ឱ្យកូនគេងដោយឡែក ល្អដែរ ឬទេ?

  • ច័ន្ទ ១៥ កក្តដា, ២០១៩ ១៥:៣០

ការឱ្យកូនគេងដោយឡែក គឺជារឿងពេញនិយម ឬជាវប្បធម៌មួយរបស់ជនជាតិលោកខាងលិចក៏អាចថាបានដែរ តែសម្រាប់អ្នកម្តាយខ្មែរយើងវិញ មិនមែនជាទីពេញនិយមឡើយ ដោយហេតុផលដែលថា បារម្ភខ្លាចក្រែងកូនគ្មានសុវត្ថិភាព តែការពិតវិញ យើងអាចឱ្យកូនគេងដោយឡែកបានតាំងពីកូនអាយុក្រោយ ២ ខែឡើងទៅម្ល៉េះ។ 

សម្រាប់ផលប៉ះពាល់ចំពោះវិវឌ្ឍនាការផ្សេងៗរបស់ទារក ដែលគេងដោយឡែក និងគេងរួមបន្ទប់ជាមួយឪពុកម្តាយនោះ នៅមិនទាន់មានរបាយការណ៍ខាងចិត្តវិទ្យាកុមារ ឬគ្មានការវិភាគខាងវេជ្ជសាស្រ្តណាមួយអះអាងថា កុមារទាំងពីរក្រុមនេះនឹងមានវិវឌ្ឍនាការខុសប្លែកពីគ្នាឡើយ។ 

តើគួរឱ្យកូនគេងដោយឡែកបាននៅពេលណា? យើងមកតាមដានដូចតទៅ៖

- កូនវ័យទារក

អ្នកម្តាយអាចឱ្យកូនគេងដោយឡែកបាន នៅពេលអ្វីៗគ្រប់យ៉ាងត្រឹមត្រូវស្រួលបួលអស់ហើយ ពាក្យថាត្រឹមត្រូវស្រួលបួលនេះគឺ អ្នកម្តាយ និងកូនតូចបានរៀនយល់ដឹងពីគ្នាបានល្មមសមគួរ យល់ដឹងពីទង្វើរវាងគ្នា និងគ្នាហើយ ដូចជា ការបៅទឹកដោះម្តាយ ការគេងលក់ តែក្នុងអំឡុងពេលក្រោយប្រសូតភ្លាមមិនទាន់ណែនាំឱ្យកូនតូចគេងឆ្ងាយពីអ្នកម្តាយទេ ដោយសារតែបែបផែនការគេងរបស់ទារកនៅមិនទាន់ស្រួលបួលនៅឡើយ នៅបន្តិចលក់ បន្តិចភ្ញាក់ និងភ្ញាក់ញឹកញាប់ និងអ្នកម្តាយត្រូវឱ្យកូនតូចបៅទឹកដោះរៀងរាល់ ២ ម៉ោងទៀតផង។ ការឱ្យកូនគេងដោយឡែកក្នុងវ័យទារកនេះ គួរធ្វើឡើងនៅពេលកូនមានអាយុចាប់ពី ៣ ខែឡើងទៅ ព្រោះអំឡុងពេលនោះបែបផែនការគេងរបស់កូនតូចចាប់ផ្តើមស្រួលបួលឡើង និងគេងលក់បានយូរឡើង ហើយអ្នកម្តាយក៏មិនចាំបាច់ភ្ញាក់មកបំបៅទឹកដោះកូនញឹកញាប់ដែរ បានគេងសម្រាកយ៉ាងពេញទំហឹងទាំងម្តាយ ទាំងកូនតូច។

- កូនវ័យមតេ្តយ្យ

កូនវ័យមតេ្តយ្យចាប់ផ្តើមនៅជាប់ម្តាយកាន់តែតិចឡើងហើយ តែកូនតូចនៅតែត្រូវការរង្វង់ដៃឱបដ៏កក់ក្តៅ និងការទះគូទបំពេរនៅពេលខ្លះម្តងម្កាលនៅឡើយ ការគេងដោយឡែកពីម្តាយក្នុងវ័យនេះហាក់ដូចជារាងពិបាកបំផុត និងគួរធ្វើឡើងបែបសន្សឹមៗដោយការនាំកូនទៅគេងព្រមជាមួយរឿងនិទាន។ ការនិយាយរឿងនិទានមុនគេងគឺជារឿងដែលអ្នកម្តាយគួរធ្វើ និងត្រូវតែធ្វើ ព្រោះការនិយាយរឿងនិទាន គឺជាការជំរុញវិវឌ្ឍនាការខាងខួរក្បាលមួយដែលល្អបំផុត។ ការនាំកូនក្នុងវ័យនេះទៅចូលគេង គួរបើកភ្លើងឱ្យភ្លឺព្រាលៗ កុំបិទទាំងអស់ និងត្រូវស្លៀកខោទឹកនោមឱ្យកូនផង។

- កូនវ័យរៀន

កូនតូចវ័យរៀន ចាប់ផ្តើមត្រូវការទីកន្លែងផ្ទាល់ខ្លួនម្តងម្កាលហើយ ទើបមិនជាការពិបាកឡើយក្នុងការនិយាយ ដើម្បីរៀបរាប់ប្រាប់ពាក់ព័ន្ធនឹងការឱ្យគេងដោយឡែកនេះ។ ក្មេងវ័យរៀន នឹងគេងលក់រហូតដល់ព្រឹក តែកុមារវ័យនេះតែងប្រទះឃើញថា ច្រើនមានរឿងយល់សប្តិអាក្រក់ចូលមកពាក់ព័ន្ធ ដោយអាចធ្វើឱ្យកូនភ័យភ្ញាក់កណ្តាលយប់ ដូច្នេះឪពុកម្តាយត្រូវរៀបចំបន្ទប់ឱ្យមានបរិយាកាសសុវត្ថិភាព និងគួរឱ្យចង់គេង មានរបស់ដែលកូនចូលចិត្តដូចជា ខ្នើយតុក្កតា រូបតុក្កតា និងសៀវភៅដែលកូនចូលចិត្កបើកមើលញឹកញាប់ដាក់នៅក្បែរគ្រែគេងកូនផង៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia