Man UTD យល់ព្រមចំណាយលុយ ៨០លានផោន ដើម្បីបំបែកកំណត់ត្រាមួយរបស់ Liverpool

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១០:២៤

អង់គ្លេស៖ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Express ក្លិបបិសាចក្រហម Manchester United បានយល់ព្រមរួចរាល់ជាមួយ Leicester City ក្នុងការចំណាយប្រាក់ ៨០លានផោន ទិញយកខ្សែការពារ Harry Maguire។ 

កីឡាករ Harry Maguire

ក្លិបដែលដឹកនាំដោយអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ធ្លាប់បានដាក់សំណើសុំទិញតម្លៃ ៧០លានផោនម្ដងរួចទៅហើយ តែត្រូវក្លិប Leicester City បដិសេធ និងច្រានចោលសំណើ ដោយគេយល់ថាក្លិប Leicester ចង់បំបែកតម្លៃខ្លួនខ្សែការពារថ្លៃបំផុតនៅលើលោកសម្រាប់ Maguire។ បច្ចុប្បន្ន ខ្សែការពារដែលថ្លៃជាងគេនៅលើលោក គឺកីឡាករជម្រើសជាតិហូឡង់ Virgil van Dijk ដែល Liverpool បានទិញពី Southampton ក្នុងតម្លៃខ្លួន ៧៥លានផោន កាលពីខែមករា ឆ្នាំ២០១៨។ ដូច្នេះហើយ ក្លិប Leicester City ចង់ទាមទារឲ្យ Man UTD បង្កើនតម្លៃជាងនេះទៀត។ 

កីឡាករ Van Dijk
កីឡាករ Harry Maguire

យ៉ាងណាមិញ កាលពីសប្ដាហ៍កន្លងទៅនេះ ខ្សែការពារជម្រើសជាតិអង់គ្លេស Maguire បានប្រាប់ទៅ Leicester ថាខ្លួនចង់ចាកចេញពីក្លិប ហើយថែមទាំងនិយាយទៀតថា រូបគេមិនសប្បាយចិត្តនោះទេ ដែលក្លិបមួយនេះចង់បានតម្លៃខ្លួនខ្ពស់ពេកសម្រាប់រូបគេក្នុងការចាកចេញ។ 

ប្រភពដដែលពី Express បានបន្តថា ពេលនេះក្លិបបាល់ទាត់បិសាចក្រហម Manchester United និង Leicester City បានយល់ព្រមជាមួយគ្នាក្នុងការផ្ទេរខ្សែការពារវ័យ ២៦ឆ្នាំរួចរាល់ហើយ ដោយ Maguire អាចនឹងមកធ្វើតេស្ដសុខភាពនៅកីឡដ្ឋាន Old Trafford នាសប្ដាហ៍ក្រោយ។ 

កីឡាករ Harry Maguire

គួរបញ្ជាក់ផងដែរថា អតីតខ្សែការពារ Hull-City កីឡាករ Harry Maguire បានជួយឲ្យក្រុម Leicester ឈរនៅចំណាត់ថ្នាក់លេខ៩ កាលពីរដូវកាលមុនក្នុងក្របខណ្ឌ Premier League។ ហើយរូបគេក៏ជាផ្នែកមួយដែលជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិតោកំណាចអង់គ្លេស ឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីផងដែរ៕

កីឡាករ Harry Maguire បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិអង់គ្លេស

ប្រភព៖ Fox Sports Asia