាន់តែឈឺពោះធម្មតាប៉ុណ្ណោះ ដូច្នេះគាត់ក៏បានឱ្យនាងលេបថ្នាំដូចសព្វដង។ ប៉ុន្តែស្ថានភាពកូនស្រីរបស់គាត់ មិនបានជាសះស្បើយសោះ ផ្ទុយទៅវិញកាន់តែឈឺពោះលើសដើម។

ដូច្នេះ គាត់ក៏បាននាំកូនស្រីទៅជួបគ្រូពេទ្យ។ ឆ្លងកាត់ការពិនិត្យ និងឆ្លុះកាំរស្មីអ៊ិច (X-ray) រកឃើញថា ពោះវៀនរបស់នាងសុទ្ធតែលាមកទល់ពេញហ្នឹងតែម្តង។

រូបថតកាំរស្មីអ៊ិចរបស់ក្មេងស្រីម្នាក់នេះ
ក្មេងស្រីម្នាក់នេះកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ

លោកគ្រូពេទ្យបានពន្យល់បន្ថែមទៀតថា មូលហេតុដែលនាងឧស្សាហ៍ឈឺពោះញឹកញាប់បែបនេះ គឺមកពីពោះវៀនរបស់នាង ពោរពេញទៅដោយលាមកទល់ពេញហ្នឹង ហើយវាកើតឡើងដោយសារតែ នាងមិនហូបបន្លែ និងជាតិសរសៃ (Fiber) ឱ្យបានគ្រប់គ្រាន់។

ដូច្នេះ គ្រូពេទ្យក៏បានឱ្យថ្នាំនាងហូប ហើយនាងក៏បានជាសះស្បើយក្នុងរយៈពេលពីរបីថ្ងៃក្រោយមក។

លើសពីនេះទៀត គ្រូពេទ្យក៏បានផ្តល់ដំបូន្មានទៅដល់មនុស្សទូទៅថា ត្រូវតែឱ្យកូនហូបបន្លែ ផ្លែឈើ និងទឹកឱ្យបានច្រើន ដើម្បីធ្វើឱ្យពោះវៀនមានដំណើរការបានល្អ៕