Zlatan បង្ហើបថានឹងទៅធ្វើការនៅក្លិបធំមួយ ក្រោយពេលដែលចូលនិវត្តន៍

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:០០

អាមេរិក៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បាននិយាយថាគេអាចនឹងត្រឡប់ទៅធ្វើការជាមួយ Ajax វិញបន្ទាប់ពីការលេងរបស់គេត្រូវបានបញ្ចប់ ពោលគឺនៅពេលដែលរូបគេចូលនិវត្តន៍។

ខ្សែប្រយុទ្ធជួរមុខរបស់ស៊ុយអែតរូបនេះ កំពុងតែប្រកបអាជីពនៅលីគកំពូលរបស់អាមេរិក MLS ជាមួយក្លិប LA Galaxy ក្រោយចែកផ្លូវគ្នាជាមួយបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៨។ 

កីឡាករ Zlatan Ibrahimovic

Zlantan ដែលឈានចូលវ័យ ៣៨ឆ្នាំក្នុង ខែតុលា ខាងមុខនេះ ធ្លាប់លេងឲ្យក្លិបជើងឯកហូឡង់ Ajax អំឡុងឆ្នាំ ២០០១-២០០៤ ដោយអាចរកគ្រាប់បាល់បាន ៤៨ប្រកួត ក្នុងការបង្ហាញខ្លួនសរុប ១១០ប្រកួត។ Zlatan បានជួយឲ្យ Ajax ឈ្នះលីគកំពូលហូឡង់ Eredivisie ពីរដង និង KNVB Cup ម្ដង កំឡុងរយៈពេល ៣រដូវកាលលើទឹកដីហូឡង់ មុននឹងផ្លាស់ទៅ Juventus ក្នុងឆ្នាំ ២០០៤។ 

កីឡាករ Zlatan Ibrahimovic កាលលេងឲ្យ Ajax

Zlatan បាននិយាយថា គេនឹងអាចត្រឡប់ទៅកាន់ Ajax នាថ្ងៃណាមួយ ដោយជួយបង្កើតកីឡាករវ័យក្មេងល្អៗ សម្រាប់ក្លិបមួយនេះ។

“ជាធម្មតា ខ្ញុំមិនត្រឡប់ទៅក្លិបណាមួយដែលខ្ញុំធ្លាប់លេងហើយនោះទេ ប៉ុន្តែពេលដែលខ្ញុំបញ្ចប់អាជីពកីឡាកររបស់ខ្ញុំ ខ្ញុំអាចនឹងក្លាយជានាយកផ្នែកប្រតិបត្តិរបស់ Ajax។ ហើយខ្ញុំនឹងធ្វើឲ្យល្អជាងអ្នកដែលកំពុងធ្វើការងារនេះសព្វថ្ងៃ។“ Zlatan ថ្លែងប្រាប់ទៅកាន់ De Telegraaf។  

កីឡាករ Zlatan Ibrahimovic

ប្រភព៖ GOAL