នៅចាំករណីគំនុំជាមួយគ្រូ២០ឆ្នាំ ជិះជួបតាមផ្លូវស្ទាក់ទះកំផ្លៀងទេ? ពេលនេះចេញលទ្ធផលកាត់ក្តីហើយ (មានវីដេអូ)

  • អាទិត្យ ១៤ កក្តដា, ២០១៩ ១៥:១០

ចិន៖ បុរសម្នាក់បានប្រទះឃើញអតីតគ្រូបង្រៀនរបស់ខ្លួនធ្វើដំណើរនៅតាមដងផ្លូវ ក៏ស្ទាក់ឈប់ដើម្បីសងសឹករឿងដែលកើតឡើងកាលពី២០ឆ្នាំមុន។

សិស្សវ៉ៃអតីតគ្រូរបស់ខ្លួន

ប្រភពបានឲ្យដឹងថា បុរសជាសិស្សមានឈ្មោះថា Chang អាយុ៣៣ឆ្នាំ និងបុរសវ័យចំណាស់ជាគ្រូមានឈ្មោះថា Zhang។ ពួកគេទាំងពីរនាក់ជាអតីតគ្រូនិងសិស្ស។ ថ្ងៃមួយ អំឡុងពេលធ្វើដំណើរ សិស្សChang បានប្រទះឃើញអតីតគ្រូរបស់ខ្លួនកំពុងជិះម៉ូតូ រួចក៏ស្ទាក់ដើម្បីសងសឹកគំនុំកាលពី២០ឆ្នាំមុន សម័យនៅរៀន។ 

ហេតុការណ៍នោះបានកើតឡើងនៅខែមិថុនា ឆ្នាំ២០១៨ លើផ្លូវ Luoyang ខេត្ត Henan ប្រទេសចិន។ សិស្ស Chang បានចុះពីលើរថយន្ត រួចក៏ហុចទូរស័ព្ទដៃរបស់ខ្លួនទៅឲ្យមិត្តភក្តិឈ្មោះ Pan ដើម្បីថតសកម្មភាព។ ពេលនោះសិស្ស Chang បានសួរទៅគ្រូថា «តើនៅចាំខ្ញុំអត់?» រួចក៏លើកដៃទះគ្រូប៉ុន្មានកំផ្លៀង។

មូលហេតុនាំឲ្យមានរឿងនេះកើតឡើងដោយសារ កាលពីនៅរៀន សិស្ស Chang បានលួចដេកពេលគ្រូកំពុងបង្រៀន ធ្វើឲ្យគ្រូ Zhang ខឹងដាក់ពិន័យឲ្យលត់ជង្គង់រួចទាត់ប៉ុន្មានជើង ទើបសិស្ស Chang មានគំនុំបែបនេះ។

បន្ទាប់ពីថតសកម្មភាពរួចរាល់ហើយ សិស្ស Chang បានផ្ញើវីដេអូទៅឲ្យអតីតមិត្តរួមថ្នាក់ និងក្រុមគ្រួសាររបស់គាត់។ កន្លងផុតទៅប៉ុន្មានខែ វីដេអូបានបែកធ្លាយ Changក៏ត្រូវបានប៉ូលិស ធ្វើការឃាត់ខ្លួននៅក្នុងខែធ្នូ ឆ្នាំ២០១៨។

ប្រភពបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះខាងតុលាការបានបើកសវនាការជាសាធារណៈម្ដងទៀតលើករណីនេះ។ មេធាវីរបស់ Chang បាននិយាយថា កូនក្ដីរបស់ខ្លួនគ្រាន់តែសងសឹកប៉ុណ្ណោះ ដូច្នេះគួរតែទទួលទោសរដ្ឋបាល មិនមែនទោសព្រហ្មទណ្ឌនោះទេ។ ករណីនេះក៏ត្រូវបានខាងតុលាការពន្យាពេលម្ដងទៀត។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ តុលាការបានសម្រេច ចោទប្រកាន់សិស្ស Chang ពីបទបង្កការរំខានដល់សណ្តាប់ធ្នាប់សង្គម គឺស្ថិតនៅក្នុងមាត្រា២៩៣នៃច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារចំនួន៥ឆ្នាំ។ 

លោក Chang នៅក្នុងតុលាការកាលពីថ្ងៃទី១០កន្លងទៅនេះ

ប្រភពបានបន្ដថា ក្រុមគ្រួសាររបស់ Chang គ្រោងនឹងដាក់ពាក្យបណ្ដឹងទៅលោកគ្រូ Zhang វិញចំពោះសកម្មភាពហឹង្សាទៅលើសិស្សកាលពី២០ឆ្នាំមុន។

នៅលើបណ្ដាញសង្គម Weibo មានមតិជាច្រើនគាំទ្រលោក Chang ដោយនិយាយថា៖ 

«ប៉ុន្មានកំផ្លៀងវាមិនគ្រប់គ្រាន់ទេសម្រាប់អ្វីដែលគ្រូបានធ្វើកាលពី២០ឆ្នាំមុន។»

«អ្នកដែលគួរទទួលទោសនោះគឺជាគ្រូ ហើយត្រូវសុំទោសនូវអ្វីដែលគាត់បានធ្វើទៅលើសិស្ស»។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ?

សូមទស្សនាវីដេអូខាងក្រោម៖