ផ្ទុះការភ្ញាក់ផ្អើល ក្រោយកូនកំលោះម្នាក់ ជូនមាន់ KFC ទុកជាបណ្ណាការដល់កូនក្រមុំ ព្រោះតែនាងចូលចិត្តហូបមាន់ KFC ជាខ្លាំង

ម៉ាឡេស៊ី៖ នៅពេលយើងនិយាយអំពីបណ្ណាការ ជាធម្មតាយើងតែងតែគិតដល់មាសប្រាក់ជាដើម ប៉ុន្តែបែរជាគូស្នេហ៍មួយគូនេះ សម្រេចចិត្តធ្វើអ្វីខុសប្លែកពីគេទៅវិញ។

យោងតាមប្រភពបានឱ្យដឹងថា កូនក្រមុំឈ្មោះ Ayu បានស្នើឱ្យកូនកំលោះទិញមាន់ KFC ជូនជាថ្លៃបណ្ណាការឱ្យនាងទៅវិញ។

អ្នកនាង Ayu បាននិយាយថា ដំបូងឡើយ នាងបានស្នើឱ្យគូដណ្តឹងនាងទិញមាន់ KFC ឱ្យនាងសម្រាប់ជំនូន អមជាមួយផ្លែឈើជាហូរហែជាដើម។

បន្ថែមពីនេះទៀត នាងក៏បានប្រាប់គាត់ថែមទៀតថា ប្រសិនបើវាលំបាក គាត់ក៏អាចទិញរបស់ផ្សេងជំនួសបានដែរ។

ក្រោយមក គូដណ្តឹងរបស់អ្នកនាង Ayu ក៏ស្ងាត់មាត់ មិននិយាយអ្វីទាំងអស់។ ដល់ថ្ងៃរៀបការ គាត់ក៏បានទិញមាន់ KFC ឱ្យអ្នកនាង Ayu ពិតប្រាកដមែន។

នាងបានបង្ហោះរឿងនេះទៅលើបណ្តាញសង្គម Twitter ដោយបានសរសេរថា៖

«ខ្ញុំមិនរំពឹងថា គាត់ពិតជាជូនមាន់ KFC សម្រាប់បណ្ណាការខ្ញុំពិតមែន។»

យ៉ាងណាមិញ រឿងនេះបានល្បីពេញបណ្តាញសង្គម Twitter ហើយមនុស្សម្នាពិតជាភ្ញាក់ផ្អើល ហើយក៏ជូនពរពួកគេឱ្យស្រលាញ់គ្នាដល់ចាស់ផងដែរ៕

មាន់ KFC ដែលជាបណ្ណាការសម្រាប់អ្នកនាង Ayu
អ្នកនាង Ayu និងស្វាមី
មាន់ KFC ដែលជាបណ្ណាការសម្រាប់អ្នកនាង Ayu