ប្រជាជនកូរ៉េជាច្រើននាក់ នាំគ្នាហូបសាច់ឆ្កែ នៅចំពោះមុខក្រុមអ្នកការពារសិទ្ធិសត្វ មុខរដ្ឋសភាជាតិកូរ៉េ (មានវីដេអូ)

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៤:៣៣

កូរ៉េខាងត្បូង៖ ប្រជាជនកូរ៉េជាច្រើននាក់ ជាពិសេសក្រុមកសិករបានប្រមូលផ្តុំគ្នាហូបសាច់ឆ្កែដើម្បីធ្វើបាតុកម្មប្រឆាំងតបវិញនៅចំពោះមុខក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ។

យោងតាមប្រភពបានឱ្យដឹងថា ការធ្វើបាតុកម្មដ៏ក្តៅគគុករវាងក្រុមអ្នកការពារសិទ្ធិសត្វ និងក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ បានធ្វើឡើងនៅខាងក្រៅរដ្ឋសភាជាតិ ក្នុងទីក្រុងសេអ៊ូល កាលពីពេលថ្មីៗនេះ។

ក្នុងនោះដែរ កសិករចិញ្ចឹមឆ្កែជាច្រើននាក់ បានពាក់ក្រណាត់ក្រហមជាប់នឹងក្បាល ដោយសរសេរជាភាសាកូរ៉េមានន័យថា «រួបរួមប្រយុទ្ធ» ដើម្បីតវ៉ាប្រឆាំងក្រុមអ្នកការពារសិទ្ធិសត្វនៅខាងក្រៅអគាររដ្ឋសភា។

ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ

ចំណែកក្រុមអ្នកការពារសិទ្ធិសត្វពាក់អាវពណ៌ខ្មៅ អមជាមួយនឹងតារាសម្តែងហូលីវូដជើងចាស់ដ៏ល្បីគឺអ្នកនាង Kim Basinger បានធ្វើបាតុកម្ម បំផុសឱ្យមនុស្សម្នាបញ្ឈប់ការហូបសាច់ឆ្កែជាបន្ទាន់ ព្រោះវាគឺជារឿងដ៏ព្រៃផ្សៃ ដែលរំលោភបំពានសិទ្ធិសត្វ។

ស្របពេលគ្នានេះដែរ មានយុវជនជាច្រើនបានលើកស្លាកថា៖

«តើមានសត្វឆ្កែប៉ុន្មានលានក្បាលទៀតត្រូវងាប់ មុនពេលបញ្ឈប់ការហូបសត្វឆ្កែទាំងនេះ?»

ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ

គួររម្លឹកផងដែរថា តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចែងច្បាប់កាលពីឆ្នាំមុនថា វាគឺជារឿងខុសច្បាប់ដែលសម្លាប់សត្វឆ្កែ ស្របពេលដែលខាងក្រុមអ្នកការពារសិទ្ធិសត្វបានដាក់សម្ពាធលើរដ្ឋាភិបាលកូរ៉េចំពោះការហាមប្រាមមិនឱ្យមានការបរិភោគសត្វឆ្កែ ឬសត្វឆ្មា។

ខណៈពេលច្បាប់បានចែងថា ការសម្លាប់សត្វឆ្កែគឺល្មើសច្បាប់ ប៉ុន្តែការហូបសត្វឆ្កែគឺមិនល្មើសច្បាប់នោះទេ។ ដូច្នេះពួកកសិករបានប្រើប្រាស់ចន្លោះប្រហោងនៃច្បាប់នេះ បន្តហូបសត្វឆ្កែជាហូរហែមក។

យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា សត្វឆ្កែជាង ១លានក្បាលត្រូវបានគេហូបជារៀងរាល់ឆ្នាំក្នុងប្រទេសកូរ៉េខាងត្បូង។

គួរឱ្យដឹងផងដែរថា ការហូបសត្វឆ្កែគឺជាទំនៀមទម្លាប់របស់ប្រជាជនកូរ៉េទៅហើយ ព្រោះពួកគេយល់ថា វាជួយផ្តល់ថាមពល ប៉ូវកម្លាំងដល់ពួកគេ។ ប៉ុន្តែក្មេងៗជំនាន់ក្រោយ យល់ថាវាគឺជារឿងដ៏ខុសឆ្គង ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ក្មេងៗជំនាន់ក្រោយជាច្រើនបាននិងកំពុងតែធ្វើការតវ៉ាចំពោះរឿងនេះជាខ្លាំង។

យ៉ាងណាមិញ ការហូបសាច់ឆ្កែនៅតែជាបញ្ហាចោទសម្រាប់ប្រទេសកូរ៉េខាងត្បូង។ ជាក់ស្តែងយោងតាមការស្ទង់មតិមួយដែលបានធ្វើឡើងកាលពីឆ្នាំមុនបានបង្ហាញថា ប្រជាជនកូរ៉េ ៤៤,២% គាំទ្រការហាមប្រាមមិនឱ្យមានការសម្លាប់សត្វឆ្កែយកធ្វើជាអាហារ ខណៈពេលប្រជាជន ៤៣,៧% ប្រឆាំងនឹងរឿងនេះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកតវ៉ាការពារសិទ្ធិសត្វ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ
ក្រុមអ្នកគាំទ្រការហូបសាច់ឆ្កែ