នារីបរទេសម្នាក់ជាមួយមិត្តភក្តិរបស់នាង ត្រូវបាននារីកូរ៉េពីរនាក់ព្រួតគ្នាវ៉ៃ ដោយសារសុំក្រដាសអនាម័យនៅក្នុងបន្ទប់ទឹក

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:១៤

កូរ៉េខាងត្បូង៖ ស្រ្តីម្នាក់មកពីប្រទេសស៊ុយអែតមានឈ្មោះថា សារ៉ា ផ្លាស់មករស់នៅក្នុងប្រទេសកូរ៉េខាងត្បូងច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ សារ៉ាបានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបួសប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីហេតុការណ៍ឈឺចាប់ដែលនាងនិងមិត្តភក្តិបានជួប។

ស្នាមរបួសរបស់សារ៉ា

ប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ សារ៉ានិងមិត្តភក្តិរបស់នាងបានចូលបន្ទប់ទឹកនៅតំបន់ Itaewon។ សារ៉ាបានឈររង់ចាំមិត្តរបស់នាង នៅក្រៅបន្ទប់ទឹកជាមួយនារីកូរ៉េម្នាក់។ នារីកូរ៉េនោះក៏មានមិត្តភក្តិម្នាក់នៅក្នុងបន្ទប់ទឹកដូចគ្នា។ នៅក្នុងបន្ទប់ទឹកមិនមានក្រដាសអនាម័យគ្រប់គ្រាន់ សារ៉ាក៏បានសុំក្រដាសអនាម័យខ្លះពីនារីកូរ៉េនៅជិតនោះ ដើម្បីហុចឲ្យមិត្តភក្តិរបស់នាង។ ភ្លាមៗនោះនារីកូរ៉េនោះ ក៏ស្ទុះមកវ៉ៃក្បាល និងបោចសក់របស់សារ៉ា។ 

ស្នាមរបួសរបស់សារ៉ា

សារ៉ាបាននិយាយថា «មិត្តភក្តិរបស់នារីកូរ៉េនោះបានចេញពីបន្ទប់ រួចក៏ព្រួតគ្នាវ៉ៃខ្ញុំ។ ពួកនាងជាន់ក្បាល ខាំ និងខ្វាចមុខខ្ញុំទៀតផង។»

នៅពេលកំពុងកើតហេតុ អ្នកនៅជិតនោះបានរត់មកចាប់រុញសារ៉ានិងមិត្តភក្តិរបស់នាងចេញ ហើយព្យាយាមការពារនារីកូរ៉េទាំងពីរនាក់នោះ។  សារ៉ាបន្ដទៀតថា «នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិស ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំ ត្រូវប៉ូលិសហាមឃាត់មិនឲ្យនិយាយអ្វីទាំងអស់។ ខ្ញុំបានស្រែកសួរថា ហេតុអ្វីបានជាវ៉ៃខ្ញុំ ប៉ូលិសគិតតែបញ្ជាឲ្យខ្ញុំបិទមាត់រហូត។ ខ្ញុំពិតជាមានអារម្មណ៍ថា អយុត្តិធម៌ខ្លាំងណាស់។ នារីកូរ៉េនោះបានស្រែកដេញខ្ញុំឲ្យចេញពីប្រទេសរបស់នាងទៀតផង។»

សារ៉ាមានអារម្មណ៍នៅភ័យចំពោះហេតុការណ៍ដែលបានកើតឡើងនេះ។ នាងសឹងតែមិនជឿថាមានរឿងនេះកើតឡើងលើរូបនាង។ នាងគិតថានាងប្រហែលជាឈប់រស់នៅក្នុងប្រទេសកូរ៉េទៀតហើយ។ 

ប្រភពបានឲ្យដឹងទៀតថា សារ៉ាកំពុងសម្រាកព្យាបាលសឹងតែក្រោកពីគ្រែមិនរួច ដោយមានស្នាមរបួសពេញខ្លួន៕

សូមទស្សនារូបភាពបន្ថែម៖ 

ស្នាមរបួសរបស់សារ៉ា
ស្នាមរបួសរបស់សារ៉ា
ស្នាមរបួសរបស់សារ៉ា
របួសរបស់សារ៉ា
សារ៉ាកំពុងសម្រាកព្យាបាល